31 C
Phnom Penh

អតីតមេគុកទួលស្លែង លោក កាំង ហ្គេកអ៊ាវ ហៅ ឌុច ទទួលមរណៈភាព ក្រោយអនុវត្តទោសបានជាង៧ ឆ្នាំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីតប្រធានមន្ទីរ ស ២១ ឬ គុកទួលស្លែង ក្នុងសម័យខ្មែរក្រហម លោកកាំង ហ្គេកអ៊ាវ ហៅ ឌុច ទទួលមរណៈភាពហើយ ក្រោយបញ្ជូនមកមន្ទីរពេទ្យបានពីរថ្ងៃ និងបន្ទាប់ពីលោកបានអនុវត្តទោសនៅក្នុងពន្ធនាគារខេត្តកណ្តាលបានរយៈពេលជាង៧ឆ្នាំ ខណៈតុលាការខ្មែរក្រហមបានសម្រេចផ្តន្ទាទោសលោកដាក់គុកអស់មួយជីវិត។

លោកឌុច ត្រូវបានមន្ត្រីពន្ធនាគារខេត្តកណ្តាលបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត កាលពីយប់ថ្ងៃទី៣១ សីហា ក្រោយពេលមានអាការៈធ្ងន់ធ្ងរ។

អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម លោក នេត្រ ភក្ត្រា ឱ្យដឹងថាលោកកាំង ហ្គេកអ៊ាវ ហៅ ឌុច បានទទួលមរណៈភាពកាលពីវេលាម៉ោង ជិត១ យប់ ឈានចូលថ្ងៃទី២ ខែកញ្ញា នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ឬ ពេទ្យរុស្ស៊ី។

ដោយឡែកអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកណ្ដាលបានចេញសេចក្តីប្រកាសព័ត៌មានមួយ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០អំពីមូលហេតុដែលបណ្តាលឱ្យ ទណ្ឌិត កាំង ហ្កេកអ៊ាវ ហៅ ឌុច ទទួលមរណៈភាព។

សេចក្តីប្រកាសព័ត៌មាននេះ បានឱ្យដឹងថា ក្រោមការដឹកនាំរបស់អយ្យការ អមសាលាដំបូងខេត្តកណ្ដាល ដោយមានការចូលរួមជាមួយមន្ត្រីពន្ធនាគារ មន្ត្រីសុខាភិបាល ក្រុមគ្រូពេទ្យកោសលវិច័យ និងមន្ត្រីពាក់ព័ន្ធទាំងអស់ បានអង្កេតលើករណីមរណភាពរបស់ទណ្ឌិតរូបនេះ។

ជាលទ្ធផលទទួលបានបង្ហាញថា ការស្លាប់របស់លោក ឌុច បណ្ដាលមកពីជំងឺប្រចាំកាយ គឺជំងឺរលាកទងសួត និងជំងឺសួតធ្ងន់ធ្ងរ។ ក្រោយពីពិនិត្យចប់សព្វគ្រប់មន្ត្រី ជំនាញទាំងអស់បានធ្វើការប្រគល់សាកសព ទៅឱ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។

អ្នកនាំពាក្យអយ្យការ អមសាលាដំបូងខេត្តកណ្ដាល បានឲ្យដឹងថា អតីតមេគុកទួលស្លែងក្នុងរបបខ្មែរក្រហម កើតនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ១៩៤២ នៅភូមិពៅវើយ ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ សញ្ជាតិខ្មែរ មុខរបរជាអតីតគ្រូបង្រៀន ជាអតីតប្រធានមន្ទីរសន្តិសុខ ស-២១ អំឡុងរបបកម្ពុជាប្រជាធិបតេយ្យ ឬសម័យខ្មែរក្រហម។

ប្រភពដដែលបន្តថា លោកត្រូវបានចាប់ និងឃុំខ្លួន នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ១៩៩៩ ហើយនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០០៧ លោកត្រូវបានគេផ្ទេរមកឃុំខ្លួន ក្នុងមន្ទីរឃុំឃាំងនៃអង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា ឬហៅកាត់ថា អ.វ.ត.ក ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ កម្រិតទោសមួយជីវិត។

នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១២ អង្គជំនុំជម្រះតុលាការកំពូលកូនកាត់មួយនេះ បានចេញសាលដីកាសម្រេចផ្តន្ទាទោស កាំង ហ្កេកអ៊ាវ ហៅ ឌុច ដាក់ពន្ធនាគារអស់មួយជីវិត សម្រាប់តួនាទីពីអនុប្រធាន ហើយក្លាយជាប្រធានមន្ទីរ ស-២១ នៅទីក្រុងភ្នំពេញ អំឡុងពីថ្ងៃ១៧ មេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ មករា ឆ្នាំ១៩៧៩។។ គាត់ត្រូវបានបញ្ជូនមកឃុំខ្លួននៅពន្ធនាគារខេត្តកណ្ដាល កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៣ ដើម្បីអនុវត្តទោស។

អ្នកនាំពាក្យតុលាការខេត្តកណ្តាលដដែល បញ្ជាក់ថាគិតមកដល់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០ ទណ្ឌិត កាំង ហ្កេកអ៊ាវ ហៅ ឌុច ត្រូវបានឃុំខ្លួននៅពន្ធនាគារខេត្តកណ្ដាល អស់រយៈពេល ៧ឆ្នាំ ២ខែ និង២៥ថ្ងៃ ។

ក្រោមការអនុវត្តទោសនៅពន្ធនាគារខេត្តកណ្ដាល ទណ្ឌិត កាំង ហ្កេកអ៊ាវ ហៅ ឌុច ស្ថិតក្នុងសភាពទន់ខ្សោយ ជាមនុស្សចាស់ជរាក្នុងវ័យ៧៨ឆ្នាំ ដែលសុខភាពរបស់គាត់ស្ថិតក្នុងសភាពចុះទ្រុឌទ្រោមខ្លាំង។ លើសពីនេះ លោកឌុច ទទួលរងបញ្ហាសុខភាពរាំរៃជាច្រើន ហើយលោកធ្លាប់ត្រូវបានបញ្ជូនទៅពិនិត្យព្យាបាលនៅមន្ទីរពេទ្យ ក្រៅពន្ធនាគារចំនួន៤លើករួចមកហើយ ចាប់តាំងពីឆ្នាំ២០១៨មក។

អង្គជំនុំជម្រះតុលាការកូនកាត់ខ្មែរក្រហម បានចោទប្រកាន់ ឌុច ពីបទ«ប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើអនុសញ្ញាក្រុងហ្សឺណែវឆ្នាំ១៩៤៩ ក្នុងនាមជាអ្នកទទួលខុសត្រូវលើអតីតមន្ទីរសន្តិសុខស-២១ ឬ គុកទួលស្លែង។

អំឡុងពេលទទួលខុសត្រូវនៅគុកសម្ងាត់របស់ខ្មែរក្រហមមួយនេះ  គេដឹងថាមានមនុស្សយ៉ាងហោចណាស់១ម៉ឺន ២ពាន់នាក់ ត្រូវបានចាប់ខ្លួនមកឃុំឃាំង និងសួរចម្លើយនៅក្នុងគុកទួលស្លែង ដោយភាគច្រើនលើសលុបនៃអ្នកជាប់ឃុំត្រូវបានយកទៅសម្លាប់នៅតំបន់វាលវិឃាដ បឹងជើងឯក ជាយក្រុងភ្នំពេញ៕ 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស