31 C
Phnom Penh

គណៈកម្មាធិការព្រំដែនកម្ពុជា ថាគ្មានករណីបាត់បង់ដីធ្លី ក្រោយបោះបង្គោលព្រំដែន ដូចការលើកឡើងរបស់លោក រ៉ុង ឈុន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចព្រំដែនកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិទទួលបន្ទុកព្រំដែនកម្ពុជា បានអះអាងថា តំបន់ដែលពលរដ្ឋលើកឡើងថាមានការបាត់បង់ដីធ្លីរាប់រយហិកតា នៅឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ក្រោយការបោះបង្គោលព្រំដែនកម្ពុជា-វៀតណាមកាលពីពេលកន្លងទៅនោះ ជាគឺគណៈកម្មាធិការជាតិរកមិនឃើញដូចការលើកឡើងនោះឡើយ។

នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០ លោក វ៉ា គឹមហុង បានដឹកនាំមន្រ្តីរបស់លោក ចុះពិនិត្យមើលតាមព្រំដែន និងបានជួបសួរប្រជាពលរដ្ឋ ក្នុងឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំទីតាំងបង្គោលព្រំដែនលេខ១១៧។ ផ្ទុយស្រឡះពីសេចក្តីថ្លែងការណ៍របស់លោក រ៉ុង ឈុន ចម្លើយដែលលោក វ៉ា គឹមហុង ទទួលបានពីប្រជាពលរដ្ឋ គឺពួកគាត់អះអាងថា ពុំបានបាត់ដីនោះឡើយ។

អនុប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា អ្នកស្រី កុយ ពិសី សរសរទំព័រនិងគណនីហ្វេសប៊ុករបស់អ្នកស្រីកាលពីចុងសប្តាហ៍មុនថា ការពិតត្រូវបានលាតត្រដាង ដោយគ្រប់ចម្លើយរបស់ប្រជាពលរដ្ឋ គឺអត់មានបាត់ដីទៅវៀតណាមទេ។

អ្នកស្រី ថាអ្វីដែលពលរដ្ឋ ចូលរួមជាមួយពួកអគតិកន្លងទៅ ដោយសារពួកអគតិ បានសន្យាថា នឹងជួយតវ៉ាសុំដី ដែលកម្ពុជា ទទួលបានបន្ទាប់ពីការបញ្ចប់ការងារខណ្ឌសីមានិងការបោះបង្គោលព្រំដែននៅតំបន់នោះ ឲ្យពួកគាត់បានអាស្រ័យផលទៅថ្ងៃមុខតែប៉ុណ្ណោះ។

ប្រធានសហភាពសហជីពកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៣១ កក្កដា ក្រោយពេលលោកបានលើកឡើង និងសេចក្តីថ្លែងការណ៍មួយ ដោយបង្ហាញពីការលើកឡើងរបស់ពលរដ្ឋថាពួកគេជាង១រយគ្រួសារបានបាត់បង់ដីធ្លីរាប់រយហិកតា បន្ទាប់ពីមានការបោះបង្គោលព្រំដែនកម្ពុជា-វៀតណាម កាលពីពេលកន្លងមក។

លោកត្រូវបានចោទប្រកាន់ពីបទញុះញង់បង្កភាពវឹកវរដល់សង្គមជាតិ មួយថ្ងៃក្រោយពេលចាប់ខ្លួន និងត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃស។ សំណុំរឿងព្រំដែននេះ បានជំរុញឱ្យប្រធានគណបក្សខ្មែរឈ្នះ លោក សួង សុភ័ណ្ឌ និងយុវជន ព្រមទាំងពលរដ្ឋ៥នាក់ផ្សេងទៀតត្រូវបានចាប់និងឃុំខ្លួន ដោយសារពួកគេទាមទារឱ្យដោះលែងលោក រ៉ុង ឈុន នេះ។

ក្រោយការចាប់ខ្លួនពួកគេ ក៏មានមតិ រិះគន់រដ្ឋាភិបាលជាបន្តបន្ទាប់ ដោយថាអ្វីដែលរដ្ឋាភិបាលធ្វើ ជាការរំលោភសិទ្ធិមនុស្ស និងបិទសិទ្ធិសេរីភាព ផ្ទុយពីរដ្ឋធម្មនុញ្ញកម្ពុជា និងគោលការសិទ្ធិមនុស្សជាសកលផងដែរ។ ប៉ុន្តែប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន កាលពីពាក់កណ្តាលខែសីហា បានអះអាងថាជាវិធានការច្បាប់សុទ្ធសាធ ដើម្បីបញ្ចៀសពីសង្គ្រាមជាមួយប្រទេសជិតខាង ហើយលោកនឹងចាប់ខ្លួនពលរដ្ឋបន្តទៀតប្រសិនបើរិះគន់រឿងព្រំដែន ពិសេសចោទថារដ្ឋាភិបាលរបស់លោកក្បត់ជាតិរឿងព្រំដែនបន្តទៀត។

យ៉ាងនេះក្តី ការចុះស្រាវជ្រាវករណីបាត់ដីនៅឃុំត្រពាំងផ្លុង បន្ទាប់ពីលោកហ៊ុន សែន បានបញ្ជាទៅលោកវ៉ា គឹមហុងផ្ទាល់ ឱ្យចុះសិក្សាអំពីបញ្ហានេះ ប៉ុន្តែមានមតិខ្លះនិយាយថាផែនការចុះទៅនោះក៏អាចធ្វើឱ្យពលរដ្ឋបារម្ភពីសុវត្ថិភាព ហើយមិនហ៊ាននិយាយអ្វីដែលជាការពិតនោះឡើយ។

ក្រុមសកម្មជនព្រំដែននិយាយថា លោក ហ៊ុន សែន កំពុងបង្កើតខ្សែបន្ទាត់ព្រំដែនខុសច្បាប់ថ្មីជាមួយវៀតណាមដោយស្ងាត់ៗតាមរយៈផែនទីថ្មី ខា្នត ១/២៥.០០០ ដែលបានបង្កើតឡើងដោយស្ងាត់ៗជាមួយវៀតណាម ដោយប្រើពាក្យបន្លំថាដូចមានក្នុងផែនទី បោន (Bonne) ខ្នាត ១/១០០.០០០។ 

ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ អះអាងថា ផែនទីខ្នាត ១/២៥.000 ជាការបង្កើតឡើងដោយផ្អែកលើមូលដ្ឋានសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋខុសច្បាប់ ឆ្នាំ១៩៨៥ ជាសន្ធិសញ្ញាមិនស្មើភាពគ្នា និងក្រោមការត្រួតត្រាដោយកងទ័ពវៀតណាម និងធ្វើឡើងតាមសន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ២០០៥ និងឆ្នាំ ២០១៩ ផ្អែកលើមូលដ្ឋានសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋខុសច្បាប់ ឆ្នាំ១៩៨៥ តែប៉ុណ្ណោះ។

ពួកគេអះអាងថា ផែនទីខ្នាត ១/២៥.000 នេះ ធ្វើឡើងតាមផែនទី បោន (Bonne) ១/១00.000 បោះពុម្ភនៅវៀតណាម ឆ្នាំ១៩៨៥ និងផែនទីយូធីអឹម (UTM) ខ្នាត ១/៥0.000 របស់យោធាអាមេរិកដែលបានប្រើប្រាស់សម្រាប់តែក្នុងសម័យសង្គ្រាមវៀតណាមប៉ុណ្ណោះ ហើយក៏ជាផែនទីមិនស្របរដ្ឋធម្មនុញ្ញកម្ពុជា មាត្រា២ និងផ្ទុយពីខ្លឹមសារកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ទាំងស្រុង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស