កម្មកររោងចក្រ ពីរដាច់ដោយឡែកពីគ្នា ដោយមួយនៅខេត្តសៀមរាប និងមួយទៀតនៅរាជធានីភ្នំពេញ បានប្រមូលផ្តុំគ្នាតវ៉ាទាមទារឱ្យភាគីពាក់ព័ន្ធដោះស្រាយវិវាទការងាររបស់ពួកគាត់។
កម្មកររោងចក្រ រ៉េសាញ ខ្លូស៊ីង (RAY SHINE CLOTHING) នៅខណ្ឌកំបូល រាជធានីភ្នំពេញ រាប់សិបនាក់ បានប្រមូលផ្តុំគ្នាតវ៉ាមុខក្រសួងការងារ នៅថ្ងៃទី២ខែកញ្ញានេះ ទាមទារក្រសួងពន្លឿនការដោះស្រាយវិវាទការងាររបស់ពួកគេ បន្ទាប់ពីថៅកែរោងចក្ររត់ចោល ដោយមិនបានបើកប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗជូនពួកគេ។
ការតវ៉ា និងដាក់ញ្ញត្តិនៅក្រសួងការងារជាថ្មីទៀតនេះ បន្ទាប់ពីក្រសួងនៅមិនទាន់អាចរកដំណោះស្រាយជូនកម្មករ-កម្មការិនី រោងចក្រនេះ បាននៅឡើយ ដែលធ្វើឱ្យពួកគាត់ត្រូវបន្តរស់នៅប្រឈមក្នុងជីវភាពប្រចាំថ្ងៃ ម្យ៉ាងស្របពេលរដូវបុណ្យភ្ជុំបិណ្ឌដែលធ្វើឱ្យពួកគេគ្មានប្រាក់ទៅលេងស្រុកកំណើតជួបជុំក្រុមគ្រួសារនោះឡើយ។
កម្មករ បាននាំគ្នាតវ៉ា ទាមទារដំណោះស្រាយបញ្ហាថៅកែរត់ចោលដោយគ្មានប្រាក់សំណង និងប្រាក់ខែនេះកើតឡើងតាំងពីថ្ងៃទី១០ ខែសីហាមក រហូតជំរុញឱ្យពួកគាត់នាំគ្នាដេកយាមមុខរោងចក្រ ដោយខ្លាចថៅកែដឹកឥវ៉ាន់ និងសម្ភារៈចេញអស់។
ក្នុងការតវ៉ានោះ ក៏មានការលើកបដា សរសេរស្នើឱ្យប្រមុខរដ្ឋាភិបាលលោកហ៊ុន សែន និងខាងក្រសួងការងារដោះស្រាយបញ្ហាប្រឈមរបស់ពួកគេនេះ ព្រោះការពន្យាពេលកាន់តែយូរកម្មករនឹងជួបការលំបាកកាន់តែធ្ងន់ធ្ងរ។ រោងចក្រ រ៉េសាញ ខ្លូស៊ីង (RAY SHINE CLOTHING) ជារោងចក្រផលិតសម្លៀកបំពាក់មានថៅកែជាជនជាតិចិន និងមានកម្មករជាង៣០០នាក់។
ក្រុមកម្មករនាំគ្នានិយាយថា ថៅកែរោងចក្រនៅជំពាក់ប្រាក់ឈ្នួល កម្មករចំនួន ១ខែ១០ថ្ងៃ ប្រាក់ដំណាច់ឆ្នាំ ប្រាក់៥% ប្រាក់ថែមម៉ោង និងប្រាក់ថ្លៃបាយ ដែលសរុបជាទឹកប្រាក់ប្រមាណពី ៣០០ដុល្លារទៅ៥០០ដុល្លារសម្រាប់កម្មករម្នាក់។
ដោយឡែក នៅថ្ងៃទី២ខែកញ្ញាដដែលនេះ កម្មករនិយោជិតដែលបម្រើការងារនៅរោងចក្រផេកធីក (Pactics Cambodia) នៅឯខេត្តសៀមរាបនោះ ក៏បាននាំគ្នាបន្តធ្វើកូដកម្មមិនចូលធ្វើការ ដើម្បីទាមទារលក្ខខណ្ឌការងារមួយចំនួន។
ទំព័រហ្វេសប៊ុកសហជីពឯករាជ្យសាមគ្គីនិយោជិតនៃរោងចក្រផេកធីក បានផ្សាយផ្ទាល់នៅថ្ងៃពុធនេះ អំពីសកម្មភាពតវ៉ារបស់កម្មករ កម្មការិនី រាប់សិបនាក់ នៅខាងមុខរោងចក្រដើម្បីទាមទារឱ្យក្រុមហ៊ុន ទទួលយកលោក ម៉េត រ៉ាត ដែលជាប្រធានសហជីពឯករាជ្យសាមគ្គីនិយោជិត និងលោក ពឹង ទាវ ជាសកម្មជនសហជីពឱ្យចូលធ្វើការងារវិញ។ លើសពីនេះទាមទារឱ្យថៅកែសងរំលឹកប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងទៀតដល់ពួកគាត់ ដោយគិតចាប់តាំងពីភាគីរោងចក្របានបញ្ឈប់ពួកគាត់រហូតដល់ថ្ងៃពួកគេចូលធ្វើវិញ។
រីឯចំណុចពីរផ្សេងទៀត ដែលក្រុមកម្មករបានទាមទារកន្លងមក ខាងភាគីថៅកែរោងចក្រផេកធីក បានសន្យាអនុវត្តតាមច្បាប់ការងារ និងតាមសេចក្តីបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល។
ការតវ៉ារបស់កម្មករបានកើតឡើងតាំងពីខែសីហាមក។ រោងចក្រផេកធីក ជារោងចក្រផលិតវ៉ែនតា ការបូបស្ពាយ កាបូបទិញអីវ៉ាន់ ផលិតសម្លៀកបំពាក់ វ៉ាលី ដោយផលិតផលទាំងនោះត្រូវនាំចេញទៅសហរដ្ឋអាមេរិក សហភាពអឺរ៉ុប។
កាលពីថ្ងៃម្សិលមិញ មន្ត្រីសិទ្ធិការងារនៃអង្គការសង់ត្រាល់ លោក ឃុន ថារ៉ូ បានជំរុញឱ្យរដ្ឋាភិបាលចាត់វិធានការជំរុញឱ្យភាគីរោងចក្រអនុវត្តតាមសេចក្តីបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល ព្រោះកម្មករប្រមាណ៣០០នាក់ កំពុងប្រឈមបញ្ហាជីវភាព។
លើសពីនេះ រដ្ឋាភិបាលគប្បីជំរុញទៅភាគីរោងចក្រឱ្យទទួលយកថ្នាក់ដឹកនាំសហជីព និងសកម្មជនសហជីព ឱ្យចូលធ្វើការងារវិញដើម្បីបង្ហាញថាភាគីថៅកែ និងរដ្ឋាភិបាល ពិតជាចូលរួមលើកកម្ពស់សិទ្ធិក្នុងការចូលរួមរបស់សហជីព ដោយសេរី និងយុត្តិធម៌៕