30 C
Phnom Penh

លោក សម រង្ស៊ី ថា ការបង្កើតគណបក្សថ្មីជាការចាញ់បោកលោក ហ៊ុន សែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីតប្រធាន គណបក្សសង្រ្គោះជាតិ លោកសម រង្ស៊ី បានហៅការសម្រេចបង្កើតគណបក្សនយោបាយថ្មីៗ គឺជាការចាញ់បោកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រោះវានឹងបង្ហាញពីលទ្ធិប្រជាធិបតេយ្យក្លែងក្លាយតាមការចង់បានរបស់បុរសខ្លាំងរូបនេះតែប៉ុណ្ណោះ។

ថ្លែងជាវីដេអូឃ្លីបមានប្រវែងជាង១០នាទី ពីក្រៅប្រទេសកាលពីយប់ថ្ងៃពុធ លោក សម រង្ស៊ី បានលើកឡើងថា លោក ហ៊ុន សែន កំពុងទាល់ច្រក ដោយសារលោក មិនអាចស្តារឡើងវិញនូវលទ្ធិប្រជាធិប តេយ្យ មិនអាចស្តារឡើងវិញនូវការគោរពសិទ្ធិមនុស្ស ពិសេសមិនអាចធ្វើឱ្យគណបក្សសង្រ្គោះជាតិរស់ឡើងវិញ ព្រោះខកខ្លួនក្នុងការរំលាយគណបក្សនេះចោលកាលពីឆ្នាំ២០១៧ ការដកហូតតំណែងស្របច្បាប់របស់មន្ត្រីបក្សប្រឆាំងរាប់ពាន់នាក់ ព្រមទាំងជ្រុលខ្លួន ចាប់និងឃុំខ្លួនលោក កឹម សុខា ដាក់ពន្ធនាគារទាំងអយុត្តិធម៌ជាដើម ។

រីឯការរំពឹងប្រទេសចិនជួយដល់កម្ពុជា នៅពេលបង្កើតសត្រូវជាមួយប្រទេសលោកសេរី ពិសេសអឺរ៉ុប និងសហរដ្ឋអាមេរិក គឺជារឿងអត់ប្រយោជន៍ ប៉ុន្តែវាកាន់តែធ្វើឱ្យរដ្ឋាភិបាលលោកហ៊ុន សែន ឯកា និងប្រែក្លាយកម្ពុជាដូចគ្នាទៅនឹងរបបខ្មែរក្រហមអីចឹងដែរ។

លើសពីនេះ លោក សម រង្ស៊ី បន្តថា បញ្ហាសេដ្ឋកិច្ចនៅកម្ពុជាវិញ រដ្ឋាភិបាលលោក ហ៊ុន សែន ក៏កំពុងទាល់ច្រក ដោយសារវិបត្តិសេដ្ឋកិច្ចកម្ពុជាកាន់តែរងផលប៉ះពាល់ធ្ងន់ធ្ងរដោយវិបត្តិជំងឺជាសកលនេះ ហើយម្យ៉ាងទៀតកម្ពុជាកំពុងបាត់បង់ទីផ្សារជាមួយលោកសេរីថែមទៀតផង ដែលធ្វើឱ្យកម្ពុជាកាន់តែធ្លាក់ខ្លួន ដកមិនរួច ប្រសិនបើរដ្ឋាភិបាលនេះនៅតែមានៈមិនព្រមដើរបកក្រោយនោះ។

ភាពរឹងមានៈទាំងនេះ អតីតមេបក្សប្រឆាំងដដែលមើលឃើញថា  រដ្ឋាភិបាលលោកហ៊ុន សែន មិនបានគិតគូរប្រយោជន៍ជាតិ មិនបានគិតគូរពីបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋនោះឡើយ ពោលគឺគិតតែអំណាចរបស់ខ្លួនតែប៉ុណ្ណោះ។

ក្នុងស្ថានភាពទាល់ច្រកនេះ លោក សម រង្ស៊ី មើលឃើញថា លោកហ៊ុន សែន បានជំរុញឱ្យបង្កើតបក្សនយោបាយថ្មីៗ ដើម្បីធ្វើជាឧបករណ៍នយោបាយរបស់ខ្លួន និងបន្លំភ្នែកអន្តរជាតិលោកសេរី អំពីលទ្ធិប្រជាធិបតេយ្យក្លែងក្លាយនៅកម្ពុជា។

លោកថា គ្មានគណបក្សប្រឆាំងណាអាចជំនួសគណបក្សសង្គ្រោះជាតិបាននោះឡើយ ហើយប្រសិនបើគណបក្សប្រឆាំងនោះរីកខ្លួនធំធាត់ទៅបាន ក៏គង់មានវាសនាដូចគណបក្សសង្រ្គោះជាតិ ដែលត្រូវលោក ហ៊ុន សែន រំលាយចោលដដែល។

អតីតមេបក្សប្រឆាំងរូបអះអាងថា ការបើកផ្លូវឱ្យអតីតបក្សសង្រ្គោះជាតិដំណើរការឡើងវិញ គឺជាដំណោះស្រាយនយោបាយតែមួយគត់ ឈានទៅដោះស្រាយវិបត្តិនយោបាយ និងសេដ្ឋកិច្ចនៅកម្ពុជា។

ការលើកឡើងរបស់អតីតមេបក្សប្រឆាំងរូបនេះ ធ្វើឡើងក្រោយពេលអតីតមន្ត្រីជាន់របស់ខ្លួនដែលជាប់បម្រាមចំនួន១២នាក់ហើយ បានស្នើសុំសិទ្ធិធ្វើនយោបាយពីលោកហ៊ុន សែន ឡើងវិញ។ ក្នុងនោះ មានមន្ត្រីមួយចំនួនបានរត់ទៅបង្កើតគណបក្សថ្មីៗ ដែលមានបក្សថ្មី ចំនួន២ហើយបង្កើតឡើង ដូចជា គណបក្សខ្មែរអភិរក្សនិយម ដឹកនាំបង្កើតដោយអតីតអ្នកតំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង លោក រៀល ខេមរិន្ទ្រ និងគណបក្សខ្មែរស្រលាញ់ជាតិ ដែលដឹកនាំបង្កើតដោយអតីតបក្សប្រឆាំងមួយក្រុមទៀតគឺលោក ជីវ កាតា។

បន្ថែមពីនេះ នៅពេលថ្មីៗនេះ ក្រោយលោក សុន ឆ័យ និងអតីតមន្ត្រីជាន់ខ្ពស់២រូបទៀតបានស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ ក៏មានពាក្យចរាមអារ៉ាមថា លោក និងមនុស្សមួយចំនួនទៀត គ្រោងនឹងបង្កើតបក្សថ្មីមួយបន្ថែមទៀត។

ទោះបីជាយ៉ាងណាក៏ដោយ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅតែបង្ហាញជំហក្នុងការដើរលើផ្លូវត្រូវ ទាំងនយោបាយ និងសេដ្ឋកិច្ចនៅកម្ពុជា។ លោក ក៏ធ្លាប់បង្ហើបពីជម្រើសក្នុងការបង្កើតគណបក្សថ្មី សម្រាប់អតីតមេបក្ស និងថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ ប៉ុន្តែលទ្ធភាពដែលបក្សនេះអាចរស់ឡើងវិញ គឺគ្មានសង្ឃឹមឡើយ។  

កាលពីថ្ងៃម្សិលមិញ ប្រធានគណបក្សសង្រ្គោះជាតិលោក កឹម សុខា លើកឡើងថាអស់រយៈពេលបីឆ្នាំហើយ ដែលលោកបាត់បង់នូវសិទ្ធិសេរីភាព ពិសេសសិទ្ធិធ្វើនយោបាយ ដើម្បីបម្រើប្រទេសជាតិ និង ពលរដ្ឋខ្មែរ ក្រោយពេលលោកត្រូវបានសមត្ថកិច្ចលោកហ៊ុន សែន ចាប់ខ្លួនដាក់ពន្ធនាគារកាលពីយប់ថ្ងៃទី៣ខែកញ្ញា ឆ្នាំ២០១៧។

លោកបន្តថា ឆ្លងតាមសវនាការនៅតុលាការ កន្លងមក លោកមើលឃើញថា មិនមានភស្តុតាងដាក់បន្ទុកជាក់លាក់ និងគ្រប់គ្រាន់ ដែលអាចចោទរូបលោកថា បានប្រព្រឹត្តបទល្មើសដូចការចោទប្រកាន់នោះទេ។

លើសពីនេះ លោក កឹម សុខា អះអាងថា លោកធ្លាប់បញ្ជាក់យ៉ាងច្បាស់ និងបង្ហាញចប់សព្វគ្រប់រួចទៅហើយ ថាទាំងកន្លងមក បច្ចុប្បន្ន និងទៅអនាគត លោកមិនមានចេតនា មិនបានប្រព្រឹត្ត និងមិនគាំទ្រនូវអំពើទាំងឡាយណា ដែលនាំឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រទេសកម្ពុជា និងប្រជាពលរដ្ឋខ្មែរជាដាច់ខាត។

ម្យ៉ាងទៀត លោកជឿជាក់ថា ទាំងមតិជាតិ និងអន្តរជាតិ ជាពិសេស សមត្ថកិច្ច ថ្នាក់ដឹកនាំ ព្រមទាំងចៅក្រម ផងដែរ ក៏បានយល់និងទទួលស្គាល់ ថាលោកមិនមានចេតនា មិនបានប្រព្រឹត្ត និងមិនគាំទ្រនូវអំពើហិង្សានោះឡើយ។ ឈរលើស្មារតីទាំងនេះ  រួមទាំងស្មារតីផ្សះផ្សាជាតិនិង បង្រួមបង្រួមជាតិ លោក កឹម សុខា ទាមទារឱ្យតុលាការពិចារណាទម្លាក់ចោលបទចោទប្រកាន់មកលើរូបលោក និងផ្តល់សិទ្ធិសេរីភាពពេញលេញ ដើម្បីឲ្យប្រធានមេបក្សប្រឆាំងរូបនេះអាចបន្តចូលរួមបម្រើជាតិ និងប្រជាពលរដ្ឋខ្មែរ ក្រោមដំបូលរដ្ឋធម្មនុញ្ញកម្ពុជា ក្នុងកាលៈទេសៈបច្ចុប្បន្ន និងទៅអនាគត៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស