ព័ត៌មានជាតិ

ពលរដ្ឋខេត្តព្រះសីហនុ រិះគន់ លោក គួច ចំរើន ថាគ្មានសមត្ថភាពទប់ស្កាត់បទល្មើស និងលុបបំបាត់ល្បែងស៊ីសង

By ឌឹ ខេមបូឌា ដេលី

September 08, 2020

ពលរដ្ឋខេត្តព្រះសីហនុរិះគន់សកម្មភាពដឹកនាំ របស់ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ថាគ្មានលទ្ធភាពក្នុងការបង្ក្រាបទប់ស្កាត់បទល្មើសចាប់ជំរិតមនុស្សទារប្រាក់, ជួញដូរអាវុធ, ជួញដូរគ្រឿងញៀន, ចោរឆក់ប្លន់ប្រដាប់អាវុធ, ចោរលួចកាច់កម៉ូតូ, ចោរគាស់ផ្ទះ ចោរលួចកាត់ខ្សែភ្លើង, បទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ ដែលកំពុងសកម្មភាពយ៉ាងអនាធិបតេយ្យក្នុងខេត្តនេះ។

មន្ត្រីឃ្លាំមើលការអភិវឌ្ឍសង្គមមួយចំនួន ប្រចាំខេត្តព្រះសីហនុ បានឱ្យដឹងថា ចំពោះការប្តេជ្ញាចិត្តទាំង ១៣ចំណុច របស់លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក្នុងពិធីប្រកាសចូលតំណែងជាអភិបាលខេត្ត កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ កន្លងមកនេះ មិនទាន់ទទួលបានផលវិជ្ជមានជាដុំកំភួនអ្វីច្រើនទេ ក្រៅតែពីការប្រើបណ្តាញសង្គមហ្វេសប៊ុក ឬPage ផ្សេងៗ ដែលក្រុមរបស់ខ្លួនបានបង្កើតឡើង ដើម្បីអួតអាងប៉ុណ្ណោះ។

កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងនៅចំពោះមុខ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងពិធីប្រកាសទទួលតំណែងថ្មី របស់ខ្លួន ថា នឹងប្ដេជ្ញាថែរក្សាការពារសន្តិសុខសណ្ដាប់ធ្នាប់សង្គម ជូនប្រជាពលរដ្ឋរស់នៅមូលដ្ឋានជាប់មាត់សមុទ្រមួយនេះ ឱ្យបានល្អជាងអភិបាលខេត្តមុនៗ ជាពិសេស អតីតអភិបាលខេត្តព្រះសីហនុ លោក យន្ត មីន ប៉ុន្តែផ្ទុយទៅវិញ សកម្មភាពដឹកនាំ របស់លោក គួច ចំរើន បានត្រឹមតែអួតអាងតែប៉ុណ្ណោះទេ។

កាលណោះ លោក គួច ចំរើន ក៏បានលើកយកការប្តេជ្ញាចិត្ត  របស់ខ្លួន ក្នុងចំណោម ១៣ចំណុចថា នឹងលុបបំបាត់បទល្មើសព្រហ្មទណ្ឌផ្សេងៗ និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទឲ្យខាងតែបាន  ដើម្បីអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាល ឱ្យមានប្រសិទ្ធភាព។ ប៉ុន្តែជាក់ស្តែងរាល់ថ្ងៃនេះ គេសង្កេតឃើញថា បទល្មើសជាច្រើនប្រភេទបានបន្តកើតមានយ៉ាងអនាធិបតេយ្រ គ្មានសញ្ញាថយចុះអ្វីនោះឡើយ។

យ៉ាងនេះក្តី ក្រុមអ្នកឃ្លាំមើលផែនការអភិវឌ្ឍសង្គម ក៏បានស្នើដល់ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ឲ្យបន្តពង្រឹងអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ឲ្យបានប្រសើរជាងនេះ ព្រោះថា បច្ចុប្បន្នភាព នៅក្រុងព្រះសីហនុ រាល់ថ្ងៃនេះ ស្ទើរក្លាយទៅជាទីតាំង សម្រាប់ឲ្យក្រុមជនល្មើសស្នាក់នៅ និងបង្កបទល្មើសអញ្ចឹងដែរ។

ទាំង លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ព្រមទាំង លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ និងលោក ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ តែងអះអាងនៅលើបណ្តាញសង្គមហ្វេសប៊ុក និងតាមវេទិកាប្រជុំផ្សេងៗ ដោយជម្រុញឲ្យកងកម្លាំងជំនាញត្រូវយកចិត្តទុកដាក់បង្កើនកម្លាំងរក្សាការពារសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងអ្នកវិនិយោគទុនជាដើម ដោយការទទួលខុសត្រូវខ្ពស់។

ជាពិសេសមានបទល្មើសជាច្រើនត្រូវបានបង្ក្រាប និងចាប់ខ្លួនជនសង្ស័យជាច្រើននាក់ កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះសីហនុ បន្តនីតិវិធីតាមច្បាប់ជាបន្តបន្ទាប់៕