37 C
Phnom Penh

ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យផ្ញើលិខិតទៅរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក ជួយអន្តរាគមន៍ដោះលែងសកម្មជនបរិស្ថាន និងសង្គម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បញ្ញវន្តខ្មែរមួយក្រុមនៅក្រៅប្រទេសបាននាំគ្នាជំរុញឲ្យរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក សមាជិកព្រឹទ្ធសភាអាមេរិក និងសមាជិករដ្ឋសភាអាមេរិក ជួយអន្តរាគមន៍ដោះលែងសកម្មជន បរិស្ថាន និងសង្គមដោយគ្មានលក្ខខណ្ឌ។

ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ ឬហៅកាត់ថា SMD បានផ្ញើលិខិតទៅកាន់រដ្ឋមន្ត្រីក្រសួងការបរទេស សហរដ្ឋអាមេរិក លោក Mike Poemeo តំណាងរាស្ត្រ Alan Lowenthal និងព្រឹទ្ធសភា Linsey Graham ពាក់ព័ន្ធនឹងការចាប់ខ្លួនសកម្មជនជាច្រើននាក់ពីសំណាក់រដ្ឋអំណាច ហ៊ុន សែន នាពេលថ្មីៗនេះ ។

នៅក្នុងខ្លឹមសារនៃសារលិខិតដែលធ្វើឡើងកាលពីថ្ងៃទី៨ ខែកញ្ញា នោះ ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ បានសង្កត់ធ្ងន់ថា ប្រជាពលរដ្ឋខ្មែរគួរទទួលបាននូវយុត្តិធម៌ និងការទទួលខុសត្រូវចំពោះបទឧក្រិដ្ឋពីអតីតកាល និងនាពេលថ្មីៗនេះរបស់រដ្ឋអំណាច ហ៊ុន សែន ។

លិខិតដដែលបន្តថា ប្រជាពលរដ្ឋខ្មែរគួរទទួលបាននូវប្រជាធិបតេយ្យពិតប្រាកដ មិនមែន ក្លែងក្លាយដូចពេលបច្ចុប្បន្ននោះឡើយ។

បន្ថែមពីនេះ ពលរដ្ឋខ្មែរគួរទទួលបាននូវការយកចិត្តទុកដាក់ពីសហគមន៍អន្តរជាតិដែលគោរពនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្រោមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ ឆ្នាំ១៩៩១ ។ មាត្រា ៥ នៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ឆ្នាំ១៩៩១ ចែងថា «ក្នុងព្រឹត្តិការណ៍នៃការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅកម្ពុជា តម្រូវឲ្យម្ចាស់ហត្ថលេខីនៃកិច្ច ព្រមព្រៀងនេះ កោះហៅស្ថាប័នសំខាន់ៗនៃអង្គការសហប្រជាជាតិដើម្បីដាក់ចេញនូវចំណាត់ការសមរម្យនានាដើម្បីបង្កា និងទប់ស្កាត់នូវការការរំលោភលើច្បាប់អន្តរជាតិនេះ»។

SMD បន្តថា ក្នុងបេះដូងប្រជាពលរដ្ឋខ្មែរមើលឃើញថា សហរដ្ឋអាមេរិកជាអ្នករំដោះជាតិខ្មែរ ហើយមានតួរនាទីសំខាន់ៗ ដើម្បីជួយកម្ពុជា ។ ក្រុមនេះសូមអំពាវនាវដល់សហរដ្ឋអាមេរិក ជួយអន្តរាគមន៍ទៅរដ្ឋអំណាចរបស់លោក ហ៊ុន សែន ឱ្យដោះលែងសកម្មជនទាំងអស់ដោយគ្មានលក្ខខណ្ឌ ក្នុងនោះរួមមាន ព្រះភិក្ខុ កើត សារ៉ាយ យុវជន មាន ព្រហ្មមុន្នី យុវជន ថា ទ្បាវី កញ្ញា អេង ម៉ាទ្បៃ កញ្ញាសូ មេត្តា លោក រ៉ុង ឈុន កញ្ញា ឈឿន ដារ៉ាវី លោក ហ៊ុន វណ្ណៈ កញ្ញា ស កនិ្នកា លោក សួង សោភ័ណ្ឌ លោក ថុន រដ្ឋា កញ្ញា ភួង រស្មី កញ្ញា ទ្បុង គុន្ធា និងអ្នកដ៏ទៃទៀត ។

ជាងនេះទៀត SMD ស្នើដល់អាមេរិក ចាប់ផ្តើមបង្កើតនូវក្រុមទំនាក់ទំនងអំពីបញ្ហាកម្ពុជា ដែលរួមមានភាគីនានាមកពីសមាជិកនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ ដូចជាសហរដ្ឋអាមេរិក ប្រទេសជប៉ុន ប្រទេសឥណ្ឌូនេស៊ី ប្រទេសអូស្ត្រាលី ប្រទេសបារាំង និងប្រទេសអង់គ្លេស រួមគ្នាជាមួយប្រទេសដ៏ទៃទៀត ដូចជាប្រទេស អាលឺម៉ង់ និងប្រទេសស៊ុយអ៊ែត ដើម្បីការពារសិទ្ធិមនុស្ស សិទ្ធិសេរីភាពបញ្ចេញមតិ សេរីភាពនៃគំនិត និងសេរីភាពនៃការបោះពុម្ពផ្សាយ ហើយជាពិសេសជម្រុញឱ្យមានកំណែទម្រង់ប្រជាធិបតេយ្យដ៏ប្រសើរមួយនៅកម្ពុជា។

យ៉ាងណា កាលពីថ្ងៃទី៧ ខែកញ្ញា ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយអះអាងថា ក្រុមយុវជនខ្មែរថាវរៈ និងក្រុមយុវជនចលនាមាតាធម្មជាតិ កំពុងធ្វើសកម្មភាព ដោយមានអង្គការចាត់តាំងច្បាស់លាស់ ដើម្បីបំផុសបំផុលបង្កចលាចលក្នុងសង្គម ដោយប្រើបណ្តាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួន។

ក្រសួងមហាផ្ទៃ អះអាងថា ដើម្បីទប់ស្កាត់រាល់ការបង្កភាពអាណាធិបតេយ្យ និងបង្កចលាចលក្នុងសង្គម ក្រសួងមហាផ្ទៃ ស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ចាត់វិធានការផ្លូវច្បាប់ ក្នុងករណីបណ្តាញយុវជនទាំង២នេះ ធ្វើសកម្មភាពខុសច្បាប់។

ដោយឡែកសំណុំរឿងប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន និងប្រធានគណបក្សខ្មែរឈ្នះ លោក សួង សុភ័ណ្ឌ ត្រូវបានលោក ហ៊ុន សែន បញ្ជាក់ថា លោកជាអ្នកបញ្ជាឱ្យចាប់ខ្លួនពួកគេ                ទាំងពីរនាក់ ព្រោះជាបទល្មើសជាក់ស្តែងនិង ជាបទល្មើសព្រហ្មទណ្ឌ ពុំមែនជាសិទ្ធិនៃការបញ្ចេញមតិឡើយ ក្រោយពេលពួកគេបានលើកឡើងអំពីបញ្ហាដីធ្លីរបស់ពលរដ្ឋខ្មែរ ជាប់ព្រំដែនវៀតណាម ក្នុងខេត្តត្បូងឃ្មុំ។

លោក ហ៊ុន សែន ក៏បានព្រមានថា នឹងចាប់ខ្លួនពលរដ្ឋណាដែលហ៊ានរិះគន់រឿងព្រំដែនបន្ថែមទៀត។

ដូចការព្រមានរបស់តេជោ សែន កាលពីថ្ងៃសុក្រទី ៤ ខែកញ្ញា អាជ្ញាធរខេត្តសៀមរាប បានចាប់ខ្លួនយុវជនម្នាក់លោក គា សុគុណ ដែលជាអ្នកនិពន្ធ និងអ្នកច្រៀង ចម្រៀងរ៉េប បទ ដីខ្មែរ។  អត្ថន័យបទចម្រៀងបានលើកឡើងអំពីភាពអយុត្តិធម៌សង្គម ការនិយមបក្ខពួក ស្រវាយកអ្នកល្ងង់ ហើយកម្ទេចចោលអ្នកចេះដឹង និងការធ្វើឱ្យដីខ្មែរបាត់បង់បន្តិចម្តងៗ រហូតដល់នៅប៉ុនបាតដៃ ដែលធ្វើឱ្យលោកកាន់តែបារម្ភខ្លាចផែនទីកម្ពុជាបានទៅលើដៃបរទេសគ្រប់គ្រងជាដើម៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស