34 C
Phnom Penh

អង្គការសង្គមស៊ីវិលជិត៤០ស្ថាប័ន ស្នើឱ្យរដ្ឋាភិបាលបញ្ឈប់ការធ្វើទុក្ខបុកម្នេញ និងដោះលែងសកម្មជនបរិស្ថាននិងសង្គម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការសង្គមស៊ីវិល ជិត៤០ស្ថាប័នបាន បានបង្ហាញការសោកស្តាយយ៉ាងខ្លាំងចំពោះការចាប់ខ្លួនសកម្មជនជាយុវជនវ័យក្មេងចំនួន៧ នាក់ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។

បន្ថែមលើការសោកស្តាយ ក្រុមអង្គការសង្គមស៊ីវិលទាំងនោះ ជំរុញឱ្យរដ្ឋាភិបាលដោះលែងពួកគេឱ្យមានសេរីភាព និងទម្លាក់ចោលរាល់បទចោទប្រកាន់ទាំងឡាយទៅលើពួកគេទាំង៧នាក់នោះផងដែរ។

ក្នុងសេចក្តីថ្លែងការណ៍រួមនៅថ្ងៃទី ៩ខែកញ្ញានេះ ក្រុមអង្គការ សមាគម សហជីព និងសហគមន៍ចំនួន៣៦ ស្នើអាជ្ញាធរលោកហ៊ុន សែន ឱ្យបញ្ឈប់ការបំភិតបំភ័យ និងបង្ក្រាប ទៅលើក្រុមអ្នកការពារសិទ្ធិមនុស្ស និងបរិស្ថានវ័យក្មេង និងការតវ៉ាដោយអហិង្សារបស់ពួកគេ។

លើសពីនេះ ពួកគេស្នើទៅរដ្ឋាភិបាលត្រូវធានានូវការគោរពសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋខ្មែរ ក្នុងការតស៊ូមតិដោយអហិង្សា ដើម្បីសិទ្ធិរបស់ពួកគេ គ្រួសាររបស់ពួកគេ និងសហគមន៍របស់អ្នកទាំងនោះ។

សេចក្តីថ្លែងការណ៍ដដែល បានបង្ហាញការខកចិត្តចំពោះការប្រើប្រាស់បទញុះញង់ ពីសំណាក់អាជ្ញាធរដើម្បីបំបិទសិទ្ធិសេរីភាពរបស់ពលរដ្ឋក្នុងការបញ្ចេញមតិ និងចូលរួមដោះស្រាយបញ្ហានានាក្នុងសង្គម។

ការស្នើនេះ ធ្វើឡើងក្រោយពេលយុវជនបរិស្ថាន នៃចលនាមាតាធម្មជាតិ និងយុវជនខ្មែរថាវរៈព្រមទាំងសមាជិកសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ ចំនួន៧នាក់ត្រូវបានអាជ្ញាធរលោកហ៊ុន សែន ចាប់ខ្លួន និងបញ្ជូនទៅឃុំនៅពន្ធនាគារព្រៃស ជាបន្តបបន្ទាប់ គិតចាប់តាំងពីថ្ងៃទី ៦ ខែកញ្ញា មក។

សកម្មជនបរិស្ថាន និងសិទ្ធិមនុស្ស ដែលត្រូវបានអាជ្ញាធរចាប់ខ្លួនទាំងនោះ រួមមាន លោក ថុន រដ្ឋា កញ្ញា ភួន កែវរស្មី កញ្ញា ឡុង គន្ធា លោក មាន ព្រហ្មមុនី ព្រះតេជព្រះគុណកើត សារ៉ាយ ដែលត្រូវបានអាជ្ញាធរចាប់ផ្សឹកទាំងកម្រោល ហើយបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃស។ លើសពីនេះ មានលោក ថា ឡាវី កញ្ញា អេង ម៉ាឡៃ ឬ សូ មេត្តា ផងដែរ។

ក្នុងសេចក្តីថ្លែងការណ៍នេះ ឱ្យដឹងថា ចរន្តនៃការចាប់ខ្លួនជាបន្តបន្ទាប់នេះ ក្រោយមានការតវ៉ាទាមទារឱ្យដោះលែងប្រធានសហភាពសហជីពកម្ពុជា និងជាទីប្រឹក្សាសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន ពាក់ព័ន្ធការលើកឡើងជុំវិញបញ្ហាព្រំដែនក្នុងខេត្តត្បូងឃ្មុំ។

សំណុំរឿងលោក រ៉ុង ឈុននេះ ក៏បានធ្វើឱ្យមនុស្ស៦នាក់ផ្សេងទៀត រួមទាំងប្រធានគណបក្សខ្មែរឈ្នះ លោក សួង សុភ័ណ្ឌ ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទញុះញង់បង្កភាពវឹកវរដល់សង្គមជាតិ។

ដោយឡែកអ្នកនិពន្ធ និងជាអ្នកចម្រៀងរ៉េប ម្នាក់ អាយុ២២ ឆ្នាំ នៅខេត្តសៀមរាប ដែលច្រៀងបទ ចំណងជើងថា «ដីខ្មែរ» ក៏ត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីថ្ងៃសុក្រសប្តាហ៍មុន និងត្រូវបានតុលាការចោទប្រកាន់លោកនៅថ្ងៃបន្ទាប់ ពីបទញុះញង់ ផងដែរ។

អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សកម្ពុជា អ្នកស្រី រ៉ូណា ស្មីត កាលពីថ្ងៃម្សិលមិញ បានបង្ហាញក្តីកង្វល់ចំពោះការចាប់សកម្មជនបរិស្ថាន៣នាក់ និងមនុស្សមួយចំនួនទៀត រួមទាំងព្រះសង្ឃ១អង្គផងដែរ ក្រោមបទញុះញង់បង្កឲ្យមានភាពវឹកវរដល់សង្គម តាមមាត្រា ៤៩៤ និង៤៩៥នៃក្រមព្រហ្មទណ្ឌ។

អ្នកស្រី ថ្លែងថា សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ការបង្កើតសមាគម និង ការជួបជុំដោយសន្តិវិធី ត្រូវបានការពារដោយបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ ក៏ដូចជារដ្ឋធម្មនុញ្ញកម្ពុជាផងដែរ។

ជាមួយគ្នានេះ អ្នកស្រី ជំរុញទៅអាជ្ញាធរលោកហ៊ុន សែន ត្រូវធានាថា សិទ្ធិទាំងនេះ ត្រូវបានគោរពនិងការពារ ហើយបង្កើតបរិយាកាសមួយ ដែលបុគ្គលម្នាក់ៗ អាចអនុវត្តសិទ្ធិទាំងនេះបាន។ លើសពីនេះ អ្នកស្រី ជំរុញឲ្យបញ្ជូនអ្នកដែលត្រូវបានចាប់ខ្លួនទាំងនោះទៅតុលាការ ហើយត្រូវគោរពឲ្យបានពេញលេញនូវសិទ្ធិទទួលបាននីតិវិធីត្រឹមត្រូវរបស់ពួកគេ ខណៈមន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិរូបនេះអះអាងថាកំពុងតាមដានព្រឹត្តិការណ៍ទាំងនេះយ៉ាងដិតដល់។

ឆ្លើយតបបញ្ហានេះ កាលពីយប់ថ្ងៃម្សិលមិញ អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាលោក ជិន ម៉ាលីន បានចាត់ទុកសាររបស់អ្នកស្រី រ៉ូណា ស្មីត ថា ជារឿងធម្មតាដែលអ្នកស្រី លើកឡើងពីក្តីបារម្ភពាក់ព័ន្ធស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា នៅពេលដែលអ្នកស្រីទទួលបាននូវរបាយការណ៍ក៏ដូចជាព័ត៌មានផ្សេងៗពាក់ព័ន្ធនឹងករណីនេះ ទោះបីជារបាយការណ៍ និងព័ត៌មានទាំងនោះ ផ្តល់ដោយប្រភព និងក្រុមដែលមាននិន្នាការនយោបាយយ៉ាងណាក៏ដោយ ព្រោះវាជាកាតព្វកិច្ច និងជាអាណត្តិរបស់អ្នកស្រីក្នុងនាមជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។

លោក ជិន ម៉ាលីន បន្តថា សាររបស់អ្នកស្រីមិនបានចោទប្រកាន់វិធានការច្បាប់របស់សមត្ថកិច្ចថា ជាការរំលោភបំពានសិទ្ធិមនុស្សនោះទេ គឺគ្រាន់តែលើកពីគោលការណ៍ទូទៅ នៃសិទ្ធិមនុស្សដែលរដ្ឋាភិបាលមានកាតព្វកិច្ចគោរព ការពារ និងបំពេញតាមតែប៉ុណ្ណោះ។ 

ទោះបីជាយ៉ាងណាក៏ដោយការចាប់ចងពលរដ្ឋខ្លួនឥតឈប់ឈរនេះ អ្នកវិភាគនយោបាយនៅក្រៅប្រទេស លោក គឹម សុខ បានលើកឡើងនៅថ្ងៃនេះ ដោយប្រដូចសម័យតេជោហ៊ុន សែន ទៅនឹងរបបខ្មែរក្រហម ឬជារបប ប៉ុល ពត ទី២ ព្រោះក្នុងសម័យខ្មែរក្រហមការចាប់ខ្លួនពលរដ្ឋធ្វើឡើងដោយគ្មានដីកាអ្វីទាំងអស់។

លោកថា វិធានការក្នុងសម័យ ប៉ុល ពត ទោះត្រូវចាប់បញ្ជូនអ្នកណា យកទៅដាក់គុក ឬសម្លាប់ចោល គឺធ្វើតាមវិធីចោទដោយមាត់ថា ជា ខ្មាំង ឬក្បត់អង្គការ ឬបញ្ឆោតថាផ្លាស់ទីលំនៅ ឬទៅរៀនសូត្រ។

លោកបន្តថា ដោយឡែក របប ប៉ុល ពត នាសម័យតេជោវិញ កំពុងប្រើវិធានការចាប់ខ្លួនពលរដ្ឋ ក្រោមលេសថា ជាឧទ្ទាមក្រៅច្បាប់ និងពេលខ្លះបញ្ឆោតយកទៅឃុំខ្លួន ដូចករណីអ្នកចម្រៀងរ៉េប នៅខេត្តសៀមរាបជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស