38 C
Phnom Penh

អតីតស្នងការនគរបាលខេត្តកំពង់ធំ ត្រូវបានរកឃើញថាពិតជាបៀតបៀនកេរ្តិ៍ភេទលើមន្ត្រីនគរបាលជាស្រ្តី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានអះអាងថា អតីតស្នងការនគរបាលខេត្តកំពង់ធំ លោក អ៊ុក កុសល ពិតជាបានប្រព្រឹត្តអំពើបៀតបៀនកេរ្តិ៍ភេទទៅលើមន្ត្រីនគរបាលជាស្ត្រីនៃស្នងការដ្ឋាននគរបាលខេត្តនេះប្រាកដមែន។

ក្រោយពីបានរកឃើញរឿងអាស្រូវកេរ្តិ៍ភេទនេះ ក្រសួងមហាផ្ទៃបានសម្រេចដកតំណែងលោក អ៊ុក កុសល ពីស្នងការនគរបាលខេត្តកំពង់ធំតែម្តង។ 

សារព័ត៌មានVOD បានស្រង់ប្រសាសន៍របស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ នៅថ្ងៃនេះថា ក្រសួងបានសម្រេចបញ្ចប់តំណែងលោក អ៊ុក កុសល ពីស្នងការនគរបាលខេត្តកំពង់ធំ និងបានស្នើទៅប្រមុខរាជរដ្ឋាភិបាល និងព្រះមហាក្សត្រ ដើម្បីពិនិត្យ ព្រមទាំងពិចារណាព្រះរាជទាន និងសម្រេចបន្ថយឋានន្តរសក្តិមន្ត្រីរូបនេះពីថ្នាក់ឧត្តមសេនីយ៍ទោ ឬផ្កាយ២ មកជាវរសេនីយ៍ឯកឬសក្តិ៥វិញផងដែរ។

 សារព័ត៌មានដដែលក៏បានស្រង់ការបញ្ជាក់ពីអគ្គស្នងការនគរបាលជាតិ លោក នេត សាវឿន ថា ក្រោយពីបានធ្វើការស៊ើបអង្កេតលើបណ្តឹងនោះ ក្រសួងបានរកឃើញថា លោក អ៊ុក កុសល ពិតជាបានប្រព្រឹត្តអំពើបៀតបៀនកេរ្តិ៍ខ្មាសទៅលើមន្ត្រីនគរបាលស្ត្រីក្រោមឱវាទរបស់ខ្លួនពិតមែន។ ប៉ុន្តែមន្ត្រីជាន់ខ្ពស់អគ្គស្នងការនគរបាលជាតិរូបនេះ បញ្ជាក់ថាសំណុំរឿងនេះមិនត្រូវបញ្ជូនទៅតុលាការឡើយ ព្រោះអាជ្ញាធរលំបាកក្នុងការចងក្រងឯកសារ និងដើម្បីការពារសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះ។

កាលពីថ្ងៃទី៣០ខែកក្កដា  ពាក្យបណ្តឹងរបស់ស្រ្តី ៤រូប ដែលអះអាងថាជាមន្រ្តីនគរបាលនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានសម្រេចប្តឹងទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ដើម្បីជួយអន្តរាគមន៍ចំពោះការបៀតបៀនកេរ្តិ៍ភេទទៅលើពួកគេពីសំណាក់ លោក អ៊ុក កុសល។

ក្នុងពាក្យបណ្តឹងនោះ ពួកគេបានចោទប្រកាន់ លោក អ៊ុក កុសល ថាបានលួងលោមមន្ត្រីនគរបាលជាស្ត្រីជាច្រើនឲ្យផ្តល់ខ្លួនប្រាណឲ្យលោក ឬអនុញ្ញាតឲ្យលោកប៉ះពាល់កេរ្តិ៍ភេទ ជាថ្នូរនឹងការបានឡើងឋានន្តរស័ក្តិ បើទោះបីជាដឹងថានគរបាលជាស្ត្រីខ្លះមានប្តីរួចទៅហើយក្តី។ លើសពីនេះ អតីតស្នងការខេត្តរូបនេះ បានគំរាមកំហែង មិនឱ្យបែកធ្លាយរឿងនេះទៅក្រៅថែមទៀតផង។ 

ក្រោយមកបញ្ហានេះ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកស ខេង បានបញ្ជាទៅអគ្គស្នងការនគរបាលនិងអភិបាលខេត្តកំពង់ធំ ឱ្យពិនិត្យនិងធ្វើការស៊ើបអង្កេតរកការពិតចំពោះករណីនេះ។

កាលពីថ្ងៃទី១២ ខែសីហា ក្រសួងមហាផ្ទៃបានសម្រេចផ្អាកការងារលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ពីស្នងការខេត្តកំពង់ធំជាបណ្តោះអាសន្ន និងតម្រូវឱ្យលោកត្រូវបង្ហាញខ្លួននៅនាយកដ្ឋានបុគ្គលិករៀងរាល់ម៉ោងធ្វើការ ដើម្បីរង់ចាំការសម្រេចជាថ្មី។

ទោះបីជាយ៉ាងនេះក្តី កាលពីថ្ងៃទី១៣ខែសីហា អតីតស្នងការ នគរបាលខេត្តកំពង់ធំ លោក អ៊ុក កុសល បានបដិសេធនូវបណ្តឹងដែលចោទប្រកាន់រូបលោកជុំវិញការបៀតបៀនកេរ្តិ៍ភេទទៅលើមន្ត្រីនគរបាលក្រោមឱវាទជាស្ត្រី។

លោក អ៊ុក កុសល អះអាងថាបណ្តឹងរឿងអាស្រូវចោទប្រកាន់លោកនោះ ត្រូវបានរៀបចំដោយជនមួយក្តាប់តូចមានបំណងទម្លាក់រូបលោកពី តំណែងតែប៉ុណ្ណោះ។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកឃ្លាំមើលសិទ្ធិស្ត្រីនិយាយថា ការដកតំណែង និងដកហូតបុណ្យស័ក្កិលោក អ៊ុក កុសល នៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ ត្បិតសំណុំរឿងបៀតបៀនកេរ្តិ៍ភេទស្ត្រីជាកូនចៅនេះជារឿងព្រហ្មទណ្ឌ ដែលអាចប្រឈមការជាប់ពន្ធនាគារពី១ឆ្នាំទៅ ៣ឆ្នាំ។

លើសពីនេះ ការប្រព្រឹត្តទង្វើនេះ ជាគម្រូអាក្រក់សម្រាប់មន្ត្រីនគរបាលយុត្តិធម៌កម្ពុជា ត្បិតជាស្ថាប័នអនុវត្តច្បាប់ ហើយប្រសិនបើករណីនេះមិនបានចាត់វិធានការតាមច្បាប់ គឺបង្ហាញពីការអនុវត្តច្បាប់ដែលមានស្តង់ដារច្រើន ព្រមទាំងធ្វើឱ្យប្រព័ន្ធច្បាប់នៅកម្ពុជាកាន់តែទន់ខ្សោយថែមទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស