33 C
Phnom Penh

ប្រតិកម្មពីថ្កោលទោសពីមតិជាតិនិងអន្តរជាតិទៅលើរដ្ឋាភិបាលជុំវិញការចាប់ខ្លួនក្រុមយុវជនសិទ្ធិមនុស្សនិងបរិស្ថាន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រតិកម្មមិនពេញចិត្ត និងថ្កោលទោស រដ្ឋាភិបាលលោកហ៊ុន សែន ចាប់ផ្តើមកើតមានឡើងជាហូរហែ បន្ទាប់ពីអាជ្ញាធរបានធ្វើទុក្ខបុកម្នេញ និងឈានទៅចាប់ខ្លួនយុវជនបរិស្ថាន និងសិទ្ធិមនុស្សជាបន្តបន្ទាប់។

អ្នករាយការណ៍ពិសេស ទទួលបន្ទុកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ អ្នកស្រី ម៉ារី ឡរឡ័រ (Mary Lawlor) បានលើកឡើងនៅលើបណ្តាញធ្វីទ័រ (Twitter) នៅថ្ងៃនេះថា អ្នកស្រីកំពុងយកចិត្តទុកដាក់ចំពោះស្ថានភាពចាប់ខ្លួនសកម្មជនបរិស្ថាន និងសិទ្ធិមនុស្ស នៅកម្ពុជាក្នុងពេលថ្មីៗនេះ ។ អ្នកស្រីអះអាងថា ការតវ៉ាដោយសន្តិវិធីមិនមែនជាជនឧក្រិដ្ឋ ឬជាបទល្មើសនោះឡើយ។

ដោយឡែកនាយិការមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាCCHR អ្នកស្រី ចក់ សុភាព បានលើកឡើងកាលពីថ្ងៃម្សិលមិញលើគណនីហ្វេសប៊ុកថា ការបន្តបង្រ្កាប ចាប់ខ្លួន និងចោទប្រកាន់ជាបន្តបន្ទាប់ទៅលើអ្នកការពារសិទ្ធិមនុស្ស សកម្មជនបរិស្ថាន និងពលរដ្ឋ ដោយសារតែការប្រើប្រាស់សិទ្ធិសេរីភាពស្របច្បាប់របស់ពួកគេ ដែលត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ និងច្បាប់សិទ្ធិមនុស្សអន្តរជាតិ ជាការបង្ហាញនូវការបំពានយ៉ាងធ្ងន់ធ្ងរទាំងស្រុង។

អ្នកស្រីបន្តថា ការប្តេជ្ញាចិត្តចំពោះការគោរពសិទ្ធិមនុស្សនៅកម្ពុជា នឹងបរាជ័យ ឬ មិនអាចសម្រេចបាននោះទេ ដរាបណានៅតែមានការរំលោភបំពានលើសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ។

មកទល់ថ្ងៃច័ន្ទទី៧ ខែកញ្ញានេះ សមត្ថកិច្ចរាជធានីភ្នំពេញ បានឃាត់ខ្លួនយុវជនខ្មែរថាវរៈ យុវជនចលនាមាតាធម្មជាតិ និងយុវជនសមាគមសម្ព័ន្ធនិស្សិតបញ្ញវ័ន្តខ្មែរ មានចំនួន៧នាក់ និងព្រះសង្ឃមួយអង្គផងដែរ ។

ការចាប់ខ្លួនក្រុមចលនាមាតាធម្មជាតិរួមមានលោក ថុន រដ្ឋា កញ្ញា ឡុង គន្ធ និងកញ្ញា ភួង កែវរស្មី  កើតឡើងក្រោយពេលពួកគេមានគម្រោងធ្វើដំណើរដោយថ្មើជើងពីរមណីយដ្ឋានវត្តភ្នំពេញ ឆ្ពោះមកផ្ទះលោកហ៊ុន សែន ក្បែរវិមានឯករាជ្យចង់ជួបលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រាប់ពីក្តីកង្វល់ជុំវិញការលុបបឹងតាមោកឬ បឹងទំនប់កប់ស្រូវ និង ការចោទថាពួកគេផ្សាយព័ត៌មានដោយខុសច្បាប់។

រីឯការចាប់ខ្លួនយុវជនខ្មែរថាវរៈ និងសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ រួមមានលោក មាន ព្រហ្មមុន្នី ព្រះតេជព្រះគុណ កើត សារ៉ាយ លោក ថា ឡាវី កញ្ញា សូ មេត្តា និង កញ្ញា សាន ស្រីនិច្ច។ ពួកគេត្រូវបានចាប់ខ្លួនកាលពីថ្ងៃម្សិលមិញ និងនៅថ្ងៃនេះ។

ការចាប់ខ្លួននេះ ដោយអាជ្ញាធរចោទថាពួកគេនាំគ្នាប្រមូលផ្តុំធ្វើបាតុកម្មដោយសន្តិវិធី នៅទីលានប្រជាធិបតេយ្យស្នើឱ្យដោះលែង អ្នកជាប់ឃុំមុនៗ និងស្នើឱ្យមានយុត្តិធម៌សង្គមត្រឹមត្រូវ។

ថ្លែងប្រាប់អ្នកសារព័ត៌មាននៅព្រឹកនេះនាទីលានប្រជាធិបតេយ្យ កញ្ញា សូ មេត្តា មុនពេលមានការចាប់ខ្លួនកញ្ញា បានឱ្យដឹងថា ការតវ៉ាដោយសន្តិវិធី និងហិង្សា នៅទីលានប្រជាធិបតេយ្យ ពុំមែនជារឿងខុសច្បាប់ឡើយ ប៉ុន្តែជាសិទ្ធិសេរីភាពដែលស្របទៅនឹងរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់រដ្ឋតែប៉ុណ្ណោះ។

កញ្ញាបានចាត់ទុកសកម្មភាពរារាំងរបស់អាជ្ញាធរ និងការចាប់ខ្លួនគ្នីគ្នារបស់កញ្ញាជាបន្តបន្ទាប់ គឺជាការបំបិទសិទ្ធិសេរីភាពសម្តែងមតិរបស់ពលរដ្ឋ និងជាការគំរាមកំហែងដែលរំលោភទៅលើសិទ្ធិមនុស្សជាតិនិងអន្តរជាតិយ៉ាងធ្ងន់ធ្ងរ។

យ៉ាងនេះក្តី ក្នុងចំណោមអ្នកចាប់ខ្លួនខ្លះត្រូវបានតុលាការចោទប្រកាន់អំបទញុះញង់បង្កភាពវឹកវរដល់សង្គម និងបានសម្រេចឃុំខ្លួននៅពន្ធនាគារព្រៃស ជាបណ្តោះអាសន្ន។

ក្រសួងមហាផ្ទៃនៅថ្ងៃទី៧ខែកញ្ញានេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយដោយចោទថា កុ្រមយុវជនចលនាមាតាធម្មជាតិ និងយុវជនខ្មែរថាវរៈ ធ្វើសកម្មភាព ក្រោមស្លាកអង្គការសមាគមខុសច្បាប់ ព្រោះមិនបានចុះបញ្ជីនៅក្រសួងមហាផ្ទៃនោះឡើយ។ លើសពីនេះ ពួកគេធ្វើសកម្មភាពក្រោមរូបភាពដែលមានអង្គការចាត់តាំងច្បាស់លាស់ មានចរឹកបំផុសបំផុល ញុះញង់ធ្វើឱ្យប៉ះពាល់ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងបង្កភាពវឹកវរដល់សង្គមជាតិ ដោយប្រើបណ្តាញសង្គម និងព័ត៌មានមួយចំនួនដើម្បីផ្សព្វផ្សាយ។

ទោះជាយ៉ាងណាក៏ដោយ ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យឬSMD បានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី៦ខែកញ្ញា ដោយថ្កោលទោសរដ្ឋាភិបាលលោកហ៊ុន សែន  ដែលបានចាប់ខ្លួនសកម្មជនពលរដ្ឋសកម្មដើម្បីយុត្តិធម៌សង្គម។

SMD បានចាត់ទុកសកម្មភាពនេះ ថាជាការបំពានលើសិទ្ធិសេរីភាពស្របច្បាប់របស់ម្ចាស់នគរ និងជាការបន្តសង្កត់សង្កិនជ្រុលហួសហេតុទៅលើពលរដ្ឋ។

ក្រៅពីទាមទារយ៉ាងដាច់ខាតឱ្យរដ្ឋាភិបាល និងតុលាការ លោកហ៊ុន សែន ដោះលែង សកម្មជនសិទ្ធិមនុស្សនិង បរិស្ថាន  SMD ក៏បានស្នើឱ្យរដ្ឋសភាកម្ពុជាធ្វើវិសោធនកម្មលុបចោលបទញុះញង់ឱ្យប្រព្រឹត្តបទល្មើស ត្រង់ជំពូក៣ ផ្នែកទី៣ នៃក្រមព្រហ្មទណ្ឌកម្ពុជាផងដែរ។

ចំណែកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ក៏បានចេញលិខិតថ្កោលទោសយ៉ាងដាច់អហង្ការ និង ទាមទារឱ្យរដ្ឋាភិបាល ដោះលែង សកម្មជនសិទ្ធិមនុស្ស និងបរិស្ថានទាំងនោះ ដើម្បីបង្ហាញពីការរួមចំណែកលើកកម្ពស់សិទ្ធិមនុស្ស សេរីភាពបញ្ចេញមតិ សិទ្ធិជួបជុំនៅកម្ពុជាជាដើម។

អ្នកវិភាគនយោបាយ និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ លើកឡើងថាក្រុមពលរដ្ឋសកម្ម កំពុងធ្វើរឿងត្រឹមត្រូវនិងអស្ចារ្យសម្រាប់ប្រយោជន៍ជាតិជារួម។ លោកថា ក្នុងឆាកជីវិត៤០ឆ្នាំមកនេះ គឺពុំមានរឿងអ្វីដែលលោករំភើបដល់ស្រក់ទឹកភ្នែកដូចពេលឃើញការតស៊ូរបស់ពលរដ្ឋ   និងយុវជនដែលសកម្មលើបញ្ហាសង្គមជាតិនោះឡើយ។

លោកថាពួកគេ កំពុងនាំគ្នាបំពេញបេសកកម្មសង្គ្រោះប្រទេសជាតិ ទាន់ពេលដែលកម្ពុជានៅមានប្រទេស ពីព្រោះបើដល់ពេលកម្ពុជាបាត់ប្រទេសហើយ ទោះបីជាភ្ញាក់ខ្លួនក៏ហួសពេលនោះដែរ។

លោកយល់ឃើញថា មហាជនសកម្មដើម្បីយុត្តិធម៌ គឺជាឱសថសម្លាប់មេរោគផ្តាច់ការទុច្ចរិត ដែលបំផ្លាញសង្គមជាតិ៕ 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស