35 C
Phnom Penh

តើហេតុអ្វីរដ្ឋាភិបាលលោក ហ៊ុន សែន មិនហ៊ានប្រើយន្តការអន្តរជាតិដោះស្រាយបញ្ហាព្រំដែនជាមួយវៀតណាម?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមអ្នកឃ្លាំមើលព្រំដែនបានទាត់ចោលការលើកឡើងរបស់ ប្រធានគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនលោក វ៉ា គឹមហុង ថា ធ្វើឡើងដោយគ្មានតម្លាភាព មានការគម្រាមកំហែង និងបានរៀបចំទុកជាមុន ក្នុងចេតនាបន្លំភ្នែកពលរដ្ឋ និងព្យាយាមបិទបាំងអំពើក្បត់ជាតិរបស់ខ្លួនដែលបានឃុបឃិតជាមួយបរទេសដើម្បីលួចបង្កើតខ្សែបន្ទាត់ព្រំដែនថ្មីប៉ុណ្ណោះ។

លោក អ៊ំ សំអាន សមាជិកតំណាងរាស្ត្រអតីតគណបក្សសង្គ្រោះជាតិទទួលបន្ទុកកិច្ចការព្រំដែនបានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា ពលរដ្ឋដែលអាជ្ញាធរមូលដ្ឋានហៅមកជួបលោក វ៉ា គឹមហុង នៅព្រំដែន កម្ពុជា-វៀតណាម ស្ថិតក្នុងស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ ទាំង១១គ្រួសារនោះ ត្រូវអាជ្ញាធរគម្រាមមិនឲ្យពួកគេនិយាយការពិត។ លោកបន្តថា អាជ្ញាធរទាំងនោះគម្រាមថាចម្លើយដែលពួកគេបានប្រាប់ទៅលោក រ៉ុង ឈុន នោះគឺខុសទៅនឹងក្រមព្រហ្មទណ្ឌ ដែលជាការញុះញង់បង្ករឲ្យមានអសន្តិសុខសង្គម និងត្រូវបានចាត់ទុកជាទង្វើក្បត់ជាតិ។

លោក អ៊ុំ សំអាន អះអាងថាការចុះទៅពិនិត្យព្រំដែនរបស់លោក វ៉ា គឹមហុង មិនត្រូវធ្វើឡើងដោយស្ងាត់ៗបែបនេះទេ គឺត្រូវមានការជូនដំណឹងដល់សារព័ត៌មានធំៗ ជាពិសេស សារព័ត៌មានបរទេសដែលអព្យាក្រឹត្យ អង្គការសង្គមស៊ីវិល និងពលរដ្ឋទាំង ១០៦ គ្រួសារដែលរងការរំលោភដីធ្លីពីយោធាវៀតណាមនៅតំបន់នោះផងដែរ។ លោកចាត់ទុកថា ការចុះពិនិត្យព្រំដែនរបស់មន្ត្រីរដ្ឋាភិបាលរូបនេះគ្រាន់តែជាសកម្មភាពបង្គ្រប់កិច្ច និងដើម្បីគម្រាមកំហែងពលរដ្ឋដែលមានបំណងតវ៉ាពីការរំលោភបំពាននេះតែប៉ុណ្ណោះ។

ការរិះគន់នេះធ្វើឡើងក្រោយលោក វ៉ា គឹមហុង បានជួបពលរដ្ឋនៅ ឃុំត្រពាំងផ្លុង ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំចំនូន ១១ គ្រួសារ កាលពីខែសីហា ឆ្នាំ២០២០។ នៅពេលនោះលោក វ៉ា គឹមហុង បានប្រាប់ប្រជាពលរដ្ឋទាំង ១១ គ្រួសារនោះថាកម្ពុជាមិនបានបាត់ដីសូម្បីតែ ១ មីលីម៉ែត្រទៅខាងវៀតណាម តែបែរជាចំនេញដីពីប្រទេសវៀតណាមមកវិញយ៉ាងច្រើន។

ជាងនេះទៀត រដ្ឋាភិបាលលោក ហ៊ុន សែន គ្រោងយកផែនទីថ្មី ខ្នាត ១/២៥.០០០ ដែលបានសហការបោះពុម្ពស្ងាត់ៗជាមួយវៀតណាម ទៅតម្កល់នៅអង្គការសហប្រជាជាតិ ដោយរដ្ឋាភិបាលអះអាងថាផែនទី ខ្នាត ១/២៥.០០០ នេះហើយ ធ្វើឲ្យកម្ពុជាចំនេញដីពីវៀតណាមដល់ទៅ ២០០ ហិកតា។

កាលពីថ្ងៃទី២៦ ខែសីហា ស្នងការនគរបាលខេត្តកណ្ដាល បានរាយការណ៍ថា ភាគីវៀតណាមបានសាងសង់តង់ថ្មីជាជម្រករឹងមាំធ្វើពីឈើសសរថ្ម កម្ពស់៣ម៉ែត្រ ទំហំ៥ម៉ែត្រគុណនឹង៤ម៉ែត្រ ដំបូលប្រក់ស័ង្កសី ដោយឃ្លាតពីខ្សែបន្ទាត់ព្រំដែនរវាងកម្ពុជា-វៀតណាមដែលមិនទាន់ឯកភាពគ្នា ចម្ងាយប្រមាណ១២០ម៉ែត្រ ខណៈកន្លងមក មានកិច្ចព្រមព្រៀងគ្នាថា ការសាងសង់សំណង់រឹងណាមួយតាមបន្ទាត់ព្រំដែនគោកត្រូវធ្វើឡើងចាប់ពីចម្ងាយ ១៥០ម៉ែត្រឡើងទៅ ពីខ្សែបន្ទាត់ព្រំដែន។

សារព័ត៌មានសម្លេងប្រជាធិបតេយ្យ (VOD) បានដកស្រង់សម្តី អភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ ចុះផ្សាយថា គិតមកដល់ថ្ងៃអង្គារនេះ ភាគីវៀតណាមនៅមិនទាន់រុះរើសំណង់រឹងដែលយោធារបស់ខ្លួនបានសាងសង់នៅតាមខ្សែបន្ទាត់ព្រំដែនជាប់កម្ពុជា ក្នុងស្រុកលើកដែក ចំនួន៤ទីតាំងនោះនៅឡើយទេ ប៉ុន្តែភាគីវៀតណាមបានសាងសង់សំណង់រឹងចំនួន២កន្លែងបន្ថែមទៀតនៅតំបន់ព្រែកស្បូវ។

ប្រធានគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន លោក វ៉ា គឹមហុង បដិសេធឆ្លើយតបជុំវិញចំណាត់ការរបស់កម្ពុជាទៅលើករណីនេះ ដោយលោកជំរុញឱ្យសួរទៅក្រសួងការបរទេសកម្ពុជាវិញ។

សារព័ត៌មាន The Cambodia Daily នៅមិនទាន់អាចសុំការអត្ថាធិប្បាយពីរដ្ឋមន្ត្រីក្រសួងការបរទេសលោក ប្រាក់ សុខុន បាននៅឡើយទេជុំវិញការលើកឡើងនេះ។

ក្រុមអ្នកឃ្លាំមើលព្រំដែនអះអាងថាដើម្បីបញ្ចប់វិបត្តិព្រំដែន រដ្ឋាភិបាលលោក ហ៊ុន សែន ត្រូវតែប្រើយន្តការអន្តរជាតិដូចដែលខ្លួនបានប្តឹងរដ្ឋាភិបាល ថៃ ពាក់ព័ន្ធនឹងជម្លោះព្រំដែនក្បែរតំបន់បា្រសាទព្រះវិហារ ទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សមាគមអាស៊ាន ម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ និងតុលាការយុត្តិធម៌អន្តរជាតិនៅទីក្រុងឡាអេ ដែលខ្លួនបានឈ្នះក្តីលើបញ្ហានេះកាលពីឆ្នាំ២០០៨។

ពួកគេបានរិះគន់ថាដើម្បីឲ្យរដ្ឋាភិបាលកម្ពុជាប្រើយន្តការអន្តរជាតិបាន លុះត្រាតែរដ្ឋាភិបាលមួយនេះបោះបង់សន្ធិសញ្ញា១៩៨៥ ដែលជាសន្ធិសញ្ញាវៀតណាមឈ្លានពានកម្ពុជាជាមុនសិន ហើយងាកមកប្រើសន្ធិសញ្ញាអន្តរជាតិឆ្នាំ១៨០៣ ដែលបានបោះបង្គោលបាន១២៤ បង្គោល ដោយម្ចាស់អាណានិគមបារាំង នោះទើបអន្តរជាតិអាចទទួលយកការប្តឹងតវ៉ារបស់កម្ពុជា៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស