35 C
Phnom Penh

តុលាការខេត្តបន្ទាយមានជ័យ សម្រេចឃុំខ្លួននាយរងប៉ុស្តិ៍ម្នាក់ពាក់ព័ន្ធករណីបាញ់ពលរដ្ឋឱ្យរងរបួស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តុលាការខេត្តបន្ទាយមានជ័យ កាលពីល្ងាចថ្ងៃម្សិលមិញ បានសម្រេចឃុំខ្លួននាយរងប៉ុស្តិ៍នគរបាលសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ឈ្មោះ ឬទ្ធី ពិសិដ្ឋ ជាបណ្តោះអាសន្ន ពាក់ព័ន្ធករណីប្រើកាំភ្លើងបាញ់យុវជនម្នាក់ឱ្យរងរបួសធ្ងន់។

មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក(ADHOC) ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ចាន់គា កាលពីថ្ងៃម្សិលមិញបានលើកឡើងថា លោក អនុសេនីយ៍ទោល ឬទ្ធី ពិសិដ្ឋ ត្រូវបានតុលាការខេត្តបន្ទាយមានជ័យសម្រេចឃុំខ្លួនជាបណ្តោះអាសន្នកាលពីល្ងាចថ្ងៃទី២ ខែកញ្ញា។

លោកបញ្ជាក់ថា ការឃុំខ្លួននាយរងប៉ុស្តិ៍នគរបាលសង្កាត់និមិត្ត រូបនេះ ដោយសារបានបាញ់ប្រហារជនរងគ្រោះពីក្រោយ កាលពីថ្ងៃទី ២៧ ខែសីហា ២០២០ តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតនៅភូមិនិមិត្ត១ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។

នាយរងប៉ុស្តិ៍នគរបាលនិងរដ្ឋបាលសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ឈ្មោះ ឬទ្ធី ពិសិដ្ឋ បានបាញ់ពលរដ្ឋម្នាក់ឈ្មោះ នាង មករា ភេទប្រុស អាយុ២១ឆ្នាំ កាលពីយប់ថ្ងៃទី២៧ ខែសីហា។

លុះដល់ថ្ងៃទី២៩ ខែសីហា ជនរងគ្រោះលោកនាង មករា បានដាក់លិខិតសុំកិច្ចអន្តរាគមន៍ពីសមាគមអាដហុក ខេត្តបន្ទាយមានជ័យ ជុំវិញករណីបាញ់ប្រហារនេះ ដោយលោកបានប្តឹងលោកឬទ្ធី ពិសិដ្ឋ ពីបទមនុស្សឃាតដោយចេតនា និងប្រើប្រាស់អាវុធខុសច្បាប់។

ក្រោយមកនៅថ្ងៃទី៣១ ខែសីហា លោក នាង មករា បានសម្រេចដាក់ពាក្យប្ដឹងនាយរងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ឈ្មោះ ឬទ្ធី ពិសិដ្ឋ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដោយចោទពីបទ«មនុស្សឃាតដោយចេតនា និងប្រើប្រាស់អាវុធខុសច្បាប់»ដដែល។

យ៉ាងនេះក្តី កាលពីថ្ងៃម្សិលមិញ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចេញលិខិតបំភ្លឺមួយ ដោយថាការប្រើប្រាស់អាវុធទៅលើក្រុមជនសង្ស័យដែលមានចំនួន៤នាក់ កាលពីថ្ងៃទី២៧ខែសីហា ជាការបាញ់គំរាមដើម្បីបំបែកក្រុមជនសង្ស័យដែលមានបំណងចង់វាយលោកពេលនោះ ហើយក៏ជាការការពារខ្លួនដែរ ប៉ុន្តែចៃដន្យគ្រាប់កាំភ្លើងបានផ្ទុះឡើងបណ្តាលឱ្យត្រូវខ្នងចំហៀងខាងឆ្វេងលើយុវជន នាង មករា បណ្តាលឱ្យរបួស។

ប្រភពដដែលបញ្ជាក់ថា សមត្ថកិច្ចខេត្តនេះ បានកសាងសំណុំរឿងអនុសេនីយ៍ទោល ឫទ្ធី ពិសិដ្ឋ បញ្ជូនទៅតុលាការដើម្បីចាត់វិធានការតាមច្បាប់បន្តតាំងពីថ្ងៃទី១ខែកញ្ញា។

មួយថ្ងៃក្រោយមក តុលាការខេត្តបន្ទាយមានជ័យបានសម្រេចចោទលោក ឬទ្ធី ពិសិដ្ឋ ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយប្រើអាវុធ និងបទកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត តាមមាត្រា២១៨ចំនុច២និងមាត្រា៤៩០នៃក្រមព្រហ្មទណ្ឌ។

ទោះបីជាយ៉ាងណាក៏ដោយ លោក ស៊ុំ ចាន់គា លើកឡើងថា អនុសេនីយ៍ទោលរូបនេះ មិនគួរណាភ្លេចនូវការណែនាំរបស់ស្នងការនិងស្នងការរង ខេត្តបន្ទាយមានជ័យ ដែលបានណែនាំថាពេលចុះអនុវត្តឬបំពេញបេសកកម្ម គឺត្រូវពិគ្រោះរាល់បទល្មើសមិនឱ្យជនល្មើសឬជនសង្ស័យរងគ្រោះឡើយ។ បន្ថែមពីនេះ ត្រូវធ្វើឱ្យខ្លួនឯងរងគ្រោះ និង មិនឱ្យខ្លួនឯងក្លាយជាជនល្មើស ប្រឆាំងនឹងច្បាប់នោះទេ។

ថ្មីៗនេះ ខេត្តបន្ទាយមានជ័យសំបូរករណីសមត្ថកិច្ច ឬកងកម្លាំងប្រដាប់អាវុធ វាយដំពលរដ្ឋរហូតដល់ស្លាប់ និងប្រើប្រាស់អាវុធបាញ់ទៅលើពលរដ្ឋជាដើម។

ប្រហែលជារឿងអាស្រូវទាំងនេះហើយ បានជាស្នងការនគរបាលខេត្តនេះ លោក អាត់ ខែម ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ហើយក្រសួងមហាផ្ទៃក៏បានចេញសេចក្តីប្រកាសសម្រេចឱ្យលោកចូលនិវត្តន៍សម្រាកពីការងារតែម្តង បើទោះបីជាមិនទាន់មានស្នងការនគរបាលខេត្តថ្មីក្តីយ៉ាងណាក៏ដោយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស