29.6 C
Phnom Penh

អាមេរិកថាចិនបង្កើនវត្តមានយោធានៅសមុទ្រចិនខាងត្បូងកាន់ធំខណៈបង្កើនក្បាលគ្រាប់នុយក្លែអ៊ែរទ្វេដង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ចិនជាមហាយក្សនៅអាស៊ីដែលមានប្រជាជនជាង១ពាន់៤រយលាន នាក់ ហើយប្រទេសកុម្មុយនិស្តមួយនេះ បានពុះពារជំងឺកូវិដ១៩ បានដោយជោគជ័យមុនគេទាំងអស់។

ប៉ុន្តែក្នុងអំឡុងពិភពលោកជួបនឹងវិបត្តិដ៏ធ្ងន់ធ្ងរនេះ ចិនត្រូវគេរាយការណ៍មកថាបានបង្កើនការចំណាយទៅលើ វិស័យយោធានិងបង្កើនសក្ដានុពល កាន់តែខ្លាំង ក្នុងការគំរាមកំហែងក្នុងតំបន់។

គោលដៅដែលចិន គំរាមជាខ្លាំងគឺមាន៤ទីតាំងនៅអាស៊ី ទីមួយនៅ សមុទ្រចិនខាងត្បូង ដែនដីកោះតៃវ៉ាន់ ជម្លោះព្រំដែនជាមួយឥណ្ឌា និងសមុទ្រចិនខាងកើត។ ក្នុងមហិច្ឆិតានេះ ចិនមានផែនការវាយយកដែនកោះតៃវ៉ាន់ត្រឡប់មកវិញ និងពង្រីកការកាន់កាប់នៅសមុទ្រចិនខាងត្បូងដែលកងនាវាចម្បាំងសហរដ្ឋអាមេរិក បានដាក់ពង្រាយនៅទីនោះរួចហើយ។

ដោយសារមហិច្ឆិតាដូចនេះ ចិន បានក្លាយជា កម្លាំងប្រជែងមួយដែរផ្នែកសព្វាវុធជាមួយអាមេរិក។ក្រសួងការពារជាតិសហរដ្ឋអាមេរិកបានបន្តបញ្ចេញរបាយការណ៍ពាក់ព័ន្ធវិស័យការពារជាតិនៃប្រទេសចិន។ ក្នុងរបាយការណ៍កម្រាស២០០ទំព័រ របស់ក្រសួងការពារជាតិសហរដ្ឋអាមេរិកបានបង្ហាញអំពីមហិច្ឆិតារបស់ចិន ពង្រីកវត្តមានកងទ័ពនិងសព្វាវុធនៅ សមុទ្រចិនខាងត្បូង ជាមួយនឹងការស្ថាបនា នាវាផ្ទុកយន្តហោះមួយជំនាន់ទៀត ដែលនាវានេះមានសមត្ថភាពប្រើប្រាស់កាំជ្រួចបាញ់កំទេច នាវាចម្បាំង។ នាវានេះមានរហង្សនាមថា ship-killer ។

នាវានេះស្ថិតក្នុងកងអង្គភាពទ័ពម៉ារីន ដែលចំណុះអោយក្រសួងការពារជាតិចិន។ នាវានេះត្រូវបើកចូលទៅ សមុទ្រចិនខាងត្បូង ដោយចល័តទៅកាន់ប្រជុំកោះប៉ារ៉ាហ្សែល និងស្ព្រាតលី។

របាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងការពារជាតិសហរដ្ឋអាមេរិក បង្ហាញថា យោធាចិនបានឈានដល់ចំណុចស្មើ ឬអាចលើសសហរដ្ឋអាមេរិក នៅក្នុងផ្នែកខ្លះនៃវិស័យការពារជាតិរបស់ចិន។

ក្នុងពេលនេះដែរ កងទ័ពរំដោះប្រជាជនចិន ក៏បានត្រៀមខ្លួនរួចរាល់ ដើម្បីយកឈ្នះរាល់ជម្លោះជាមួយសហរដ្ឋអាមេរិក ជុំវិញបញ្ហាកោះតៃវ៉ាន់ ដែលទីក្រុងប៉េកាំង ចាត់ទុកថាជាដែនដីនៃខេត្តមួយរបស់ចិន។

របាយការណ៍នេះក៏បានប្រាប់ថា ក្នុងរយៈពេល ១០ឆ្នាំខាងមុខ ចិនអាចនឹងបង្កើនចំនួន ក្បាលគ្រាប់នុយក្លេអ៊ែររហូតដល់ទ្វេដង បន្ថែមពីលើក្បាលគ្រាប់ នុយក្លេអ៊ែរ ដែលមានស្រាប់ជាង ២៦០គ្រាប់ ក្នុងពេលបច្ចុប្បន្ននេះ។

