29 C
Phnom Penh

មន្រ្តីជាន់ខ្ពស់របស់អង្គការសហប្រជាជាតិប្រតិកម្មជុំវិញការបង្រ្កាបរបស់អាជ្ញាធរទៅលើអ្នកតវ៉ាដែលទាមទារសិទ្ធីសេរីភាព

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នករាយការណ៍ពិសេស ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជានៃអង្គការសហប្រជាជាតិ អ្នកស្រី រ៉ូណា ស្មីត អះអាងថា អ្នកស្រីមានក្តីកង្វល់ជាខ្លាំងចំពោះរបាយការណ៍នានាដែលបង្ហាញអំពីការចាប់ខ្លួន និងចោទប្រកាន់សកម្មជនបរិស្ថាន ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ និងបង្កើតភាពវឹកវរដល់សង្គម តាមមាត្រា ៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌ។

ទំព័រហ្វេសប៊ុករបស់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិបានលើកឡើងនៅថ្ងៃអង្គារនេះថា បុគ្គលមួយចំនួន ព្រមទាំងព្រះសង្ឃមួយព្រះអង្គផង ត្រូវបានអាជ្ញាធរក្រុងភ្នំពេញចាប់ខ្លួន និងឃុំខ្លួនជាបន្តបន្ទាប់ ចាប់តាំងពីថ្ងៃសុក្រ សប្តាហ៍មុន។

អ្នកជំនាញសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិទទួលបន្ទុកនៅកម្ពុជារូបនេះ លើកឡើងថា សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ការបង្កើតសមាគម និងការជួបជុំដោយសន្តិវិធី ត្រូវបានការពារដោយនិយាម និងបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ ក៏ដូចជារដ្ឋធម្មនុញ្ញកម្ពុជាផងដែរ។ 

អ្នកស្រី រ៉ូណា ស្មីត ជំរុញដល់អាជ្ញាធរលោកហ៊ុន សែន ត្រូវធានាថា សិទ្ធិទាំងនេះត្រូវបានគោរព និងការពារ ហើយបង្កើតបរិយាកាសមួយដែលបុគ្គលម្នាក់ៗអាចអនុវត្តសិទ្ធិទាំងនេះបានដោយគ្មានការគំរាមកំហែង និងភ័យខ្លាច។

អ្នកស្រី ក៏ជំរុញឱ្យបញ្ជូនអ្នកដែលត្រូវបានចាប់ខ្លួនទាំងនោះទៅតុលាការ ប៉ុន្តែត្រូវគោរពឱ្យបានពេញលេញនូវសិទ្ធិទទួលបាននីតិវិធីត្រឹមត្រូវរបស់ពួកគេ។ ជាមួយគ្នានេះ អ្នកស្រីបញ្ជាក់ជាចុងក្រោយថា អ្នកស្រីកំពុងតាមដានព្រឹត្តិការណ៍ទាំងនេះយ៉ាងដិតដល់នៅក្នុងប្រទេសកម្ពុជា។

ចាប់ពីសប្តាហ៍មុន មកទល់ថ្ងៃច័ន្ទទី៨ ខែកញ្ញានេះ សមត្ថកិច្ចរាជធានីភ្នំពេញ បានឃាត់ខ្លួនយុវជនខ្មែរថាវរៈ យុវជនចលនាមាតាធម្មជាតិ និងយុវជនសមាគមសម្ព័ន្ធនិស្សិតបញ្ញវ័ន្តខ្មែរ មានចំនួន៧នាក់ និងព្រះសង្ឃមួយអង្គផងដែរ ។ ការចាប់ខ្លួននោះ កើតឡើងបន្ទាប់ពីពួកគេមានគម្រោងចង់ជួបលោកហ៊ុន សែន ប្រាប់ពីកង្វល់នៃការលុបបឹងតាមោក ការចូលរួមឈឺឆ្អាលរឿងសង្គម និងបរិស្ថាន ព្រមទាំងគម្រោងនៃការដឹកនាំធ្វើបាតុកម្មទាមទារឱ្យមានយុត្តិធម៌សង្គម។

លើសពីនេះ ការចាប់ខ្លួនលោក មាន ព្រហ្មមុនី និងព្រះតេជព្រះគុណកើត សារ៉ាយ ព្រមទាំងយុវជនខ្មែរថាវរៈដទៃទៀត ក្រោយពេលពួកគេបានជួបមន្ត្រីជាន់ខ្ពស់ស្ថានទូតអាមេរិកនៅកម្ពុជា បង្ហាញពីកង្វល់ជុំវិញសិទ្ធិសេរីភាពបញ្ចេញមតិ និងភាពអយុត្តិធម៌សង្គមជាដើម។

ក្នុងចំណោមអ្នកដែលត្រូវបានអាជ្ញាធរចាប់ខ្លួនខ្លះ ត្រូវបានគេបញ្ជូនសំណុំរឿងទៅតុលាការ ហើយតុលាការចោទប្រកាន់អំបទញុះញង់បង្កភាពវឹកវរដល់សង្គម និងបានសម្រេចឃុំខ្លួននៅពន្ធនាគារព្រៃស ជាបណ្តោះអាសន្ន។ អ្នកទាំងនោះ រួមមានលោក ថុន រដ្ឋា កញ្ញា ភួន កែវរស្មី កញ្ញា ឡុង គន្ធា លោក មាន ព្រហ្មមុនី ព្រះតេជព្រះគុណ កើត សារ៉ាយ ដែលត្រូវបានអាជ្ញាធរចាប់ផ្សឹកទាំងកម្រោល ហើយបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃស ផងដែរ។

ទោះបីជាយ៉ាងនេះក្តី ក្រសួងមហាផ្ទៃ នៅថ្ងៃទី៧ខែកញ្ញា បានចេញសេចក្តីប្រកាសព័ត៌មានមួយដោយចោទថា កុ្រមយុវជនចលនាមាតាធម្មជាតិ និងយុវជនខ្មែរថាវរៈ ធ្វើសកម្មភាព ក្រោមស្លាកអង្គការចាត់តាំងច្បាស់លាស់ ដែលមានចរឹកបំផុសបំផុល ញុះញង់ធ្វើឱ្យប៉ះពាល់ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងបង្កភាពវឹកវរដល់សង្គមជាតិ ដោយប្រើបណ្តាញសង្គម និងព័ត៌មានមួយចំនួនដើម្បីផ្សព្វផ្សាយ។

ចំណែកអ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន ធ្លាប់បានលើកឡើងក្នុងគណនីហ្វេសប៊ុករបស់លោកថា ក្រុមអ្នកចង់ធ្វើបដិវត្តន៍មិនទាន់បញ្ឈប់សកម្មភាព និងឆន្ទៈរបស់ពួកគេទេ ហើយក្រុមនោះមានខ្សែបណ្តាញក្នុង អង្គការសង្គមស៊ីវិល សមាគម និងបក្សប្រឆាំងជាដើម ដូច្នេះរដ្ឋាភិបាលត្រូវតែប្រយ័្នតជាដាច់ខាតដើម្បីការពារអធិបតេយ្យរបស់កម្ពុជា។

ទោះជាយ៉ាងណាក៏ដោយ អ្នកវិភាគនយោបាយ លោកបណ្ឌិតឡៅ ម៉ុងហៃ បានលើកឡើងនៅគណនីហ្វេសប៊ុកនៅថ្ងៃអង្គារ៍នេះដោយដកស្រង់ទ្រឹស្តីរបស់ទស្សនវិទូ និងវេជ្ជបណ្ឌិតអង់គ្លេសថា ទីណាដែលលែងមានការគោរច្បាប់ហើយ ទីនោះប្រាដកណាស់ គឺអំណាចផ្តាច់ការក៏ចាប់ផ្តើមកើតមានដែរ។

លោកថា ច្បាប់ក្នុងន័យនេះ គឺគេសំដៅទៅដល់ច្បាប់ជាតិ រួមមានរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូល ច្បាប់ទាំងឡាយដែលនៅជាធរមាន ព្រមទាំងច្បាប់អន្តរជាតិដែលប្រទេសកម្ពុជាបានទទួលស្គាល់រួចមកហើយ។ 

ថ្លែងក្នុងវេទិកាIdea Talk របស់សារព័ត៌មានThe Cambodia Daily កាលពីយប់ថ្ងៃច័ន្ទ មន្ត្រីជាន់ខ្ពស់នៃអង្គការខុមហ្វ្រែល លោក គល់ បញ្ញា លើកឡើងថា កាលណាច្បាប់ត្រូវបានអាជ្ញាធរបំពានច្រើនលើកច្រើនសារពេក នឹងធ្វើឱ្យច្បាប់នោះកាន់តែទន់ខ្សោយ។

លើសពីនេះ លោកថា ចរឹកប្រើហិង្សាលើពលរដ្ឋ យុវជន ដែលតវ៉ាដោយសន្តិវិធី និងស្របទៅតាមច្បាប់ជាតិម្តងហើយម្តទៀត នឹងធ្វើឱ្យចរឹកហិង្សាទាំងនោះកាន់តែរីកដុះដាលក្នុងសង្គមខ្មែរកាន់តែខ្លាំង ព្រោះតែជនប្រព្រឹត្តហិង្សាលើពលរដ្ឋមិនត្រូវបានចាត់វិធានការតាមច្បាប់។

បន្ថែមពីនេះ ការចាប់ចងពលរដ្ឋខ្លួនដែលជាពលរដ្ឋសកម្មរឿងសង្គមជាតិ នឹងធ្វើឱ្យរដ្ឋាភិបាលបាត់បង់កិត្តិយសលើឆាកអន្តរជាតិ និងបន្តរងការរិះគន់តែអាក្រក់បន្ថែមទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស