ក្នុងខួប៣ឆ្នាំនៃការចាប់ខ្លួននៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០នេះ ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានលើកឡើងថា រយៈពេល៣ឆ្នាំមកនេះ តុលាការនៅតែគ្មានភស្តុតាងជាក់លាក់ និងគ្រប់គ្រាន់ដើម្បីដាក់បន្ទុកលើរូបលោកនោះឡើយ។ លោកទាមទារឱ្យតុលាការទម្លាក់ចោលរាល់ការចោទប្រកាន់ទៅលើរូបលោក ។
លោក កឹម សុខា បានលើកឡើងនៅលើទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃពុធនេះថា អស់រយៈពេលបីឆ្នាំហើយ ដែលលោកបាត់បង់នូវសិទ្ធិសេរីភាព ពិសេសសិទ្ធិធ្វើនយោបាយ ដើម្បីបម្រើប្រទេសជាតិ និងប្រជាពលរដ្ឋខ្មែរ។
លោកបន្តថា តាមរយៈការប្រឈមនឹងស្ថានភាពពិភពលោកកំពុងតែជួបប្រទះការរីករាលដាលជំងឺកូវីដ១៩ និងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ កម្ពុជា ត្រូវការជាចាំបាច់នូវការបោះជំហានជាវិជ្ជមាន ជាជាងការជាប់មន្ទិលសង្ស័យនៃភាពអវិជ្ជមានណាមួយ។
លោកថា ក្នុងកាលៈទេសៈនេះ សិទ្ធិសេរីភាពពេញលេញ ដើម្បីបានចូលរួមបម្រើជាតិមាតុភូមិ និងប្រជាពលរដ្ឋខ្មែរ ជាពិសេសចូលរួមរកដំណោះស្រាយទៅលើបញ្ហាប្រឈមដ៏សំខាន់បំផុត គឺជីវភាពប្រជាពលរដ្ឋខ្មែរ ដែលរងផលប៉ះពាល់ដោយសារបញ្ហាសេដ្ឋកិច្ចកម្ពុជាផ្ទាល់ និងឥទ្ធិពលវិបត្តិសេដ្ឋកិច្ចពិភពលោកផង។
ប្រធានអតីតគណបក្សសង្រ្គោះជាតិរូបនេះអះអាងថា តាមសវនាការនៅតុលាការកន្លងមក លោកមើលឃើញថា តុលាការមិនមានភស្តុតាងដាក់បន្ទុកជាក់លាក់ និងគ្រប់គ្រាន់ ដែលអាចចោទរូបលោកថា បានប្រព្រឹត្តបទល្មើសដូចការចោទប្រកាន់នោះទេ។
លើសពីនេះ លោក កឹម សុខា អះអាងថា លោកធ្លាប់បញ្ជាក់ច្បាស់ និងបង្ហាញចប់សព្វគ្រប់រួចទៅហើយថា ទាំងអតីត បច្ចុប្បន្ន និងទៅអនាគត លោកមិនមានចេតនា មិនបានប្រព្រឹត្ត និងមិនគាំទ្រនូវអំពើទាំងឡាយណា ដែលនាំឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រទេសកម្ពុជា និងពលរដ្ឋខ្មែរជាដាច់ខាត។
ម្យ៉ាងទៀត លោកជឿជាក់ថា ទាំងមតិជាតិ និងអន្តរជាតិ ជាពិសេស សមត្ថកិច្ច ថ្នាក់ដឹកនាំ ព្រមទាំងចៅក្រម ផងដែរ ក៏បានយល់និងទទួលស្គាល់ ថាលោកមិនមានចេតនា មិនបានប្រព្រឹត្ត និងមិនគាំទ្រនូវអំពើហិង្សានោះឡើយ។
ឈរលើស្មារតីទាំងនេះ រួមទាំងស្មារតីផ្សះផ្សាជាតិនិង បង្រួមបង្រួមជាតិ លោក កឹម សុខា ទាមទារឱ្យតុលាការពិចារណាទម្លាក់ចោលបទចោទប្រកាន់មកលើរូបលោក និងផ្តល់សិទ្ធិសេរីភាពពេញលេញ ដើម្បីឲ្យប្រធានមេបក្សប្រឆាំងរូបនេះអាចបន្តចូលរួមបម្រើជាតិ និងប្រជាពលរដ្ឋខ្មែរ ក្រោមដំបូលរដ្ឋធម្មនុញ្ញកម្ពុជា ក្នុងកាលៈទេសៈបច្ចុប្បន្ន និងទៅអនាគត។
លោក កឹម សុខា ត្រូវសមត្ថកិច្ចចាប់ខ្លួនកាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ មុនការបោះឆ្នោតជាតិដ៏ធំចូលមកដល់ ក្រោមបទចោទចេញពីមាត់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ថាក្បត់ជាតិ។ លោកត្រូវបាន បញ្ជូនទៅឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុងក្នុងខេត្តត្បូងឃ្មុំ ជាប់ព្រំដែនវៀតណាម ក្រោយមកតុលាការបានចោទប្រកាន់លោកពីបទ សន្និដ្ឋិភាពជាមួយបរទេស ឬត្រូវរ៉ូវជាមួយបរទេស ប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលដែលមានសហរដ្ឋអាមេរិកនៅពីក្រោយខ្នង។
មួយឆ្នាំក្រោយមក លោកកឹម សុខា ត្រូវបានប្តូរមកឃុំខ្លួនក្នុងផ្ទះរបស់លោកនាក្រុងភ្នំពេញ ប្រមាណ១ឆ្នាំទៀត មុនពេលតុលាការសម្រេចផ្តល់សេរីភាពច្រើនជាងមុនដល់លោកកាលពីខែវិច្ឆិកាឆ្នាំ២០១៩ ប៉ុន្តែលោកត្រូវហាមមិនឱ្យធ្វើសកម្មភាពនយោបាយ និងហាមចេញទៅក្រៅប្រទេស។
កាលពីថ្ងៃទី១២ ខែមិនា បន្ទាប់ពីចូលរួមសវនាការក្តីលោក កឹម សុខា ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា លោក Patrick Murphy បានលើកឡើងថាលោកមិនពេញចិត្តចំពោះរដ្ឋាភិបាលកម្ពុជា ដែលចោទថា អាមេរិកនៅពីក្រោយលោក កឹម សុខា ចង់ផ្តួលរំលំរដ្ឋាភិបាល។ លោកថា នេះគឺជារឿងមិនពិត ហើយគឺជាការប្រឌិតឡើងដោយព្រះរាជអាជ្ញាថែមទៀតផង។
កន្លងមកសហរដ្ឋអាមេរិក ក៏បានឈានមុខគេក្នុងការថ្កោលទោសលើសំណុំរឿងប្រធានគណបក្សសង្រ្គោះជាតិលោកកឹម សុខា ដោយថាជារឿងអយុត្តិធម៌ និងគ្មានភស្តុតាងអ្វីទាំងអស់។ យ៉ាងនេះក្តី ស្ទើររាល់ការលើកឡើងរបស់អាមេរិកពាក់ព័ន្ធសំណុំរឿងនេះត្រូវបាន ខាងរដ្ឋាភិបាលលោកហ៊ុន សែន តែងប្រតិកម្មតបវិញថាជាការជ្រៀតជ្រែកកិច្ចការអនុវត្តច្បាប់ និងជាការធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ប្រព័ន្ធតុលាការនៅកម្ពុជាផងដែរ។
សហភាពអឺរ៉ុបកាលពីចុងខែសីហា បានលើកឡើងដោយសង្ឃឹមថា តុលាការក្រុងភ្នំពេញ នឹងដោះលែងប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា ព្រមទាំងផ្តល់សិទ្ធិសេរីភាពទាំងស្រុង ពិសេសសិទ្ធិធ្វើនយោបាយដល់គាត់វិញ។
អឺរ៉ុបកាលពីថ្ងៃទី ១២ ខែសីហា បានអនុម័តជាផ្លូវការក្នុងការអនុត្តនីតិវិធីដកប្រព័ន្ធអនុគ្រោះពន្ធ EBA ២០%ពីកម្ពុជា ក្រោយពេលពួកគេមើលឃើញថារដ្ឋាភិបាលលោកហ៊ុន សែន មិនបានធ្វើឱ្យប្រសើរឡើយ នូវស្ថានភាពរំលោភសិទ្ធិមនុស្ស សិទ្ធិការងារ និងសិទ្ធិនយោបាយនៅកម្ពុជា។
យ៉ាងនេះក្តី អឺរ៉ុបបង្ហើបថា កម្ពុជានឹងមានឱកាសទទួលបានប្រយោជន៍ពីប្រព័ន្ធអនុគ្រោះពន្ធ EBA ពេញលេញវិញ នៅពេលដែលអឺរ៉ុបមើលឃើញថាកម្ពុជាបានដើរនៅលើគន្លងលទ្ធិប្រជាធិបតេយ្យ មានការគោរពសិទ្ធិមនុស្ស និងសិទ្ធិការងារត្រឹមត្រូវហើយនោះ៕