41.3 C
Phnom Penh

ពលរដ្ឋគ្មានជំនឿទៅលើប្រសិទ្ធភាព របស់ក្រុមដោះស្រាយមតិយោបល់ ឬសំណូមពរមហាជន ដែលលោក ស ខេង បង្កើតនោះទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋមានទំនាស់ដីធ្លីនៅតាមរាជធានី-ខេត្តមួយចំនួន ថ្លែងថា ពួកគេមានជំនឿតិចតួច ឬគ្មានជំនឿទាល់តែដោះ ទៅលើប្រសិទ្ធភាព របស់សមាសភាពក្រុមការងារដោះស្រាយមតិយោបល់ ឬសំណូមពរ របស់មហាជនតាមបណ្តាញសង្គម ឬផេកហ្វេសប៊ុក ដែលរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្កើតឡើងកាលពីថ្មីៗនេះទេ។

ពួកគេនិយាយថា សមាសភាពក្រុមការងារ ដែលលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្កើតមកនេះ ទំនងជាមិនអាចជួយអ្វីដល់ ពលរដ្ឋឲ្យទទួលបានផលវិជ្ជមាន ឬទទួលបានយុត្តិធម៌នោះទេ។

ព្រោះតាមការសង្កេតកន្លងមក  រាល់សំណូមពរ របស់ប្រជាពលរដ្ឋ ផ្ញើចូលទៅក្នុងបណ្តាញសង្គមហ្វេសប៊ុកផេក របស់ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងពាក្យបណ្តឹងដាក់តាមបែបបបទរដ្ឋបាល ក្តីក៏មិនដែលមានចម្លើយឆ្លើយតបពីក្រសួងមហាផ្ទៃ ឬពីលោក ស ខេង ម្តងណាដែរ។

កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ក្រសួងមហាផ្ទៃ បានចេញសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារតាមដានអំពីការងារដោះស្រាយ ចំពោះមតិយោបល់ ឬសំណូមពរ (Comment) របស់មហាជនក្នុងគេហទំព័រហ្វេសប៊ុក (facebook page) របស់លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

សេចក្តីសម្រេចនោះ មានសមាសភាព មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃចំនួន ១១នាក់ ដឹកនាំដោយ លោកនាយឧត្តមសេនីយ៍ ជា សុគន្ធា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន និងជានាយករងខុទ្ទការល័យ លោក ស ខេង ជាប្រធាន។

យ៉ាងនេះក្តី ប្រជាពលរដ្ឋរងគ្រោះដីធ្លី នៅតាមសហគមន៍មួយចំនួនរួមមាន៖ រាជធានីភ្មំពេញ, ខេត្តព្រះសីហនុ, កំពត, កោះកុង, កំពង់ស្ពឺ , កណ្តាល, បាត់ដំបង, បន្ទាយមានជ័យ និងខេត្តឧត្តមានជ័យជាដើម  បានអះអាងថាកន្លងមក ពួកគាត់ធ្លាប់បានផ្តល់ព័យ៌មានតាមផេកហ្វេសប៊ុក របស់ លោក ស ខេង និងថែមទាំងបានដាក់លិខិតជាលក្ខណៈរដ្ឋបាល ជូន លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឲ្យជួយពិនិត្យ  និងដោះស្រាយបញ្ហាទំនាស់ដីធ្លី ព្រមទាំងបញ្ហាមិនប្រក្រតីមួយចំនួនទៀត ប៉ុន្តែមិនមានការឆ្លើយតបមកពួកគាត់វិញទេ។ ហើយថា ពាក្យបណ្តឹងទាំងនោះ បានអូសបន្លាយពេលរាប់ឆ្នាំ ហើយមិនមានការឆ្លើយតបបែបណាមកពួកគាត់វិញទេ។

ជាងនេះទៀត ក្រុមប្រជាពលរដ្ឋ ក៏មិនដឹងថា មន្រ្តីក្រសួងមហាផ្ទៃ ដែលទទួលយកបណ្តឹង ឬមតិយោបល់ របស់ពួកគាត់នោះ បានទៅដល់ដៃ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឬមួយក៏មន្ត្រីទាំងនោះ យកទៅផ្អិបទុកចោល នៅកន្លែងណាមួយ ទើបគ្មានការឆ្លើយតបប្រឡប់មកពួកគាត់វិញដូច្នេះទៅវិញ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស