28.4 C
Phnom Penh

ក្រសួងរ៉ែ ប្រកាសអនុញ្ញាតឱ្យក្រុមហ៊ុនឯកជនដាក់ពាក្យរុករករ៉ែនៅតំបន់ពីរមានទំហំផ្ទៃដីជាង២០០គីឡូម៉ែត្រក្រឡា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួងរ៉ែ និងថាមពល បានប្រកាសបើកឱ្យមានការដាក់ពាក្យសុំអាជ្ញាបណ្ណរុករករ៉ែ នៅកម្ពុជាចំនួនពីរតំបន់បន្ថែមទៀត គឺនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ និងនៅតំបន់ភ្នំប៉ាង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី លើទំហំផ្ទៃដីជាង ២០០គីឡូម៉ែត្រក្រឡា។

សេចក្ដីជូនដំណឹងរបស់ក្រសួងរ៉ែ និងថាមពល ចុះនៅថ្ងៃទី២ ខែកញ្ញា ហើយដែលសាព័ត៌មាន The Cambodia Daily ទើបទទួលបាន នៅថ្ងៃទី០៨ ខែកញ្ញា បានប្រកាសបើកឲ្យដាក់ពាក្យប្រកួតប្រជែងជាសាធារណៈ សម្រាប់ទទួលបានអាជ្ញាបណ្ណស្វែងរុករក ចំពោះតំបន់សម្បទានស្វែងរុករករ៉ែចំនួន២តំបន់ រួមមានតំបន់សម្បទានស្វែងរុករករ៉ែទំហំជាង១០៧គីឡូម៉ែត្រក្រឡា(១០៧,១០) ស្ថិតនៅតំបន់មេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ និងតំបន់សម្បទានស្វែងរុករករ៉ែទំហំ១០០គីឡូម៉ែត្រក្រឡា ស្ថិតនៅតំបន់ភ្នំប៉ាង ស្រុក អូរយ៉ាដាវ ខេត្តរតនគិរី។

ក្រសួងដដែល បញ្ជាក់ថា សាធារណជន ឬបណ្ដាក្រុមហ៊ុនជាតិ និងអន្តរជាតិ ដែលចាប់អារម្មណ៍ ត្រូវមកស្នើសុំ «ពាក្យស្នើសុំអាជ្ញាបណ្ណស្វែងរុករករ៉ែដែលមានការបោះត្រាត្រឹមត្រូវ» នៅនាយកដ្ឋានឧស្សាហកម្មអាជីវកម្មធនធានរ៉ែ នៃទីស្ដីការក្រសួង ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ និងទទួលពាក្យស្នើសុំរហូតដល់ថ្ងៃទី៥ ខែតុលាឆ្នាំ២០២០។ 

កាលពីថ្ងៃទី១០ ខែមករា ក្រសួងរ៉ែ និងថាមពល បានប្រកាសផ្តល់អាជ្ញាបណ្ណដល់ក្រុមហ៊ុនឯកជន តាមរយៈការដាក់ពាក្យ និងដាក់ដេញថ្លៃធ្វើអាជីវកម្មរុករករ៉ែចំនួន ៨ទីតាំង នៅកម្ពុជា ក្នុងខេត្តចំនួន៤ ដោយមានទំហំផ្ទៃដីជាង១ពាន់គីឡូម៉ែត្រក្រឡា។

សកម្មជនព្រៃឈើ និងបរិស្ថាន លោក ហេង ស្រស់ ធ្លាប់លើកឡើងថាសម្រេចរបស់រដ្ឋាភិបាលក្នុងការបើកឱកាសឱ្យក្រុមហ៊ុនឯកជនទទួលបានអាជ្ញាប័ណ្ណរុករករ៉ែនៅកម្ពុជានេះ នឹងនាំឱ្យវិនាសទាំងរ៉ែ វិនាសទាំងព្រៃឈើ និងធនធានធម្មជាតិនៅកម្ពុជាបន្ថែមទៀត។ លើសពីនេះ លោកថា គម្រោងនេះ នឹងមិនបានជួយអ្វីដល់ពលរដ្ឋ ពិសេសពលរដ្ឋនៅមូលដ្ឋានក្បែរៗ តំបន់ទាំងនោះឡើយ។

ក្រសួងរ៉ែ និងថាមពល ឱ្យដឹងថា បច្ចុប្បន្ន មានក្រុមហ៊ុនរុករករ៉ែជាង៣០ក្រុមហ៊ុន កំពុងរុករករ៉ែក្នុងប្រទេសកម្ពុជា ដែលមានក្នុងខេត្តកំពង់ស្ពឺ ក្រចេះ មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង ព្រះវិហារ និងខេត្តឧត្តរមានជ័យ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស