ក្នុងសប្ដាហ៍កន្លងទៅនេះដែនដីកោះតៃវ៉ាន់ និងមហាយក្សអាស៊ី គឺប្រទេសចិន បានធ្លាក់ក្នុងការប្រឈមមុខដាក់គ្នាយ៉ាងខ្លាំងទាំងក្នុងសង្រ្គាមវោហាសាស្ត្រ និងកងទ័ព។ ចិនប្រតិកម្មនឹងតៃវ៉ាន់ដែលបើកអោយមានទស្សនកិច្ចរបស់ប្រធានរដ្ឋសភាប្រទេសឆេក ហើយតៃវ៉ាន់ចាត់ទុកចិនថា ជាប្រទេសធំជ្រៀតជ្រែករដ្ឋមួយដែលមានអធិបតេយ្យភាព។
មិនតែប៉ុណ្ណោះ ទាំងចិន និងតៃវ៉ាន់ ក៏បានបង្ហាញកម្លាំងទ័ពដាក់គ្នាទៀតផង។ ចិនធ្វើសមយុទ្ធកងនាវាដោយបើកឆ្លងកាត់ចក្រសមុទ្ធតៃវ៉ាន់ ហើយបាញ់សុទ្ធតែគ្រាប់ពិត។ ចំណែកតៃវ៉ាន់បានអូសកាំជ្រួចសំឡឹងមើលសមយុទ្ធរបស់ចិន។ ទាំងនេះហើយមើលទៅដែលប្រធានាធិបតីតៃវ៉ាន់សាយអ៊ឹងវិន នៅថ្ងៃទី៨ ខែសីហានេះ បាន អំពាវនាវសុំអោយ បង្កើតសម្ព័ន្ធភាពប្រជាធិបតេយ្យការពារដែនកោះតៃវ៉ាន់ ដែលអ្នកស្រីថា ជាការសាមគ្គីប្រឆាំងនឹងចិន ហើយសុំអោយជួយការពារសេរីភាព និងរបបប្រជាធិបតេយ្យនៅតៃវ៉ាន់។ នេះបើ តាម ទីភ្នាក់ងារសារព៏ត៌មាន Reuters ដែលបានចុះផ្សាយនៅថ្ងៃនេះ។
តាមប្រភពដដែលឲ្យដឹងទៀតថា អ្នកស្រីសាយអឹងវិន បានហៅសកម្មភាពរបស់កងទ័ពប្រជាជនចិន ដែលបានធ្វើសមយុទ្ធឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ គឺជាការគំរាមកំហែកពិតៗលើដែនអធិបតេយ្យ របស់ ដែនដីមួយ ហើយមិនតែប៉ុណ្ណោះ ធ្វើអោយប៉ះពាល់ស្ថិរភាពតំបន់ ទៀតផង។ ចិនប៉េកាំតែងតែប្រកាសថា តៃវ៉ាន់នៅតែជាផ្នែកមួយរបស់ចិន ដែលមិនអាចក្លាយជារដ្ឋឯករាជ្យបានឡើយ។
ថ្លែងនៅក្នុងវេទិកាមួយនៅទីក្រុងតៃប៉ិះ ដែលមានវត្តពួកឧត្តមសេនីយ៍ តៃវ៉ាន់ និងមានអ្នកការទូត លោកខាងលិច អ្នកស្រីសាយអ៊ឹងវិន បាននិយាយថា តៃវ៉ាន់ពេលនេះ គឺប្រៀបបាននឹងរណសិរ្យ ជួរមុខ និងជារនាំងប្រជាធិបេត្យ ប្រឆាំងប្រទេសមួយដែលចូលចិត្តឈ្លានពានអ្នកទន់ខ្សោយ។
អ្នកស្រីបន្ថែមថា ទោះជាបែបណាក៏ដោយ សម្រាប់តៃវ៉ាន់ដែលស្ថិតក្រោមការដឹកនាំរបស់អ្នកស្រី និងបក្សជម្រើនជឿនលឿន នៅតែប្ដេជ្ញាចិត្ត រក្សាសន្តិភាព សន្តិសុខ តំបន់។ តែអ្នកស្រីទទូចថា តៃវ៉ាន់នៅពេលនេះ ត្រូវការកម្លាំងអ្នកប្រជាធិបតេយ្យ ដើម្បីជួយគាំទ្រប្រជាធិបតេយ្យនៅតៃវ៉ាន់។
អ្នកស្រីសាយ ជំរុញឲ្យប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិច និងលោកសេរីខាងលិច ត្រូវបង្កើតសម្ព័ន្ធរួមគ្នា ដើម្បីការពារសុវត្ថិភាពតំបន់មួយនេះអោយបានរឹងមាំ។ អ្នកស្រីបន្តទទូចថា តៃវ៉ាន់ពិតជាចង់បញ្ជៀសង្រ្គាមជាមួយប្រទេសមួយនោះ ប៉ុន្តែបារម្ភថា សង្រ្គាមអាចកើតបានគ្រប់ពេលបើប្រទេសនោះ ឈ្លានពានតៃវ៉ាន់។
ប្រទេសនៅលើពិភពលោក ដែលនៅក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ មាន១៩៣ ប្រទេស តែយ៉ាងតិចណាស់ប្រទេសជិត៣០នៅរក្សាទំនាក់ទំនងការទូតជាមួយតៃវ៉ាន់ក្នុង កម្រិតទំនាក់ទំនងពាណិជ្ជកម្ម ដែលទាំងនេះគឺធ្វើអោយចិនឈឺក្បាលជាខ្លាំង។ ប្រទេសទាំងនោះរួមមានសហរដ្ឋអាមេរិក អូស្ត្រាលី កាណាដា សហភាពអឺរ៉ុប ឥណ្ឌា និងប្រទេសជប៉ុន។
តែយ៉ាងណា សម្រាប់សហរដ្ឋអាមេរិកគឺជាប្រទេសមួយដែលមានកិច្ចព្រមព្រៀង ជួយការពារដែលដីកោះតៃវ៉ាន់ ប្រឆាំងនឹងចិន៕