29 C
Phnom Penh

សមត្ថកិច្ចចាប់ខ្លួនសកម្មជនបរិស្ថាន៣នាក់ ពាក់ព័ន្ធគម្រោងដើរមកផ្ទះលោកហ៊ុន សែន ស្នើបញ្ឈប់ការលុបបឹងតាមោក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមត្ថកិច្ចក្រុងភ្នំពេញ បានចាប់ឃាត់ខ្លួនសកម្មជនបរិស្ថាន និងជាយុវជនមាតាធម្មជាតិចំនួន៣នាក់នៅព្រហស្បតិ៍នេះ ពាក់ព័ន្ធនឹងគម្រោងដើរដោយថ្មើជើងឆ្ពោះពីរមណីយដ្ឋានវត្តភ្នំឆ្ពោះទៅភូមិគ្រឹះនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីអន្តរាគមន៍បញ្ឈប់ការលុបបឹងតាមោក និងពាក់ព័ន្ធការផ្សាយព័ត៌មានដោយគ្មានច្បាប់អនុញ្ញាត។

យោងតាមកំណត់ហេតុរបស់សមត្ថកិច្ចក្រុងភ្នំពេញដែលThe Cambodia Daily ទទួលបាននៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ ឱ្យដឹងថា ស្នងការរងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក ប៊ុន សុសិក្ខា សហការជាមួយអនុប្រធានមន្ទីរព័ត៌មាន លោក ឈាន ប៊ុនថា រួមទាំងព្រះរាជអាជ្ញារងក្រុងភ្នំពេញ លោក គុជ គឹមឡុង បានឃាត់ខ្លួនសកម្មជនមាតាធម្មជាតិ លោក ថុន រដ្ឋា នៅផ្ទះលេខ៥ ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្នុងកំណត់ហេតុនោះ សមត្ថកិច្ចអះអាងថា ការចាប់ខ្លួនលោក ថុន រដ្ឋា គឺពាក់ព័ន្ធនឹងការផ្សាយព័ត៌មានដោយពុំមានច្បាប់អនុញ្ញាត។

ដោយឡែកសារព័ត៌មានសំឡេងប្រជាធិបតេយ្យ VOD បានស្រង់សម្តីអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា ដោយបញ្ជាក់ថា យុវជនមាតាធម្មជាតិចំនួន៣នាក់ ដែលត្រូវបានសមត្ថកិច្ចនាំខ្លួនទៅសាកសួរនោះ រួមមាន លោក ថុន រដ្ឋា, កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី។

លោកអះអាងថា យុវជន ថុន រដ្ឋា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនសាកសួរពាក់ព័ន្ធនឹងករណីផ្សាយព័ត៌មានដោយគ្មានច្បាប់អនុញ្ញាត ក្រោយពេលបានរៀបចំបន្ទប់ផ្សាយព័ត៌មានក្នុងផ្ទះរបស់ខ្លួន។

ដោយឡែក កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធ ការបង្ហោះព័ត៌មានលើទំព័រហ្វេសប៊ុកចលនាមាតាធម្មជាតិនៅកម្ពុជា អំពីការលុបបឹងតាមោក ឬបឹងទំនប់កប់ស្រូវ។

ការឃាត់ខ្លួនយុវជនមាតាធម្មជាតិទៅសាកសួរ បានធ្វើឡើងបន្ទាប់ពី សកម្មជនបរិស្ថានម្នាក់ កញ្ញា ឡុង គន្ធា គ្រោងនឹងធ្វើដំណើរដោយថ្មើជើងពីរមណីយដ្ឋានវត្តភ្នំ ឆ្ពោះមកកាន់ភូមិគ្រឹះលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក្បែរវិមានឯករាជ្យនៅថ្ងៃទី៣ខែកញ្ញានេះ ក្នុងបំណងចង់ជួបប្រមុខដឹកនាំរូបនេះ ប្រាប់ពីក្តីកង្វល់របស់ខ្លួនជុំវិញការលុបបឹងតាមោក។

ទំព័រហ្វេសប៊ុករបស់ចលនាមាតាធម្មជាតិ កាលពីថ្ងៃទី១ខែកញ្ញានេះ បានឱ្យដឹងថា ការធ្វើដំណើរនោះ កញ្ញា ឡុង គន្ធា នឹងស្លៀកពាក់ពណ៌ ស ដើម្បីស្នើជួបលោក ហ៊ុន សែន ដោយផ្ទាល់ក្នុងគោលបំណងបង្ហាញពីក្តីបារម្ភមួយចំនួនជុំវិញការលុបបឹងតាមោក ក៏ដូចជាបញ្ហាជន់លិចទឹកក្នុងរាជធានីភ្នំពេញ នៅពេលមានភ្លៀងធ្លាក់ម្តងៗ ។ លើសពីនេះ កញ្ញា នឹងលើកឡើងពីផលប៉ះពាល់ចំពោះបរិស្ថាន ការបាត់បង់ជម្រកសត្វស្លាប រួមជាមួយជីវៈចម្រុះក្នុងបឹងតាមោកជាដើម។

ចាប់តាំងពីថ្ងៃទី៣១ខែកក្កដា មកទល់ថ្ងៃទី ៣ខែកញ្ញានេះ សមត្ថកិច្ចលោកហ៊ុន សែន បានចាប់ខ្លួនប្រធានសហភាពសហជីពកម្ពុលោក រ៉ុង ឈុន ប្រធានគណបក្សខ្មែរឈ្នះ លោក សួង សុភ័ណ្ឌ អតីតមន្ត្រីមូលដ្ឋានបក្សសង្រ្គោះជាតិ ព្រមទាំងយុវជនសិទ្ធិមនុស្ស និងបរិស្ថាន សរុបជាង១០នាក់ មកហើយ។

ក្នុងចំណោមនោះមនុស្ស៤នាក់ ដែលចាប់ខ្លួនកន្លងមក ត្រូវបានដោះលែងវិញ ដោយគ្រាន់តែធ្វើកិច្ចសន្យា រីឯសកម្មជនសិទ្ធិការងារ និងអ្នកនយោបាយ ព្រមទាំងសកម្មជនបរិស្ថាននិងសង្គម ផ្សេងទៀត ត្រូវបានតុលាការចោទប្រកាន់ពីបទញុះញង់ឱ្យប្រព្រឹត្តបទល្មើស និងបង្កភាពវឹកវរដល់សង្គមជាតិ ហើយតុលាការបានសម្រេចឃុំខ្លួនពួកគេជាបណ្តោះអាសន្នផងដែរ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស