ព្រះមហាក្សត្រខ្មែរ បានចេញព្រះរាជក្រឹត្យចំនួន៣ដាច់ដោយឡែកពីគ្នា ផ្តល់នីតិសម្បទាធ្វើនយោបាយដល់អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិចំនួន៣រូប ឱ្យមានសិទ្ធិធ្វើនយោបាយឡើងវិញ ក្រោយជាប់បម្រាមរយៈពេលជិត៣ឆ្នាំ។
ព្រះរាជក្រឹត្យទាំង៣ របស់ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ដែលចេញនៅថ្ងៃទី៣ខែកញ្ញានេះ បានសម្រេចផ្តល់សិទ្ធិធ្វើនយោបាយឡើងវិញដល់អតីតគណៈកម្មាធិការអចិន្ត្រៃយ៍ និងជាអតីតអ្នកតំណាងរាស្ត្រមណ្ឌលភ្នំពេញគណបក្សសង្រ្គោះជាតិ លោក សុន ឆ័យ ។ ផ្តល់សម្បទានសិទ្ធិធ្វើនយោបាយដល់ អតីតសមាជិកគណៈកម្មាធិការនាយកនៃបក្សប្រឆាំងមួយនេះគឺលោកគឺលោក តាវ គឹមឈន និងលោកវ៉ា សាម៉ុន ។
ព្រះរាជក្រឹត្យនេះ បានធ្វើឡើង បន្ទាប់ពីមានសំណើទូលថ្វាយពីសំណាក់ប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន ដោយឆ្លងកាត់ពីឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃលោក ស ខេង ។
កាលពីថ្ងៃទី២៧ ខែសីហា អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិទាំងបីរូបនេះបានផ្ញើលិខិត៣ ដាច់ដោយឡែកពីគ្នាជូន លោក ស ខេង ដើម្បីស្នើសុំនីតិសម្បាទា ធ្វើនយោបាយឡើងវិញ បន្ទាប់ពីពួកគេជាប់បម្រាមមិនឱ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ កាលពីខែវិច្ឆិកា ឆ្នាំ២០១៧។
តុលាការកំពូលកាលពិថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ បានសម្រេចរំលាយចោលគណបក្សសង្រ្គោះជាតិ ដែលជាគណបក្សប្រឆាំងជាងគេនៅនោះ ហើយសម្រេចដកហូតតំណែងមន្ត្រីជាប់ឆ្នោតបក្សនេះ តាំងពីថ្នាក់មូលដ្ឋានរហូតដល់ព្រឹទ្ធសភា យកទៅចែកឱ្យគណបក្សផ្សេង ពិសេសតំណែងទាំងនោះបានទៅក្នុងដៃគណបក្សប្រជាជនកម្ពុជាតែម្តង។ លើសពីនេះ តុលាការកំពូល ក៏បានដាក់បម្រាមមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងចំនួន១១៨ រូប មិនឱ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ។
មកទល់ពេលបច្ចុប្បន្ន គឺ មានអតីតមន្ត្រីបក្សសង្រ្គោះជាតិចំនួន១២នាក់ប៉ុណ្ណោះ ដែលស្នើសុំសិទ្ធិធ្វើនយោបាយពីលោក ហ៊ុន សែន និងទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញ។ ពួកគេទាំងនោះ ខ្លះរត់ទៅបង្កើតគណបក្សថ្មីៗ ខ្លះទៅរួមរស់ជីវិតនយោបាយជាមួយគណបក្សរបស់កូន និងខ្លះទៀតទៅចូលធ្វើជាមន្ត្រីរាជការវិញផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ លោក ហ៊ុន សែន ធ្លាប់បានព្រមានរួចទៅហើយថា លោកនឹងតាមកម្ទេចគណបក្សសង្រ្គោះជាតិឱ្យសាបសូន្យ ដោយប្រើយុទ្ធសារកាត់ក្បាល និងបំបែកដងខ្លួនក្រុមនេះបន្តទៀត។
យ៉ាងណា ប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា ថា៣ឆ្នាំហើយដែលលោកបាត់បង់សេរីភាព ពិសេសសិទ្ធិធ្វើនយោបាយ ខណៈដែលសំណុំរឿងរបស់លោក តុលាការគ្មានភស្តុតាងជាក់លាក់ និងគ្រប់គ្រាន់ដើម្បីដាក់បន្ទុកលោក ចំពោះអ្វីដែលតុលាការបានចោទប្រកាន់លោកនោះឡើយ។
បញ្ហានេះ លោកស្នើឱ្យតុលាការពិចារណាទម្លាក់បទចោទប្រកាន់ទាំងឡាយប្រឆាំងរូបលោក ដើម្បីឱ្យមេបក្សប្រឆាំងរូបនេះ មានសិទ្ធិគ្រប់គ្រាន់ក្នុងការបម្រើផលប្រយោជន៍ពលរដ្ឋ និងសង្គមជាតិ ម្យ៉ាងដើម្បីបង្ហាញពីមាគ៌ាផ្សះផ្សាជាតិ និងបង្រួបបង្រួមជាតិពិតប្រាកដនៅកម្ពុជា៕