របាយការណ៍របស់ ក្រសួងការពារជាតិអាមេរិកដែលត្រូវបានចុះផ្សាយដោយគេហទំព័រសារព័ត៌មានTaiwan News.com បានបង្ហាញថា ក្រុងប៉េកាំង បានរៀបចំរួចហើយ អំពីការប្រើកម្លាំងទ័ពដោយប្ដេជ្ញាថា នឹងវាយលុកហើយចូលកាន់កាប់កោះតៃវ៉ាន់អោយបានបើសង្រ្គាមផ្ទុះឡើង។

របាយការណ៍ កម្រាស២០០ទំព័រនេះ រៀបចំដោយក្រសួងពារជាតិអាមេរិក បានអោយដឹងទៀតថា បើធៀប នឹងការចំណាយលើវិស័យការពារជាតិ គឺចិនមានលើសតៃវ៉ាន់ដល់ទៅ១៥ដងហើយមានកងទ័ពប្រយុទ្ធជាង២លាននាក់។

របាយការណ៍នេះ បន្តថា ចិនបានចាត់ទុកដែនដីកោះតៃវ៉ាន់ គឺជាតំបន់មួយគំរាមកំហែក លើដែនធីបតេយ្យរបស់ចិនព្រោះតៃវ៉ាន មានសម្ព័ន្ធភាព ការពារជាតិជាមួយសហរដ្ឋអាមេរិក ។

តាមរបាយការណ៍បានអោយដឹងទៀតថា ឥឡូវនេះចិន ជាមហាអំណាចមួយមាន ដែលមាននាវាចម្បាំងនិងនាវាមុជទឹកប្រហែល៣៥០គ្រឿង។ ចំណែកសហរដ្ឋអាមេរិក មាន២៩៣គ្រឿង ហើយនាវារបស់ចិនទាំងនោះ នឹងដាក់ពង្រាយនៅសមុទ្រចិនខាងត្បូង។

តែបែបនេះក្ដី ចិនបានប្រកាសថ្កោលទោស និងវាយប្រហារភ្លាមៗ ចំពោះក្រសួងការពារជាតិសហរដ្ឋអាមេរិក ដែលបានបង្ហាញថា ចិន កំពុងព្យាយាមបង្កើនការផលិតនូវក្បាលគ្រាប់នុយក្លេអ៊ែរក្នុងចំនួន              ទ្វេដង ដើម្បីត្រៀមខ្លួន យកឈ្នះអាមេរិកលើបញ្ហាកោះតៃវ៉ាន់។

តាមការចេញផ្សាយដោយសារព័ត៌មាន របស់សារព័ត៌មានចិន CGTN ក្រសួងការពារជាតិចិន បានហៅរបាយការណ៍របស់ក្រសួងការពារជាតិអាមេរិកថាមានការគិតខុសទាំងស្រុង ហើយថាជាការបកស្រាយខុសនឹងគោលនយោបាយការពារជាតិ និងយុទ្ធសាស្ត្រយោធារបស់ចិន។

ក្រុងប៉េកាំងក៏បានហៅ របាយការណ៍នេះថាជាការក្លែង បន្លំដើម្បីលុបលាងមុខមាត់របស់សហរដ្ឋអាមេរិកនិង ដើម្បីបិទបាំង ចំពោះការចំណាយយោធា ដ៏ច្រើនលើសលុបរបស់សហរដ្ឋអាមេរិក។

អ្នកនាំពាក្យការបរទេសចិន អ្នកស្រី Hua Chunying បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ប្រទេសចិនតែងតែអនុវត្តគោលនយោបាយការពារជាតិ ក្នុងក្រមខណ្ឌដើម្បី ការពារ ព្រោះ ចិនគឺជាអ្នកកសាងសន្តិភាពសម្រាប់ពិភពលោ។

ស្របពេលជាមួយគ្នានេះអនុរដ្ឋមន្ត្រីការបរទេសចិន Luo Zhaohui បាននិយាយថា សហរដ្ឋអាមេរិក ដែលបង្កទ័ពនៅសមុទ្រចិនខាងត្បូង គឺជាប្រភពហានិភ័យជាខ្លាំងនៅក្នុងតំបន់។ លោកបាន អំពាវនាវសុំអោយប្រទេសក្នុងសមាគមអាស៊ាន ទាត់ចោល ការដែលសហរដ្ឋអាមេរិកចេញមុខជួយរកដំណោះស្រាយនៅក្នុងជម្លោះសមុទ្រចិនខាងត្បូង ដែលគ្រាន់តែជាលេសដើម្បីបង្ករឿងជាមួយចិនតែប៉ុណ្ណោះ។

ឌឹនៅក្នុងសន្និសីទមួយ អំពីសមុទ្រចិនខាងត្បូង Luo Zhaohui បាន រំលឹកថា តួនាទីរបស់ចិន នៅសមុទ្រចិនខាងត្បូង គឺមិនប្រែប្រួលឡើយ។ លោកបន្តថាចិននៅតែបន្ត សហការជាមួយសមាគមអាស៊ាន ដើម្បីធ្វើមានសន្តិភាពពិតប្រាកដនៅសមុទ្រចិនខាងត្បូង៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស