30 C
Phnom Penh

សកម្មជនបរិស្ថានម្នាក់ចង់ជួបលោក ហ៊ុន សែន ដើម្បីបង្ហាញក្តីបារម្ភជុំវិញការលុបបឹងតាមោក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សកម្មជនបរិស្ថានម្នាក់ គ្រោងធ្វើដំណើរដោយថ្មើជើងពីរមណីយដ្ឋានវត្តភ្នំ ឆ្ពោះមកកាន់ភូមិគ្រឹះលោក ហ៊ុន សែន ក្បែរវិមានឯករាជ្យ ក្នុងបំណងចង់ជួបប្រមុខដឹកនាំរូបនេះ ប្រាប់ពីក្តីកង្វល់របស់ខ្លួនជុំវិញការលុបបឹងតាមោក។

ទំព័រហ្វេសប៊ុករបស់ចលនាមាតាធម្មជាតិ នៅថ្ងៃទី១ខែកញ្ញានេះ បានឱ្យដឹងថា ពលរដ្ឋខ្មែរប្រហែលជាធ្លាប់បានដឹងរួចមកហើយ អំពីការលុបបឹងតាមោក ឬបឹងទំនប់កប់ស្រូវ ដែលជាបឹងធម្មជាតិដ៏ធំចុងក្រោយគេនៅរាជធានីភ្នំពេញ។

នៅថ្ងៃទី ៣ខែកញ្ញា ខាងមុខនេះ សកម្មជនបរិស្ថានម្នាក់គឺ យុវតី ឡុង គន្ធា នឹងធ្វើដំណើរដោយថ្មើជើងចេញពីវត្តភ្នំនៅម៉ោង១១ ព្រឹក ឆ្ពោះទៅភូមិគ្រឹះលោក ហ៊ុន សែន ក្បែរវិមានឯករាជ្យ។ ប្រភពដដែលបន្តថា ការធ្វើដំណើរនោះ កញ្ញា ឡុង គន្ធា នឹងស្លៀកពាក់ពណ៌ ស ដើម្បីស្នើជួបលោក ហ៊ុន សែន ដោយផ្ទាល់ក្នុងគោលបំណងបង្ហាញពីក្តីបារម្ភមួយចំនួនជុំវិញការលុបបឹងតាមោក ក៏ដូចជាបញ្ហាជន់លិចទឹកក្នុងរាជធានីភ្នំពេញ នៅពេលមានភ្លៀងធ្លាក់ម្តងៗ។ លើសពីនេះ នឹងលើកឡើងពីផលប៉ះពាល់ចំពោះបរិស្ថាន ការបាត់បង់ជម្រកសត្វស្លាប រួមជាមួយជីវៈចម្រុះក្នុងបឹងតាមោកជាដើម។

កាលពីដើមខែកុម្ភៈ ឆ្នាំ២០១៦ រដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យស្ដីពីការកំណត់ផ្ទៃបឹងតាមោកដាក់ជាសម្បតិ្តរបស់រដ្ឋ ដែលមានផ្ទៃដីសរុបជាង៣ពាន់ហិកតា (៣២៣៩) សម្រាប់ស្តុកទឹកកខ្វក់ និងរំដោះទឹកចេញពីរាជធានីភ្នំពេញ។

យ៉ាងនេះក្តី ចាប់តាំងពីចុងឆ្នាំ២០១៨ ផ្ទៃបឹងតាមោកដែលរដ្ឋាភិបាលជាអ្នកកំណត់ដាក់ជាសម្បត្តិរដ្ឋខ្លួនឯងនោះ រដ្ឋាភិបាលលោក ហ៊ុន សែន ក៏ជាអ្នកសម្រេចយល់ព្រមកាត់ផ្នែកខ្លះនៃបឹងនេះទៅឱ្យវិស័យឯកជន និងរដ្ឋ ជាបន្តបន្ទាប់ ក្រោមស្លាកអភិវឌ្ឍ ចំនួន៤លើករួចមកហើយ ដោយសរុបទំហំកាត់ផ្ទៃបឹងទាំងនោះមានចំនួនជាង៥រយហិកតា។ កាលពីថ្ងៃទី២៦ខែធ្នូឆ្នាំ២០១៩ សមាគមធាងត្នោត បានចេញរបាយការណ៍មួយបង្ហាញថា បឹងធម្មជាតិ និងតំបន់ដីសើមទាំងអស់នៅរាជធានីភ្នំពេញកំពុងប្រឈមចាក់ដីលុបអស់ទាំងស្រុង និងដោយផ្នែក។

របាយការណ៍បញ្ជាក់ថា គិតចាប់ពីឆ្នាំ១៩៩០មក បឹងនៅរាជធានីភ្នំពេញមានចំនួន២៦ ដោយក្នុងចំណោមនោះ បឹងចំនួន ១៦ ត្រូវបានលុបទាំងស្រុង។ រីឯបឹងចំនួន១០ទៀត ដែលនៅសល់កំពុងរងការចាក់ដីលុបជាបណ្តើរៗឈានទៅបាត់រូបរាងទាំងស្រុងនៅពេលខាងមុខ ក្រោមឆ័ត្រនៃការអភិវឌ្ឍន៍នាសម័យតេជោ ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស