ចិន និងសហរដ្ឋអាមេរិក កំពុងស្ថិតក្នុងស្ថានភាពតានតឹងជាខ្លាំងទាំងការទូត សេដ្ឋកិច្ច និងផ្នែកយោធា។ នៅថ្ងៃសុក្រទី៤ ខែកញ្ញានេះ សារព័ត៌មាន Newsweek បានចុះផ្សាយថា ចិនបានអំពាវនាវសុំអោយសហរដ្ឋអាមេរិក ដកខ្លួនចេញពីចម្លោះ ព្រំដែនឥណ្ឌា-ចិន ដែលក្រុងប៉េកាំងមើលឃើញថា ក្រុងវ៉ាស៊ីនតោន បានកំពុងលូកដៃចូលផ្ទៃក្នុងជម្លោះនៃប្រទេសជិនខាងនឹងគ្នា។
អ្នកនាំពាក្យស្ថានទូតចិន ប្រចាំនៅប្រទេឥណ្ឌា លោក Ji Rong បានថ្លែងដូចនេះ បន្ទាប់ពីលោក Stephen Biegun អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ដែលបានលើកឡើងអំពីការប៉ះទង្គិចគ្នារវាង កងទ័ពចិន និងឥណ្ឌាកាលពីថ្ងៃទី១៥ ខែមីថុនា នៅតាមព្រំដែន Galwan នៃប្រទេសទាំង២ ថាជាទង្វើរបស់ចិនចូលចិត្តឈ្លានពានឥណ្ឌា។
លោក Stephen Biegun បានថ្លែងដូចនេះ នៅក្នុងវេទិកា ដៃគូយុទ្ធសាស្ត្រ ឥណ្ឌា-អាមេរិក។បន្ទាប់ពីទទួលបានព័ត៌មានដូចនេះ លោកJi Rong, ក្នុងនាមជាអ្នកនាំពាក្យស្ថានទូតចិន ប្រចាំនៅប្រទេសឥណ្ឌាបានចោទសហរដ្ឋអាមេរិកថាមិនបានឈរលើគោលការអព្យាក្រិត្យបែរជាប្រកាន់ជំហលំអៀង ហើយ រុញអោយមានភាពតានតឹងកាន់តែខ្លាំងរវាងឥណ្ឌានិងចិន។
តាមលោក Ji Rong ថា ឥណ្ឌានិងចិន អាចនឹងដោះស្រាយជម្លោះជាមួយគ្នា ដោយមិនចាំបាច់ភាគីទី៣ចូលពាក់ព័ន្ធ។ លោកព្រមានថាបើមានភាគីទី៣ចូលពាក់ព័ន្ធគឺគ្មានការរកដំណោះស្រាយ។ សហរដ្ឋអាមេរិកនិងឥណ្ឌា គឺជាសម្ព័ន្ធមិត្តនឹងគា្នតាំងសម័យពិភពលោកផ្ទុះសង្រ្គាមត្រជាក់មកម្លេះ។
ក្នុងអន្តរកាលនេះ គេសង្កេតឃើញ សហប្រតិបត្តិការលើវិស័យយោធារវាងឥណ្ឌា និងអាមេរិក មានការកើនជាខ្លាំង ជាពិសេស បន្ទាប់ពីកងទ័ពចិន និងឥណ្ឌាបានប៉ះទង្គិចគ្នា តាំងពីថ្ងៃទី១៥ ខែមថុនា ដែលនាំអោយឥណ្ឌា កាន់តែរត់ទៅរកអន្តរាគមពីសហរដ្ឋអាមេរិក។
ឥណ្ឌានិងអាមេរិកបាន ធ្វើសមយុទ្ធរួមគ្នានៅសមុទ្រឥណ្ឌា ហើយ ក្រោយមកអាមេរិក និងឥណ្ឌាក៏បានធ្វើសមយុទ្ធកងទ័ពជើងទឹក មួយលើកទៀតនៅ សមុទ្រឥណ្ឌា និងនៅឈួងសមុទ្រពែក្ស។
ឥឡូវនេះ ឥណ្ឌា បានបញ្ជូនកងនាវាចម្បាំងទៅកាន់សមុទ្រចិនខាងត្បូងដែលនាវាចម្បាំងរបស់សហរដ្ឋអាមេរិក បានតាំងមូលដ្ឋានទ័ពរបស់ខ្លួននៅទីនោះរួចហើយ។
អ្ននាំពាក្យក្រសួងការបរទេសអាមេរិក បានប្រាប់ Newsweek ថាកិច្ចសហប្រតិបត្តិការ លើវិស័យការពារជាតិរវាង ឥណ្ឌា និងអាមេរិក ឈានដល់ចំណុចស៊ីជម្រៅ ជាខ្លាំង គឺរយៈពេល២ទសវត្សមកនេះហើយការពង្រឹងផ្នែកវិស័យការពារជាតិ គឺផ្អែកលើកម្មវិធីពង្រឹងប្រជាធិបតេយ្យ ការពង្រីកសេរីភាពនាវាចរណ៍ និងការប្រឆាំងអំពើពុករលួយ។
ដោយឡែកទំនាក់ទំនងអាមេរិក និងចិន គឺចាប់តាំងពីរដ្ឋការរបស់លោកប្រធានាធិបតីដូណាល់ត្រាំបង្កសង្រ្គាមពាណិជ្ជកម្ម នៅឆ្នាំ២០១៧មក គឺកាន់តែមានភាពតានតឹងឡើងៗ រហូតដល់មានការប៉ះទង្គិចលើវិស័យការទូតថែមទៀតផង។
បន្ថែមពីនេះ ភាពតានតឹងកាន់តែធ្ងន់ធ្ងរទៅគឺចាប់តាំងពីសហរដ្ឋអាមេរិក ធ្លាក់ក្នុងជំងឺកូវិដ១៩ ហើយរដ្ឋការរបស់លោកត្រាំបានចោទថាប្រភពមេរោគដែលនាំអោយកើតជំងឺនេះមកពីប្រទេសចិន ហើយ ការរីករាលដាលទៀតសោត ក៏កើតចេញពីការបណ្ដោយឲ្យពលរដ្ឋចិន ដើរហើរពាសពេញពិភពលោកដែរ។ ប៉ុន្តែចិនបានបដិសេធ។
តែបែបនេះក្ដី ទំនាក់ទំនងចិន-អាមេរិកកាន់តែផុយស្រួយគឺកងទ័ពនៃប្រទេសមហាអំណាចទាំង២នេះ កំពុងប្រឈមគ្នានៅតំបន់សមុទ្រចិនខាងត្បូង។ កងទ័ពជើងទឹកនៃប្រទេសទាំងពីរតែងតែបើកធ្វើសមុទ្រគំរាមគ្នាទៅវិញទៅមក នៅសមុទ្រចិនខាងត្បូង។
មានការព្រមានថា បើប្រទេសទាំងពីរ២នេះ មិនរត់ទៅរកតុចរចា គឺសមុទ្រចិនខាងត្បូងងាយនឹងធ្លាក់ក្នុងសង្រ្គាម។ វិលមករក ឥណ្ឌា និងចិនវិញម្ដង។ ចំពោះការគាំទ្រផ្នែក ភូមិសាស្ត្រនយោបាយ វិញ គឺសហរដ្ឋអាមេរិក បានចាត់ទុកឥណ្ឌា ក៏ដូចជាប្រទេសអូស្ត្រាលី និងជប៉ុន ជាក្រុមសម្ព័ន្ធមិត្ត មិនអាចខ្វះបាន នៃការពង្រឹង និងពង្រីក លំហសេរីភាពសម្រាប់ ឥណ្ឌូប៉ាស៊ីហ្វិច និងសំដៅទៅពង្រឹងនៅតំបន់ អាស៊ីប៉ាស៊ីហ្វិច ដែលជាផ្លូវនាវាចរណ៍អន្តរជាតិ ដោយប្រកាសទាត់ចោលមហិច្ឆិតារបស់ចិន ក្នុងការប៉ុនប៉ងកាន់កាប់ផ្ដាច់មុខតំបន់មួយចំនួន នៅតំបន់សមុទ្រចិនខាងត្បូង។
សហរដ្ឋអាមេរិក អូស្ត្រាលីនិងឥណ្ឌា នឹងធ្វើសមយុទ្ធនាវាចម្បាំង ទ្រង់ទ្រាយធំទាំងនៅសមុទ្រឥណ្ឌា សមុទ្រចិនខាងត្បូង និងសមុទ្រចិនខាងកើត ដែលជប៉ុន និងចិន កំពុងមានភាពតានតឹងដាក់គ្នា ដោយសារតែចិន ព្យាយាមនាំនាវាល្បាតចូលទៅប្រជុំកោះ សេនកាគូ ដែលភាសាចិនហៅថា ដាយយូ ដើម្បីដណ្ដើមពីជប៉ុនមកវិញ។ ទាំងនេះ ហើយដែលចិនតែងតែព្រមានអាមេរិក អោយដកខ្លួនពី ជម្លោះ ដែនទឹក ជប៉ុន-ចិន និងជម្លោះ ដែនគោក ឥណ្ឌា-ចិន។
តាមសេចក្ដីរាយការណ៍ចុងក្រោយនេះ តំណាងចិន និងឥណ្ឌាគឺទាំងតំណាង យោធា និងការទូតបានជួបគ្នា ចំនួន៩លើកមកហើយ ចាប់តាំងពីថ្ងៃដែលកងទ័ពនៃប្រទេសទាំង២ប៉ះទង្គិចគ្នា កាលពីធ្ងៃទី១៥ ខែមិថុនា គឺមិនទាន់អាចមានដំណោះស្រាយ ដើម្បីសន្តិភាពតាមព្រំដែនឡើយ។ ភាពតានតឹងផ្នែកកងទ័ពមនៅតែផុយស្រួចជាខ្លាំង ព្រោះកងទ័ពនៃប្រទេសទាំង២ បានស្ថិតក្នុងលានដ្ឋាន ដើម្បីរង់ចាំតែប្រយុទ្ធគ្នាម្ដងទៀតតែប៉ុណ្ណោះ៕