28 C
Phnom Penh

លោក ហ៊ុន សែន គ្រោងស្ថាបនាផ្លូវក្នុងក្រុងសៀមរាបដើម្បីទាក់ទាញភ្ញៀវទេសចរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រមុខរដ្ឋាភិបាល បានប្រកាសបញ្ចេញកញ្ចប់ថវិកាជាតិប្រមាណ ១៥០លាន ដុល្លារ សហរដ្ឋអាមេរិក សំរាប់សាងសង់ផ្លូវក្នុងខេត្តសៀមរាប ដើម្បីបង្កើតការងារ និងទាក់ទាញភ្ញៀវទេសចរឱ្យបានច្រើន។

ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃទី៤ ខែកញ្ញា លោក ហ៊ុន សែន បានប្រកាសពីការផ្តល់ថវិកាចំនួន ១៥០លានដុល្លារ សម្រាប់សាងសង់ផ្លូវនៅក្នុងខេត្តសៀមរាប ដែលនឹងជួយកែលំអហេដ្ឋារចនាសម្ព័ន្ធខេត្តផងដែរ ដើម្បីជាផ្នែកមួយផ្តល់ការងារដល់ប្រជាជនដែលអាចប៉ះពាល់ដោយកូវីដ១៩ផង។

លោកបន្តថា ផ្លូវតូចធំដែលគ្រោងសាងសង់ក្នុងទីរួមខេត្តទេសចរណ៍ដ៏ល្បីល្បាញមួយនេះមានចំនួន ៣៨ខ្សែ ហើយការសាងសង់ផ្លូវទាំងនេះ នឹងជួយលើកស្ទួយដល់ជីវភាពរស់នៅរបស់ពលរដ្ឋ និងដើម្បីជំរុញដល់កំណើនសេដ្ឋកិច្ចជាតិក្រោយបញ្ចប់វិបត្តិជំងឺកូវីដ១៩។ លើសពីនេះទៅទៀត លោកសង្ឃឹមថា នៅចុងឆ្នាំ២០២១ ក្រុងសៀមរាប នឹងមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរ។

ការប្រកាសរៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តទេសចរណ៍មួយនេះ បន្ទាប់ពីមានការរិះគន់ពីមហាជន និងភ្ញៀវទេសចរជាច្រើន ដោយថា រដ្ឋាភិបាលចេះតែយកប្រាក់ថ្លៃសំបុត្រពីភ្ញៀវបរទេស  និងចេះតែអួតពីសក្តានុពលខេត្តសៀមរាប ខណៈហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តមើលមិនយល់ និងគ្មានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់។ ចំណែកឯប្រព័ន្ធផ្លូវធ្វើដំណើរពីតំបន់ទេសចរណ៍មួយទៅតំបន់មួយពិបាកក្នុងការធ្វើដំណើរជាខ្លាំង ហើយសូម្បីតែផ្លូវនៅមុខបរិវេណប្រាសាទអង្គរវត្តប្រៀបដូចជារុន្ធបាយខុំអញ្ចឹងដែរ។ ជាងនេះទៀត បើនៅខែប្រាំងវិញបរិស្ថានមុខប្រាសាទនានា ពិសេសប្រាសាទអង្គវត្តដែលជាតំណាងឲ្យព្រលឹងជាតិខ្មែរទាំងមូលនោះ មានភាពសោះកក្រោះ ស្មៅងាប់ក្រៀមស្វិត ហើយតំបន់អង្គរខ្លះទៀត រាំងស្ងួតហួតហែងរហូតធ្វើឱ្យបារាយណ៍ ឬកសិន្ធនៅតំបន់នេះខ្លះទៀតគ្មានទឹកតែម្តង។ 

លើសពីនេះ ប្រព័ន្ធទឹកស្ទឹងសៀមរាបកង្វក់ គ្មានការរៀបចំត្រឹមត្រូវ រីឯប្រជាពលរដ្ឋខេត្តសៀមរាបវិញហាក់ទទួលបានប្រយោជន៍តិចតួចពីវិស័យទេសចរណ៍នៅតំបន់ប្រវត្តិសាស្ត្រមួយនេះ ខណៈអ្នកទទួលបានប្រយោជន៍ពីកេរ្តិ៍ដូនតាច្រើនលើសលុបនោះ គឺជាក្រុមអ្នកមានប្រាក់ មានអំណាច និងឈ្មួញធំៗបរទេសតែប៉ុណ្ណោះ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស