40.3 C
Phnom Penh

ស្ត្រីម្នាក់រងរបួសដោយការប្រើហិង្សាពីសំណាក់អាជ្ញាធរក្រុងភ្នំពេញ អំឡុងពេលតវ៉ាដោយអហិង្សា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កងកម្លាំងសន្តិសុខខណ្ឌ៧មករា រាជធានីភ្នំពេញ បានប្រើហិង្សាលើស្ត្រីម្នាក់ដែលជាសាច់ញាតិអ្នកជាប់ឃុំអតីតមន្ត្រីគណបក្សសង្រ្គោះជាតិបណ្តាលឱ្យរងរបួសបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។

គេហទំព័ររបស់អង្គការការពារសិទ្ធិមនុស្សលីកាដូ (Licadho)  បានលើកឡើងនៅថ្ងៃសុក្រនេះថា អ្នកស្រី សេង ចាន់ថន មានវ័យ៤៩ឆ្នាំត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីកម្លាំងសន្តិសុខចាប់បោកផ្ទប់ទៅនឹងថ្នល់ ខណៈដែលពួកគេកំពុងអំពាវនាវដោយសន្តិវិធីឱ្យដោះលែង ស្វាមីរបស់គាត់កំពុងជាប់ឃុំក្នុងពន្ធនាគារ។

ប្រភពដដែលបន្តថា ស្ត្រីរូបនោះ ជាភរិយា របស់អតីតសមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំ មកពីគណបក្សសង្រ្គោះជាតិ និងជាសមាជិកសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក ស៊ុន ធន់ ។ ក្រុមអ្នកស្រីត្រូវបានរារាំងដោយកម្លាំងសន្តិសុខខណ្ឌ ៧មករា ក្នុងពេលដែលក្រុមរបស់អ្នកស្រីតវ៉ាជាសាធារណៈនៅខាងក្រៅរបងសាលាដំបូងរាជធានីភ្នំពេញ។

លីកាដូ អះអាងថា នៅពេលកម្លាំងសន្តិសុខជាច្រើននាក់បានប៉ះទង្គិចគ្នាជាមួយក្រុមស្ត្រីនោះ មានសន្តិសុខម្នាក់ បានចាប់បោកអ្នកស្រី ឈ្មោះ សេង ចាន់ថន យ៉ាងហិង្សាផ្ទប់ទៅនឹងថ្នល់ ហើយអ្នកស្រីក៏ត្រូវបានគេបញ្ជូនទៅព្យាបាលរបួសនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ឬ ពេទ្យរុស្ស៊ី។

នេះមិនមែនជាលើកទី១ទេ ក្នុងការប្រើអំពើហិង្សាលើក្រុមស្ត្រីដែលតវ៉ាទាមទារឱ្យតុលាការដោះលែងស្វាមី និងសាច់ញាតិរបស់ខ្លួន ដែលជាអតីតមន្ត្រីគណបក្សសង្រ្គោះជាតិ។

អង្គការសិទ្ធិមនុស្សដដែល បញ្ជាក់ថា ចាប់តាំងពីដើមខែមិថុនា ឆ្នាំ២០២០ គ្រួសាររបស់អតីតសមាជិកគណបក្សជំទាស់មួយនេះ ត្រូវបានអូស ទាញ ទាត់ធាក់ និងរងការវាយដំ នៅពេលពួកគេតវ៉ាដោយសន្តិវិធីទាមទារឱ្យដោះលែងសមាជិកគ្រួសាររបស់ពួកគាត់ឲ្យមានសេរីភាពឡើងវិញ។ 

នាយិការមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ចក់ សុភាព បានលើកឡើងដោយភ្ជាប់វីដេអូបង្ហាញពីការប្រើហិង្សាលើអ្នកស្រី ចាន់ថន នៅថ្ងៃនេះថា តើនេះជាការឱ្យតម្លៃស្ត្រី និងមនុស្សជាតិក្នុងសង្គមនេះដែរឬទេ?

អ្នកស្រី ថា ការប្រើប្រាស់កម្លាំងសន្តិសុខបែបនេះ មិនគួរកើតមានបន្តទៀតនោះទេ ហើយក្រសួងមហាផ្ទៃគួរតែពិនិត្យ និងផ្តល់ការឆ្លើយតបឱ្យបានច្បាស់លាស់ជុំវិញអំពើហិង្សានេះ និងការបង្ក្រាបដ៏ហិង្សាលើពលរដ្ឋដទៃទៀត។

បើទោះបីជាមានវីដេអូ និងរូបភាពបង្ហាញពីការប្រើហិង្សាលើក្រុមស្ត្រីជាសាច់ញាតិគណបក្សសង្រ្គោះជាតិ និងសកម្មជនតវ៉ាដទៃទៀតយ៉ាងណាក៏ដោយ ប៉ុន្តែកន្លងមកគ្មានកងកម្លាំងសន្តិសុខ ឬ អាជ្ញាធរណាម្នាក់ត្រូវបានចាត់វិធានការចាប់ច្បាប់នោះឡើយ។

ក្រុមអ្នកឃ្លាំមើលនិយាយថា ភាពគ្មានវិធានការទៅលើជនដៃដល់ដែលប្រើអំពើហិង្សាលើស្រ្តីភេទ គឺជាការលើកទឹកចិត្ត និងគាំទ្រដល់វប្បធម៌ប្រើអំពើហិង្សាលើពលរដ្ឋ ដែលផ្ទុយទៅគោលការណ៍ច្បាប់ជាតិ និងអន្តរជាតិ។ ពួកគេធ្លាប់លើកឡើងថា ចរឹកហិង្សាបានចាក់ឫសពីប្រមុខដឹកនាំរដ្ឋាភិបាល រហូតដល់ក្រុមសន្តិសុខ ដែលមិនបានស៊ីប្រាក់ខែរដ្ឋផងនោះ។

បើតាមលីកាដូ បញ្ជាក់ថា គិតមកទល់ពេលបច្ចុប្បន្ននេះ អតីតសមាជិកគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការកំពូលរំលាយចំនួន២៣នាក់ហើយ ត្រូវបានចាប់ និងឃុំខ្លួនក្នុងពន្ធនាគារ។

ពួកគេទាំងនោះ ត្រូវបានតុលាការចោទប្រកាន់ពីបទញុះញង់ឱ្យប្រព្រឹត្តបទល្មើសជាអាទិ៍ បទរួមគំនិតក្បត់ និងញុះញង់កុំឱ្យយោធិនស្តាប់បង្គាប់ជាដើម។

សាច់ញាតិរបស់អតីតបក្សប្រឆាំងចេញមុខតវ៉ារហូតមក បើទោះបីជាដឹងថាខ្លួនត្រូវរងអំពើហិង្សា វាយដុំច្រំធាក់ យ៉ាងណាក្តី ប៉ុន្តែពួកគាត់នៅតែអះអាងថា សមាជិកគ្រួសាររបស់ពួកគាត់ដែលកំពុងជាប់ឃុំ គឺរងទណ្ឌកម្មយ៉ាងអយុត្តិធម៌ ត្បិតពួកគេមិនបានប្រព្រឹត្តដូចការចោទប្រកាន់នោះ។

ជាងនេះទៅទៀត ការតវ៉ាពេលខ្លះពួកគាត់ស្ពាយទាំងចានឆ្នាំងមកជាមួយផង ដើម្បីបង្ហាញរដ្ឋាភិបាល និងតុលាការថា ការឃុំខ្លួនសាច់ញាតិរបស់ពួកគាត់ ធ្វើឱ្យគ្រួសារទាំងមូលស្ទើរតែដាច់ពោះស្លាប់ ព្រោះគ្មានអ្នកជំហរក្នុងគ្រួសារដើម្បីរកចំណូលចិញ្ចឹមជីវិត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស