26 C
Phnom Penh

តុលាការខេត្តកំពត សម្រេចផ្តន្ទាទោសអតីតមន្ត្រីមូលដ្ឋានគណបក្សសង្រ្គោះជាតិម្នាក់ឱ្យជាប់ពន្ធនាគារ៥ឆ្នាំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលាដំបូងខេត្តកំពតនៅថ្ងៃពុធនេះ បានសម្រេចផ្តន្ទាទោសអតីតមន្ត្រីមូលដ្ឋានគណបក្សសង្រ្គោះជាតិម្នាក់ អ្នកស្រី ប៉ែន មុំ ឬ ប៉ែន ស្រីមុំ ឱ្យជាប់ពន្ធនាគាររយៈពេល៥ឆ្នាំ ពីបទរួមគំនិតក្បត់ បង្កភាពវឹកវរ ចង់ផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។

តាមរយៈប្រព័ន្ធតេឡេក្រាមរបស់គណបក្សសង្រ្គោះជាតិនៅក្រៅប្រទេស បានឱ្យដឹងថា អតីតមន្ត្រីមូលដ្ឋានរបស់ខ្លួនម្នាក់ អ្នកស្រី ប៉ែន មុំ ត្រូវបានសាលាដំបូងខេត្តកំពតសម្រេចផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល៥ឆ្នាំ ដោយវាយខ្នោះនៅក្នុងបន្ទប់សវនា ហើយបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តនេះក្រោយពេលបញ្ចប់សវនាការភ្លាមៗតែម្តង។

គណបក្សសង្រ្គោះជាតិនៅក្រៅប្រទេសយល់ឃើញថា នេះជាចេតនាគំរាមកំហែងផ្នែកនយោបាយ និងជាការបំបាក់ស្មារតីទប់ស្កាត់កម្លាំងមហាជន ក៏ដូចជាសកម្មជនដែលហ៊ានងើបឡើងប្រឆាំងទៅនឹងភាពអយុត្តិធម៌ឬភាពអសកម្មនានាក្នុងសង្គម។   

អ្នកស្រី ប៉ែន មុំ ជាអតីតសមាជិកក្រុមប្រឹក្សាឃុំជាប់ឆ្នោតមកពីគណបក្សសង្រ្គោះជាតិឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត។ អ្នកស្រី ប៉ែន មុំ ត្រូវបានតុលាការខេត្តកំពតចោទប្រកាន់ពីបទរួមគំនិតក្បត់ជាតិ ក្នុងដំណើរមាតុភូមិនិវត្តន៍របស់អតីតប្រធានគណបក្សសង្រ្គោះជាតិលោក សម រង្ស៊ី កាលពីថ្ងៃទី ៩ វិច្ឆិកា ឆ្នាំ២០១៩។

អតីតមន្រ្តីគណបក្សសង្រ្គោះជាតិអ្នកស្រី ប៉ែន មុំ ត្រូវបានតុលាការសម្រេចដោះលែងឱ្យនៅក្រៅឃុំបណ្តោះអាសន្ន កាលពីឆ្នាំ២០១៩ ប៉ុន្តែអ្នកស្រីត្រូវបានតុលាការដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដូចជាតម្រូវឱ្យអ្នកស្រីទៅជួបមន្ត្រីនគរបាលប៉ុស្តិ៍ ១ខែម្តង មិនអាចចេញទៅក្រៅប្រទេសបាន មិនអាចប្តូរទីលំនៅបាន និងមិនអាចធ្វើសកម្មភាពប្រមូលផ្តុំ ធ្វើបាតុកម្ម ឬការតវ៉ាណាមួយដែលខុសច្បាប់ជាដើម។

យ៉ាងនេះក្តី អ្នកស្រីប៉ែន មុំ ធ្លាប់បានស្នើឱ្យតុលាការទម្លាក់ចោលបទចោទប្រកាន់ លើអ្នកស្រី និងអតីតមន្ត្រីគណបក្សប្រឆាំងដទៃទៀត ដោយសារពួកគាត់មិនបានប្រព្រឹត្តដូចការចោទប្រកាន់អ្វីនោះឡើយ។ ជាងនេះទៅទៀតអ្នកស្រីហៅការចោទប្រកាន់មកលើគាត់ថា ជារឿងអយុត្តិធម៌ ដោយសារអ្នកស្រីមិនបានប្រព្រឹត្តដូចការចោទប្រកាន់អ្វីនោះឡើយ។

បន្ថែមពីនេះ អ្នកស្រីក៏ស្នើទៅតុលាការទម្លាក់ចោទសំណុំរឿងលើអ្នកជាប់ឃុំនយោបាយផ្សេងទៀត ដើម្បីឱ្យពួកគេមានសេរីភាពរស់នៅជួបជុំគ្រួសារប្រកបមុខរបរដោយគ្មានការភ័យខ្លាច និងដើម្បីបង្ហាញពីឆន្ទៈបង្រួបបង្រួមជាតិពិតប្រាកដ ដូចអ្វីដែលប្រមុខរដ្ឋាភិបាលធ្លាប់លើកឡើង។

ក្រៅពីស្នើទៅតុលាការ និងរដ្ឋាភិបាល អតីតមន្ត្រីបក្សប្រឆាំងរូបនេះ ធ្លាប់ប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកស្នើដល់អង្គព្រះមហាក្សត្រ ជួយអន្តរាគមន៍រកដំណោះស្រាយនយោបាយរួមមួយ ខណៈកម្ពុជាបានជួបវិបត្តិនយោបាយប្រមាណ៣ឆ្នាំមកហើយ ពោលគឺចាប់តាំងពីមានការរំលាយគណបក្សសង្រ្គោះជាតិកាលពីចុងឆ្នាំ២០១៧៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស