ម្ចាស់ក្រុមហ៊ុនអចលនទ្រព្យមួយចំនួន នៅកម្ពុជា បង្ហាញការមិនពេញចិត្ត បន្ទាប់ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសដាក់ឲ្យប្រើប្រាស់នូវ “ប្រកាសស្តីពីពន្ធលើចំណេញមូលធន” ដោយមានមតិខ្លះលើកឡើងថា ការបង់ពន្ធ ២០% លើប្រាក់ចំណេញ គឺជាបន្ទុកដ៏ធ្ងន់ធ្ងររបស់ពួកគាត់។
សេចក្តីប្រកាសដែលមានចុះហត្ថលេខដោយ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ ដែលត្រូវចាប់ផ្តើមអនុវត្តន៍ ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០មកម៉្លេះ ប៉ុន្តែដោយសារតែវិបត្តិជំងឺកូវីដ-១៩ រដ្ឋាភិបាលកម្ពុជា ក៏បានពន្យារពេលអនុវត្តន៍សេចក្តីប្រកាសនេះ ដោយលើកពេលអនុវត្តចាប់ ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ តទៅ។
យ៉ាងនេះក្តីពលរដ្ឋមួយចំនួនអះអាងថា ច្បាប់ពន្ធបន្ថែមថ្មី ទាក់ទងនឹងការលក់ផ្ទះ និងលក់ដី ត្រូវបង់ពន្ធលើប្រាក់ចំណេញជូនរដ្ឋ២០% ប៉ុន្តែប្រសិនបើពួកគាត់ត្រូវខាតបង់ ពីការលក់អចលនទ្រព្យទាំងនោះវិញ គឺវាជាបន្ទុក ឬជាអម្រែកដ៏ធ្ងន់ធ្ងរមួយកំរិតទៀត ខណៈពួកគាត់កំពុង ជួបវិបត្តិសេដ្ឋកិច្ចគ្រួសារ ធ្ងន់ធ្ងរ ដោយសារជំងឺកូវីដ-១៩ ស្រាប់ផងនោះ។
ដោយឡែក ម្ចាស់ក្រុមហ៊ុនអចលនទ្រព្យទិញលក់ផ្ទះ-ដីខ្លះទៀត ក៏បានបង្ហាញទស្សនៈថា នៅក្នុងអំឡុងពេលកម្ពុជា កំពុងជួបវិបត្តិកូវីដ-១៩នេះ រដ្ឋាភិបាល មិនគួរចេញច្បាប់នេះ មកអនុវត្តន៍យ៉ាងឆាប់រហ័សបែបនេះទេ។ អ្នកខ្លះទៀតអះអាងថា ការដែលរដ្ឋាភិបាលប្រញាប់ប្រញាល់ចេញច្បាប់ខាងលើមកអនុវត្តបែបនេះ អាចទំនងជាដើម្បីប៉ះប៉ូវ ចំពោះការបាត់បង់ប្រពន្ធអនុគ្រោះពន្ធ EBA ២០% ហេតុដូច្នេះហើយបានជារដ្ឋាភិបាលចាប់ផ្តើមសង្កត់ក រាស្ត្រយ៉ាងតក់ក្រហល់បែបនេះ។
លោក គង់ វិបុល អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារបានពន្យល់ថា “ពន្ធលើចំណេញមូលធន គឺរដ្ឋមិនមែនយកពន្ធលើប្រជាពលរដ្ឋទូទៅនោះទេ ប៉ុន្តែយកពន្ធទៅលើការចំណេញមូលធនប៉ុណ្ណោះ។ លោកលើកជា ឧទាហរណ៍ថា បើប្រជាពលរដ្ឋ ឬអ្នកមានអចលនទ្រព្យ លក់ទ្រព្យនោះ ហើយបានចំណេញទើបយកពន្ធ ប៉ុន្តែប្រសិនបើការទិញលក់អចលនទ្រព្យនោះ មិនមានការចំណេញទេ គឺមិនមានការយកពន្ធ ទេ”។
លោក បញ្ជាក់ថា ពន្ធលើការចំណេញមូលធននេះ មិនមែនជាការបង្កើតពន្ធថ្មីនោះឡើយ ហើយពន្ធលើការចំណេញមូលធននេះ ត្រូវបានកំណត់ក្នុងច្បាប់ឲ្យប្រមូលតាំងជាង ១០ឆ្នាំ កន្លងមកម៉្លេះ៕