28.4 C
Phnom Penh

តើក្បួនសឹក ស៊ុន អ៊ូ មានប្រសិទ្ធិភាពយ៉ាងណាក្នុងការដណ្តើមភាពជាមហាអំណាចពិភពលោក?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្បួនសឹក ស៊ុន អ៊ូ មានប្រវត្តិ ២៥០០ឆ្នាំមកហើយ តែនៅតែមានតម្លៃសម្រាប់ការសិក្សា និងការពិចារណាក្នុងយុទ្ធសាស្រ្តសង្គ្រាមសម័យទំនើប។  ស៊ុន អ៊ូ លើកឡើងថា “ ក្បួនសឹក មានសារៈសំខាន់ណាស់។ វាជាបញ្ហាស្លាប់រស់ដែលជាផ្លូវឆ្ពោះទៅរកភាពសុខសាន្ត ឬមហន្តរាយរបស់ប្រទេសជាតិ។”

ក្នុងប្រវត្តិមនុស្សជាតិ ពីបុរាណកាលមក ការធ្លាក់ចុះនៃមហាអំណាចចាស់ ហើយមហាអំណាចថ្មីរះឡើងជារឿងធម្មតា តែការធ្លាក់ចុះនៃមហាអំណាចចាស់ មិនមែនជារឿងមួយពព្រិចភ្នែកនោះទេ ហើយមហាអំណាចថ្មីរះឡើងក៏មិនមែនជារឿងមួយថ្ងៃពីរនោះដែរ។ ទាំងសងខាង សុទ្ធតែប្រើយុទ្ធសាស្រ្ត ធនធាន និងកំលាំង ដើម្បីរក្សា ឬឈានទៅរកភាពជាកំពូលមហាអំណាច។

ដោយឡែក ពេលបច្ចុប្បន្ននេះ ការប្រជែងអំណាចរបស់ពួកមហាអំណាចរួមមានអាមេរិក និងសម្ព័នមិត្ត ជាមួយប្រទេសចិនដែលជាមហាអំណាចទើបរះថ្មី រឹតតែបង្ហាញអោយឃើញកាន់តែច្បាស់ឡើង តាមរយះការបង្ហាញកំលាំងដាក់គ្នានៅតំបន់សមុទ្រចិនខាងត្បូង។  
ស៊ុន អ៊ូ ឲ្យតម្លៃខ្លាំងដល់ការឈ្នះសង្គ្រាមដោយមិនបាច់ច្បាំង ស្របទៅនឹងអ្វីដែលសហរដ្ឋអាមេរិកចង់បាន គឺការឈ្នះការប្រជែងអំណាចដោយមិនបាច់ធ្វើសង្រ្គាម។ ជាក់ស្ដែង អាមេរិក គ្មានផលប្រយោជន៍ ឬភាពចាំបាច់ក្នុងការច្បាំងដោយផ្ទាល់ជាមួយនឹងប្រទេសចិននោះទេ លើកលែងតែចិន    គម្រាមដល់សុន្តិសុខជាតិអាមេរិកខ្លាំងដូចករណីជប៉ុនវាយប្រហារមូលដ្ឋានទ័ពអាមេរិកនៅ Pearl Harbor ក្នុងសម័យសង្គ្រាមលោកលើកទី២ ។

ទោះជាយ៉ាងណាក៏ចិនទំនងជាមិនប្រថុយនោះទេ ព្រោះ ស៊ុន អ៊ូ ដែលជាដូនតារបស់ខ្លួនលើកឡើងថា “បើគ្មានប្រយោជន៍កុំចេញច្បាំង បើទ័ពមិនខ្លាំងកុំធ្វើសង្គ្រាម” ហើយជាក់ស្ដែងកំលាំងទ័ពរបស់ចិននៅពេលនេះ ក៏មិនមែនជាដៃគូរបស់អាមេរិកនោះដែរ ស្របពេលដែលខ្លួនមានសត្រូវជុំទិសទាំងក្នុង ទាំងក្រៅថែមទៀតនោះ។ ថ្នាក់ដឹកនាំចិន មិនអាចបដិសេធបានទេថាកងទ័ពអាមេរិក ក្រៅតែពីមានបញ្ចប់ថវិការយោធាច្រើនជាងខ្លួនជិត៣ដង កម្លាំងយោធាខ្លាំង សម្ព័នមិត្តច្រើន មូលដ្ឋានទ័ពមានស្ទើរគ្រប់ទីកន្លែងក្នុងពិភពលោក ថែមទាំងមានបទពិសោធន៍សង្រ្គាមជាក់ស្ដែងដែលកងទ័ពរំដោះប្រជាជនចិនពិបាកប្រៀបធៀប។

បញ្ហាសមុទ្រចិនខាងត្បូងនេះ ជាឱកាសមួយដ៏ល្អសម្រាប់អាមេរិក បង្កើនឥទ្ធិពលរបស់ខ្លួនក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ព្រោះបណ្ដាប្រទេសពាក់ព័ន្ធក្នុងជំលោះជាមួយប្រទេសចិនលើបញ្ហាសមុទ្រចិនខាងត្បូងនេះ រួមមានវៀតណាម ហ្វីលីពីន ឬឥណ្ឌូនេស៊ីជាដើម គ្មានលទ្ធភាពទប់ទល់ជាមួយមហា  យក្សចិនដែលកំពុងលេចធ្លោ ទាំងវិស័យយោធា និងសេដ្ឋកិច្ច ដែលតំរូវឲ្យបណ្ដាប្រទេសទាំងនេះ ត្រូវការវត្តមានអាមេរិកជាចាំបាច់ ដើម្បីមានទឹកមាត់ប្រៃគ្រប់គ្រាន់ក្នុងការចរចាជាមួយចិន។ ថ្មីៗនេះ អាមេរិកបានបញ្ចូននាវាផ្ទុកយន្តហោះចំបាំងពីរគ្រឿង ដើម្បីធ្វើសមយុទ្ធយោធានៅតំបន់ជំលោះ ដែលជាសារមួយបញ្ជាក់ប្រាប់ចិនយ៉ាងច្បាស់ថា អាមេរិក នឹងមិនទុកអោយចិនធ្វើអ្វីតាមតែអំពើរចិត្តនោះទេ ហើយអាស៊ីប៉ាស៊ីហ្វិកនៅតែជាដែនឥទ្ធិពលរបស់ខ្លួន។

នៅជ្រុងម្ខាងទៀត អាមេរិកបានខិតខំយកចិត្តទុកដាក់ក្នុងការពង្រឹងសមត្ថភាពយោធា នៅតាមបណ្ដាប្រទេសជាប់ជំលោះ ឬប្រទេសជិតខាងរបស់ចិន ក្នុងគោលបំណងដើម្បីដាក់សម្ពាធបន្ថែមលើទីក្រុងប៉េកាំងដូចជាការលក់អាវុធឲ្យជប៉ុន តៃវ៉ាន់ ឥណ្ឌា ឬឥណ្ឌូនេស៊ី  ដូចតម្រាពិជ័យសង្រ្គាមពន្យល់ថា ត្រូវចងសម្ព័នមិត្ត ទល់នឹងសត្រូវរួម។ តែស៊ុន អ៊ូក៏បានបញ្ជាក់ដែរថា “យើងមិនអាចចូលរួមក្នុងសម្ព័ន្ធមិត្តបានទេ លុះត្រាណាតែយើងស្គាល់សម្ព័ន្ធមិត្តច្បាស់ជាមុនសិន” ក្នុងន័យនេះអាមេរិកដឹងច្បាស់ណាស់ថាប្រទេសទាំងនេះ ត្រូវការខ្លួនជាបង្អែក ដើម្បីទប់ទល់ចិន តែបើមានថ្ងៃណាមួយចិនចុះទន់ខ្សោយ ប្រទេសទាំងនេះ អាចនឹងរុញអាមេរិកចេញ ឬក៏អាចក្លាយជាគូរប្រជែងនឹងអាមេរិកវិញក៏ថាបាន ដូចជាករណីជប៉ុន នៅទសវត្សរ៍ឆ្នាំ៩០ ដែលស្ទើរតែក្លាយជាមហាអំណាចសេដ្ឋកិច្ចទីមួយលើលោកទៅហើយ ប្រសិនបើគ្មានវិបត្តិហិរញ្ញវត្ថុអាស៊ីឆ្នាំ១៩៩៧ ទេនោះ។

រីឯករណីវៀតណាមវិញ អាមេរិកអាចត្រូវរូវជាមួយប្រទេសនេះបានក្នុងពេលនេះ ប៉ុន្តែប្រវត្តិសង្គ្រាមវៀតណាម នៅតែជាការចងចាំមួយសម្រាប់     អាមេរិក។ ដូច្នេះប្រសិនបើត្រូវសាកកម្លាំងជាមួយចិនមែន មហាអំណាចមួយនេះ នឹងគៀងគរប្រទេសទាំងនេះចូលរួមតទល់ជាមួយចិន ដែលអាចធ្វើអោយអាមេរិកមានប្រៀបលើយុទ្ធសាស្ត្រ និងចំណេញភូមិសាស្ត្រនយោបាយថែមទៀតផង។ ដោយឡែក អាមេរិកខ្លួនឯងក៏កំពុងមានបញ្ហាផ្ទៃក្នុងដែលត្រូវដោះស្រាយដូចជាបញ្ហាការរាតត្បាតជម្ងឺ COVID និងរើសអើងជាតិសាសន៍ ឬពណ៌សម្បុរជាដើម។ ដូច្នេះ គេអាចសន្និដ្ឋានបានថា អាមេរិកគ្មានគោលដៅវាយប្រហារចិននោះទេ គ្រាន់តែចង់សង្កត់ចិនអោយជាប់ និងធ្វើអោយចិនថមថយឥទ្ធិពលរបស់ខ្លួនប៉ុណ្ណោះ។

និយាយដល់ប្រទេសចិនវិញ នាពេលបច្ចុប្បន្ន ត្បិតថាមានទំហំសេដ្ឋកិច្ចធំ និងមានកំលាំងយោធាខ្លាំង តែនៅតែមិនមែនជាដៃគូដែលអាចប្រឈមមុខដោយផ្ទាល់ជាមួយអាមេរិកបានឡើយ។ ដូច្នេះថ្នាក់ដឹកនាំបក្សកុម្មុយនិស្តចិនដឹងច្បាស់ណាស់ថា យុទ្ធសាស្រ្តល្អបំផុតនោះគឺ ចៀសវាងចំណុចខ្លាំង តែវាយលុកចំណុចខ្សោយរបស់សត្រូវ ដែលមានចែងក្នុងជំពូកទី៦ ក្នុងសៀវភៅក្បួនសឹក។ ក្នុងន័យនេះ បើគ្មានការចាំបាច់ ចិនត្រូវចៀសវាងសង្គ្រាមជាមួយអាមេរិក និងសម្ព័ន្ធមិត្តព្រោះមហាយក្សអាស៊ីមួយនេះ ត្រូវការពេលវេលាបន្ថែមទៀត ដើម្បីពង្រីកកំលាំងរបស់ខ្លួនទាំងសេដ្ឋកិច្ច និងយោធាដើម្បីឈានទៅរកភាពជាមហាអំណាចទី១ លើលោក។

ចំពោះចិន សង្គ្រាមនឹងនាំមកនូវបញ្ហាជាច្រើនដែលរាំងស្ទះដល់ ដំណើរឈានទៅរកភាពជាកំពូលនៃមហាអំណាចដែលជាមហិច្ឆតារបស់រដ្ឋាភិបាលក្រុងប៉េកាំង។ ក្នុងពេលជាមួយគ្នា ចិនព្យាយាមវាយបកទៅអាមេរិករឿងសមត្ថភាពក្នុងការគ្រប់គ្រងការរីករាលដាលជំងឺឆ្លង COVID ហើយឆ្លៀតពេលបង្អួតសក្តានុពលសេដ្ឋកិច្ចខ្លួន និងទីផ្សារធំទូលាយដែលអាចឲ្យសម្ព័នមិត្ដរបស់អាមេរិកមួយចំនួនធ្វើការពិចារណា ហើយដាក់សម្ពាធដល់សម្ព័នមិត្ដរបស់អាមេរិកណាដែលហ៊ានពើងទ្រូងដាក់ខ្លួនដូចជាអូស្ដ្រាលីជាដើម។ ចំពោះបញ្ហាយោធា ចិនខិតខំយ៉ាងខ្លាំង ដើម្បីធ្វើទំនើបកម្មកងទ័ពរបស់ខ្លួន។

ជាឧទាហរណ៍ ការកសាងនាវាផ្ទុកយន្តហោះចំបាំងដើរដោយថាមពលនុយក្លេអ៊ែ ដែលសព្វថ្ងៃចិនមានតែពីរគ្រឿង ស្របពេលដែលអាមេរិកមានដល់ទៅ១១ គ្រឿង នេះនៅមិនទាន់ប្រៀបធៀបបទពិសោធន៍សង្រ្គាមដែលនាវិកនៅលើនាវាទាំងនេះមានផង។ សូមកុំភ្លេងថា ការកសាងនាវាយក្សប្រភេទនេះ ត្រូវការធនធានច្រើន ពេលវេលាយូរ និងបច្ចេកទេសខ្ពស់ណាស់ ហើយរឿងដែលរឹតតែសំខាន់ទៅទៀតនោះ គឺការចុះចតយន្តហោះលើនាវា មិនមែនងាយស្រួលដូចការចុះចតយន្តហោះលើផ្ទៃដីនោះទេ ដែលទាមទារអោយប្រទេសអាស៊ីមួយនេះ ត្រូវការពេលវេលាវឹកហាត់ច្រើនណាស់។ ម្យ៉ាងវិញទៀត នាវាផ្ទុកយន្តហោះចំបាំង មិនអាចធ្វើប្រតិ្តបតិ្តការតែឯកឯងនោះទេ។

ប្រតិ្តបតិ្តការរបស់នាវាប្រភេទនេះ ត្រូវធ្វើឡើងជាក្រុមដែលគេអោយឈ្មោះថា Carrier strike group ដែលតំរូវអោយមានការស៊ីចង្វាក់គ្នាពេលប្រយុទ្ធលើផ្ទៃទឹក ទាំងយុទ្ធសាស្រ្តវាយលុក និងការការពារ។   ដោយឡែក ប្រទេសចិនទៀតសោក ពោរពេញទៅដោយបញ្ហាទាំងខាងក្នុង និងខាងក្រៅដែលតំរូវប្រទេសមួយនេះ ត្រូវការពេលយូរតទៅទៀតដើម្បីដោះស្រាយ។ បញ្ហាខាងក្នុងរួមមាន បញ្ហានៅហុងកុង ឯករាជ្យភាពនៅតៃវ៉ាន់ បញ្ហាទីបេ ឬជនជាតិ Uyghur នៅខេត្ត Xinjiang ជាដើម ហើយបញ្ហាដ៏ធំមួយទៀតរបស់ប្រទេសចិន គឺអំពើពុករលួយក្នុងចំណោមកម្មាភិបាលរបស់បក្សកុម្មុយនិស្តចិន។

បើនិយាយពីបញ្ហាខាងក្រៅវិញ ចិនត្រូវដោះស្រាយទំនាស់ជាមួយជប៉ុននៅសមុទ្រចិនខាងកើត ស្របពេលដែលខ្លួនមានបញ្ហាជាមួយប្រទេសអាស៊ានមួយចំនួននៅសមុទ្រចិនខាងត្បូង ហើយនេះមិនទាន់រាប់ទាំងបញ្ហាព្រំដែនជាមួយឥណ្ឌា ព្រមទាំងប្រភពចម្លងជម្ងឺ COVID19 ទៀត ដែលពិភពលោកកំពុងចាប់អារម្មណ៍ រួមទាំងសង្រ្គាមពានិច្ចកម្មជាមួយអាមេរិក និងទំនាស់ជាមួយអូស្ដ្រាលី។ បញ្ហាច្រើនកន្លែងបែបនេះ តំរូវឲ្យចិនត្រូវពង្រឹងខ្លួនសព្វកន្លែង ហើយនេះជាត្រណមធំបំផុតរបស់អ្នកធ្វើសឹកដែលស៊ុន អ៊ូលើកឡើង ព្រោះបើប្រទេសចិន ពង្រឹងខ្លួនគ្រប់ចំណុចនៃជម្លោះ នោះនឹងនាំឲ្យប្រទេសចិនខ្សោយគ្រប់កន្លែងដែលអាចឲ្យសត្រូវផ្ដួលចិនបានគ្រប់សមរភូមិប្រយុទ្ធ។  

ត្រង់ចំណុចនេះ ស៊ុន អ៊ូ បញ្ជាក់ថា៖ បើសត្រូវពង្រឹងផ្នែកខាងស្ដាំ នឹងចុះខ្សោយផ្នែកខាងឆ្វេង។ បើពង្រឹងផ្នែកខាងឆ្វេង នោះនឹងចុះខ្សោយផ្នែកខាងស្ដាំ។ បើពង្រឹងផ្នែកខាងមុខ នោះនឹងចុះខ្សោយផ្នែកខាងក្រោយ។ បើពង្រឹងផ្នែកខាងក្រោយ នោះនឹងចុះខ្សោយផ្នែកខាងមុខ។ ប្រសិនបើពង្រឹង កម្លាំងនៅគ្រប់ទីកន្លែង នោះនឹងខ្សោយនៅគ្រប់ទីកន្លែង។ និយាយដល់សម្ព័នមិត្ដរបស់ប្រទេសចិនវិញ គេអាចរាប់ រុស្ស៊ី អ៊ីរ៉ង់ ឬកូរ៉េខាងជើង តែគួរអោយស្ដាយណាស់ដែលមិនដឹងថាសម្ព័នមិត្ដនេះ អាចជួយចិនបានច្រើនប៉ុណ្ណា ព្រោះរុស្ស៊ីខ្លួនឯងកំពុងត្រូវអឺរ៉ុបសង្កត់ជាប់ ជាពិសេស NATO កំពុងឡោមព័ន្ធ។ និយាយពីអ៊ីរ៉ង់ ត្រូវសម្ព័នមិត្ដអាមេរិក នៅអារ៉ាប រួមទាំងអ៊ីស្រាអែលផង សម្លឹងមើលជាប់ ឯកូរ៉េខាងជើងវិញ ត្រូវរងទណ្ឌកម្មសេដ្ឋកិច្ចអស់ជាច្រើនឆ្នាំ ប្រជាជនកំពុងរងទុក្ខ។

ទោះជាយ៉ាងណាចិនមានចំណុចគួរអោយសរសើរលើការប្រើបា្រស់ចារកិច្ចឈ្លបយកការណ៍សំងាត់ ដែលធ្វើអោយអាមេរិក និងអឺរ៉ុបឈឺក្បាលមិនតិចដែរ។ នៅចំណុចចុងក្រោយនៃក្បួនសឹក លោកមេទ័ពស៊ុន បែងចែកចារកិច្ចនេះជា៥ប្រភេទរួមមាន៖ ចារកិច្ចក្នុងស្រុក (Local spies) ចារកិច្ចផ្ទៃក្នុង (inward spies) ចារកិច្ចរបស់សត្រូវ (converted spies) ល្បិចបំភាន់ភ្នែក (doomed spies) និងចារកិច្ចយកការណ៍ពីជំរំទ័ពសត្រូវ (surviving spies)។ តាមរយៈចារកិច្ចទាំងនេះ ចិនអាចយកបានមិនតិចទេ នូវព័ត៌មានសំខាន់ៗ ជាច្រើន ជាពិសេសគឺព័ត៌មានបច្ចេកវិទ្យាទាំងយោធា និងស៊ីវិល។ ងាកមកកម្ពុជាក្នុងបរិបទនៃការប្រជែងអំណាចនេះវិញម្ដង ដ្បិតថា ការប្រជែងគ្នារវាងពួកមហាអំណាចនេះមានឥទ្ធិពលខ្លាំងលើបញ្ហាភូមិសាស្ត្រនយោបាយតំបន់ និងពិភពលោក។

តើកម្ពុជាគួរជ្រើសរើសផ្លូវបែបណា?  ចំពោះអ្នកប្រាកដនិយម ក្នុងទំនាក់ទំនងអន្តរជាតិ ផ្លូវណាក៏ដោយឲ្យតែអាចឲ្យកម្ពុជាទទួលបានផលប្រយោជន៍ រាស្ត្របានសុខ នោះគឺជាផ្លូវត្រឹមត្រូវ ។  ក្នុងបរិបទនេះ កម្ពុជាដែលជាប្រទេសតូច គួរនៅឲ្យស្ងៀម សម្ងំកសាងសង្គមរបស់ខ្លួន ទាំងសេដ្ឋកិច្ច ធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធជាដើម- ដើម្បីចាប់យកឱកាសក្រោយស្ងប់ព្យុះភ្លៀង។ ពេលនេះ មិនមែនជាពេលដែលកម្ពុជាត្រូវយកមុខមាត់ក្នុងការប្រជែងអំណាចនេះទេ។

ប៉ុន្តែកម្ពុជាគួរប្រកាន់នូវនយោបាយអព្យាក្រឹតពិតប្រាកដ មិនមែនអព្យាក្រឹតស្និទ្ធកុម្មុយនីស្តនោះទេ។ ប្រទេសណាក៏ជាមិត្តរបស់កម្ពុជា ហើយប្រទេសទន់ខ្សោយក្រីក្ររមួយនេះ គួរប្រយ័ត្នចំពោះនយោបាយការបរទេសរបស់ខ្លួន។ បើផ្អៀងទៅតែម្ខាង ក្នុងនាមជាប្រទេសតូច កម្ពុជាអាចនឹងក្លាយជាកូនអុករបស់មហាអំណាច ជាក់ជាមិនខាន។ ដូច្នេះកម្ពុជាធ្លាប់ដឹងមកហើយថា នយោបាយអព្យាក្រឹតស្និទ្ធកុម្មុយនីស្ត ក្នុងសម័យសង្គ្រាមត្រជាក់បាននាំមកនូវភាពវិនាសអន្តរាយដល់កម្ពុជា និងបន្សល់ទុកនូវផលវិបាកយ៉ាងច្រើនរហូតមកដល់ពេលបច្ចុប្បន្ននេះ៕

បទវិភាគនិពន្ធដោយលោក ពេជ្រ មូន កែសម្រួល និងអានដោយ លោកតាំង សារ៉ាដា

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស