27 C
Phnom Penh

សមត្ថកិច្ចបញ្ជូនសំណុំរឿងសកម្មជនមាតាធម្មជាតិ៣នាក់ ទៅតុលាការ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សំណុំរឿងសកម្មជនមាតាធម្មជាតិចំនួន៣នាក់ ត្រូវបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃសុក្រនេះ ពាក់ព័ន្ធនឹងបទ«ញុះញង់ឱ្យប្រព្រឹត្តបទល្មើស»។

សកម្មជនបរិស្ថានមួយរូបលោក សាន់ ម៉ាឡា បានលើកឡើងនៅលើបណ្តាញសង្គមហ្វេសប៊ុកដោយដកស្រង់ការអះអាងរបស់មេធាវីការពារក្តីឱ្យ លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី ថា អ្នកទាំងបីរូប ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនមកសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី។

សមត្ថកិច្ចក្រុងភ្នំពេញ បានចាប់ខ្លួនសកម្មជនបរិស្ថាន និងជាយុវជនមាតាធម្មជាតិទាំង៣នាក់ កាលពីព្រហស្បតិ៍ម្សិលមិញនេះ ពាក់ព័ន្ធនឹងគម្រោងដើរដោយថ្មើជើង ពីរមណីយដ្ឋានវត្តភ្នំឆ្ពោះទៅភូមិគ្រឹះលោក ហ៊ុន សែន ដើម្បីអន្តរាគមន៍ឲ្យបញ្ឈប់ការលុបបឹងតាមោក និងពាក់ព័ន្ធការផ្សាយព័ត៌មានដោយគ្មានច្បាប់អនុញ្ញាត។

កាលពីថ្ងៃព្រហស្បតិ៍ ស្ថានទូតស៊ុយអែតប្រចាំកម្ពុជាបានលើកឡើងនៅលើបណ្តញធ្វីទ័រ (Twitter) ដោយបង្ហាញក្តីបារម្ភជាខ្លាំងចំពោះការចាប់ខ្លួនយុវជនដែលស្រលាញ់បរិស្ថានទាំង៣នាក់ កាលពីថ្ងៃទី៣ ខែកញ្ញា។ ស្ថានទូតលោកសេរី មួយនេះអះអាងថា នឹងបន្តឃ្លាំមើលករណីទាំងនេះដោយយកចិត្តទុកដាក់ផងដែរ។

មកទល់ពេលនេះ សកម្មជនបរិស្ថាននៃចលនាមាតាធម្មជាតិ និងយុវជនខ្មែរថាវរៈចំនួន៥ នាក់ហើយត្រូវបាន សមត្ថកិច្ចចាប់ខ្លួនដោយចោទពីបទញុះញង់ និងបង្កភាពវឹកវរដល់សង្គម ខណៈដែលមតិជាតិនិងអន្តរជាតិមួយចំនួនមើលឃើញថាការចាប់ខ្លួនសកម្មជនបរិស្ថាននិងសង្គមទាំងនោះ ជាការគំរាមកំហែងដល់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងជារំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស