29.3 C
Phnom Penh

ក្រសួងការពារជាតិអាមេរិកថាចិនរៀបចំផែនការចង់លើកទ័ពកាន់កាប់កោះ តៃវ៉ាន់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តៃវ៉ាន់ដែលជាដែនដីកោះមួយនៅអាស៊ីខាងកើត កំពុងតែប្រឈមនឹងការគំរាមលើកទ័ពលុកលុយពីសំណាក់កងទ័ពប្រជាជនចិន។ ដែនដីកោះមួយនេះ បានបែកចេញពីការគ្រប់គ្រងរបស់ក្រុងប៉េកាំង នៅឆ្នាំ១៩៤៩ ដោយសារសង្រ្គាមស៊ីវិល។

ដែនកោះនេះ តែងតែរកគំរាមកំហែងពីប្រទេសចិន ដោយ គំរាមលើកទ័ពចូលកាន់កាប់តៃវ៉ាន់ បើនៅតែមិនទទួលយកគោលនយោបាយ ប្រទេសមួយប្រព័ន្ធដូចនឹងទីក្រុងហុងកុង។ តែយ៉ាងណា តៃវ៉ាន់ ក៏មានរដ្ឋាភិបាល មានអាជ្ញាធរដែនដី មានស្ថាប័នជាតិធំៗ ដូចជាក្រសួងការពារជាតិ ជាដើម ។ នេះហើយ ដែលក្រុងប៉េកាំង គិតថា តៃវ៉ាន់នឹងងាយក្លាយជារដ្ឋឯករាជ្យ បើប្រទេសជាច្រើនកាន់តែមានទំនាក់ទំនងនិងជិតស្និទ្ធនឹងតៃវ៉ាន់។

សម្រាប់អ្នកស្រីសាយអ៊ឹងវិន ក្នុងនាមជាប្រធានាធិបតីបានច្រានចោល ការបង្ខំអោយតៃវ៉ាន់ ទទួលយកគោលនយោបាយ ប្រទេសមួយប្រព័ន្ធគ្រប់គ្រង២ ពីប្រទេសចិន។

ការច្រានចោលនេះ ហើយ ដែលធ្វើអោយចិន ព្យាយាមគំរាមតៃវ៉ាន់ ដោយការប្រើកម្លាំងទ័ពវាយចូលកាន់កាប់ទោះបីអាមេរិក គំរាមថានឹងអន្តរាគមន៍ជួយតៃវ៉ាន់ក៏ដោយ។

នៅថ្ងៃទី២កញ្ញានេះ ក្រសួងការពារជាតិសហរដ្ឋអាមេរិក បានបញ្ចេញរបាយការណ៍វិស័យការពារជាតិរបស់ខ្លួនសម្រាប់ឆ្នាំ២០២០ ដោយបង្ហើបអោយដឹងថា ក្រុងប៉េកាំងកំពុងរៀបចំផែនការ ដើម្បីលើកទ័ពចូលកាន់កាប់តៃវ៉ាន់តែម្ដង គឺគ្មានផ្លូវចរចាជាមួយអាជ្ញាធរក្រុងតៃប៉ីះនោះទេ។

ក្នុងរបាយការណ៍របស់ ក្រសួងការពារជាតិអាមេរិកដែលត្រូវបានចុះផ្សាយដោយគេហទំព័រសារព័ត៌មានTaiwan News.com បានបង្ហាញថា ក្រុងប៉េកាំង បានរៀបចំរួចហើយ អំពីការប្រើកម្លាំងទ័ពដោយប្ដេជ្ញាថា នឹងវាយលុកហើយចូលកាន់កាប់កោះតៃវ៉ាន់អោយបានបើសង្រ្គាមផ្ទុះឡើង។

របាយការណ៍ កម្រាស២០០ទំព័រ រៀបចំដោយក្រសួងពារជាតិអាមេរិក អោយដឹងទៀតថា បើធៀប នឹងការចំណាយលើវិស័យការពារជាតិ គឺចិនមានលើសតៃវ៉ាន់ដល់ទៅ១៥ដង ហើយមានកងទ័ពប្រយុទ្ធជាង២លាននាក់។

របាយការណ៍នេះ បន្តថា ចិនបានចាត់ទុកដែនដីកោះតៃវ៉ាន់ គឺជាតំបន់មួយគំរាមកំហែង លើដែនអធិបតេយ្យរបស់ចិនព្រោះតៃវ៉ាន មានសម្ព័ន្ធភាព ការពារជាតិជាមួយសហរដ្ឋអាមេរិក ។

ចំណែកឯយុទ្ធវិធីដែលចិនលើកកងទ័ពចូលកាន់កាប់កោះតៃវ៉ាន់ គឺកងទ័ពចិន នឹងវាយបិទច្រកសមុទ្រតៃវ៉ាន់ដោយប្រើនាវានិងយន្តហោះ ចម្បាំងរាប់សិបគ្រឿង វាយសន្ទប់តែម្ដង។ តាមប្រភពដដែលនេះ កងទ័ពចិន បានត្រៀមរួចរាល់ហើយដើម្បីវាយកាន់កាប់កោះតៃវ៉ាន់ ប៉ុន្តែស្ទាក់ស្ទើរ ដោយសារតែខ្លាចមានអន្តរាគមន៍ដោយកងទ័ពបរទេស ។តែកងទ័ពចិនពិតជាមានសមត្ថភាពវាយកាន់កាប់តៃវ៉ាន់បានដោយការប្រើកម្លាំងទំហំតូចប៉ុណ្ណោះគឺគ្រាន់តែចិន ញញើតត្រង់ថា អាវុធដែលតៃវ៉ាន់មានក្នុងដៃ គឺជារបស់អាមេរិក។

ក្រុងប៉េកាំងនៅតែចាត់ទុកថា តៃវ៉ាន់ជាដែនដីចំណុះរបស់សាធារណរដ្ឋប្រជាមានិតចិន ក្រោមគោលនយោបាយចិនតែមួយ។ បច្ចុប្បន្ននេះ គោលនយោបាយចិន ត្រូវបានប្រទេសចំនួន១៧ក្នុងចំណោមរដ្ឋអធិបតេយ្យទាំង១៩៣ក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ ប្រកាសជាចំហក្នុងការគាំទ្រតៃវ៉ាន់។ ប្រទេសទាំងនោះភាគច្រើនជាដែនកោះដូចតៃវ៉ាន់ដែរ។

សម្រាប់សហរដ្ឋអាមេរិក តាមរយៈ ឧបការីក្រសួងការបរទេសអាមេរិក David Stilwell  ប្រកាសថា សហរដ្ឋអាមេរិក ទោះកាលៈទេសណាក៏ដោយ គឺនៅតែបន្តជួយតៃវ៉ាន់ក្នុងការធ្វើអោយមានតុល្យភាពជាមួយនឹងចិន ដោយលើកទឹកចិត្តក្រុងតៃប៉ិៈមិនអោយខ្លាចការសម្លុតគំរាមកំហែង ពីសំណាក់ប្រទេសកុម្មុយនិស្តចិនឡើយ។

ដូចនោះហើយបានជាគេឃើញថា តៃវ៉ាន់បានពង្រឹងកម្លាំងយោធារបស់ខ្លួនដោយហ៊ានបើកធ្វើសមយុទ្ធមួយដោយដាក់ឈ្មោះថាសមយុទ្ធប្រឆាំងនឹងការលុកលុយពីសំណាក់ប្រទេសចិន កាលពីពាក់កណ្ដាលខែកក្កដា។

សមយុទ្ធនោះទៀតសោតជាសមយុទ្ធបាញ់គ្រាប់ពិតប្រើប្រាស់កម្លាំងទ័ពកងទ័ព ៨ពាន់នាក់ទាំងទាហានជើងគោក ជើងទឹក និងជើងអាកាស។រីឯ យន្ដហោះចម្បាំងប្រើច្រើន F-16 របស់អាមេរិក គ្រាប់មីស៊ីល 18 MK-48 Mod6 និងយន្ដហោះចម្បាំងផលិតនៅក្នុងស្រុក Ching-kuo រួមទាំងរថក្រោះជាច្រើនគ្រឿង ដោយបានបាញ់គ្រាប់ពិត កម្ទេចចំគោលដៅយ៉ាងល្អឥតខ្ចោះ។

សមយុទ្ធនោះត្រូវបានគេមើលឃើញថាមាន សហរដ្ឋអាមេរិកនៅពីក្រោយព្រោះតៃវ៉ាន់ធ្វើសមយុទ្ធនេះក្រោយតែប៉ុន្មានថ្ងៃដែលសហរដ្ឋអាមេរិកប្រកាសយល់ព្រមជាផ្លូវការ ជួយអភិវឌ្ឍសមត្ថភាព គ្រាប់មីស៊ីលPatriot សម្រាប់វាយប្រហារពីផ្ទៃដីទៅលើអាកាស ឲ្យកោះតៃវ៉ាន់។

សមត្ថភាពយោធារបស់តៃវ៉ាន់ត្រូវបានពង្រឹងកាន់តែខ្លាំងឡើងតាំងពីបំបែកខ្លួនពីចិននៅឆ្នាំ១៩៤៩។ តាំងពីពេលដែលកោះនេះផ្ដាច់ខ្លួនពីចិនមកគេឃើញថាក្នុងចំណោមមេដឹកនាំ តៃវ៉ាន់ទាំងអស់គឺមានតែ អ្នកស្រីសាយអឹងវិនបានប្រកាសក្ដែងៗថា ខ្លួនជារដ្ឋាភិបាលឯករាជ្យដែលនាំកោះតៃវ៉ាន់ជាដែនកោះឯករាជ្យ ទោះបីជាប្រធានាធិបតីស៊ីជីងពីន ប្រកាសថាបើកាលណាតៃវ៉ាន់ប្រកាសឯករាជ្យនោះគឺចិននឹងធ្វើការវាយលុកតែម្ដង។ ប៉ុន្ដែជាង៧០ឆ្នាំមកនេះចិនមិនដែលហ៊ានលុកលុយតៃវ៉ាន់ម្ដងណាឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស