41.3 C
Phnom Penh

នគរបាលខេត្តព្រះសីហនុ ចាប់ខ្លួនជនសង្ស័យ០៦នាក់ ពីបទក្លែងធ្វើកម្លាំងសមត្ថកិច្ច រួចជំរិតទារលុយពីជនរងគ្រោះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្នងការនគរបាលខេត្តព្រះសីហនុលោក ជួន ណារិន្ទ អះអាងថា នគរបាលជំនាញ បានចុះបង្ក្រាបក្រុមជនសង្ស័យ ០៦នាក់ ក្នុងនោះមានជនជាតិខ្មែរ០៥នាក់ និងជនជាតិចិនម្នាក់ ដែលក្លែងបន្លំជាសមត្ថកិច្ចនគរបាល ហើយធ្វើសកម្មភាពជំរិតទារប្រាក់ ពីជនរងគ្រោះ ជនជាតិចិនម្នាក់ រស់នៅក្នុងក្រុងព្រះសីហនុ។

លោក ជួន ណារិន្ទ បានប្រាប់ក្រុមអ្នកសាព័ត៌មានក្នុងស្រុកថា កាលពី ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ មានបុរសជនជាតិចិនម្នាក់ បានដាក់ពាក្យបណ្តឹងមកសមត្ថកិច្ច ដោយរៀបរាប់ថា កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ១១ និង៣០នាទី យប់ មានជនសង្ស័យជនជាតិខ្មែរមួយក្រុមមានគ្នាចំនួន០៥នាក់ ស្លៀកពាក់ស៊ីវិល និងជិះរថយន្ត ០១គ្រឿង ប្រភេទ PICK UP ពណ៌ស និងម៉ូតូ ០២គ្រឿង ហើយបានតាំងខ្លួនជាសមត្ថកិច្ចនគរបាល បានធ្វើសកម្មភាពកាក់រថយន្ត របស់ជនរងគ្រោះជាជនជាតិចិន ០១គ្រឿង ម៉ាកព្រូស ពណ៌ក្រហម ពាក់ស្លាកលេខ ព្រះសីហនុ 2C-9291 ខណៈជនរងគ្រោះកំពុងធ្វើដំណើរតាមផ្លូវឆ្ពោះទៅបុរីគុជអាស៊ី ស្ថិតនៅភូមិ០១ សង្កាត់០៣ ក្រុង-ខេត្តព្រះសីហនុ។ 

លោក ជួន ណារិន្ទ បន្តថា  បន្ទាប់មកជនសង្ស័យទាំង ០៥នាក់នោះ ក៏បានធ្វើការឆែកឆេរក្នុងរថយន្ត របស់ជនរងគ្រោះ  ហើយក៏បានទម្លាក់គ្រឿងញៀន ០១កញ្ចប់ នៅក្នុងរថយន្ត របស់ជនរងគ្រោះ ដើម្បីចោទប្រកាន់ថា គ្រឿងញៀនជា របស់ជនរងគ្រោះ រួចគម្រាមទារប្រាក់ពីជនរង គ្រោះចំនួន ៤ពាន់ដុល្លារអាមេរិក (៤.០០០) ហើយព្រមានជនរងគ្រោះថា បើមិនព្រមឲ្យលុយពួកគេទេ នឹងចាប់ជនរងគ្រោះទៅកាន់ប៉ុស្តិ៍នគរបាលជាបន្តទៀត។

លោក ជួន ណារិន្ទ បញ្ជាក់ថា ដោយជនរងគ្រោះមានការភ័យខ្លាច ក៏បានទូរស័ព្ទទៅប្រពន្ធ របស់ខ្លួន ឲ្យដើរខ្ចីលុយពីមិត្តភក្តិបានចំនួន២ពាន់ ៣រយដុល្លារអាមេរិក (២.៣០០) យកទៅប្រគល់ឲ្យក្រុមជនសង្ស័យ ដោយសន្យាថា ប្រាក់ដែលនៅសល់នឹងប្រគល់ជូននៅពេលក្រោយទៀត។

បន្ទាប់ពីបានទទួលពាក្យបណ្តឹង របស់ជនរងគ្រោះ និងនានការដឹកនាំសម្របសម្រួលពី លោក សៀង សុខ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ និងលោក ជួន ណារិន្ទ ក៏បានបញ្ជាកម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ ដើម្បីចុះធ្វើការស្រាវជ្រាវ រហូតកំណត់បានអត្តសញ្ញាណ របស់ជនសង្ស័យ និងឈានដល់ចាប់ឃាត់ខ្លួនបានជនសង្ស័យសរុប ០៦នាក់។ 

ក្នុងនោះមានជនជាតិចិនម្នាក់  និងជនជាតិខ្មែរចំនួន ០៥នាក់ ជាបន្តបន្ទាប់ នៅវេលាម៉ោង ៧ និង៣០នាទីយប់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០។

របាយការណ៍សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះក្នុងសំណុំរឿងខាងលើមានឈ្មោះ ZHANG KANG ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៍ ស្នាក់នៅភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ  និងបាត់បង់លុយចំនួន ២ពាន់ ៣រយដុល្លារអាមេរិក។

ចំណែកជនសង្ស័យទាំង០៦នាក់ មានឈ្មោះ៖ ១- ឈ្មោះ ហាក់ សុធាបញ្ញា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ ភ្នាក់ងារសារពត៌មាន កម្ពុជាញូវផ្លាស មានទីលំនៅភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។ ២- ឈ្មោះ អ៊ួន ប្រុស ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរភ្នាក់ងារសារ ព័ត៌មាន CAM POST មានទីលំនៅភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។ ៣- ឈ្មោះ ចិន ប៊ុនធឿន ហៅ រាជ្យ ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ ភ្នាក់ងារសារព័ត៌មាន NEWS Online មានទីលំនៅភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។ ៤- ឈ្មោះ ចំរើន លាងម៉េង ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ ម៉ៅការសំណង់ និងជួលរថយន្ត មានទីលំនៅភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។

៥- ឈ្មោះ ស៊ឹម សុខដា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ ជំនួយការរបស់ឈ្មោះ អ៊ួន ប្រុស ភ្នាក់ងារសារពត៌មាន CAM POST មានទីលំនៅភូមិ០១ សង្កាត់០៤ ក្រុង-ខេត្តព្រះសីហនុ។ ៦- ឈ្មោះ ZHOU DONGYA ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិចិន មុខរបរ រត់តាក់ស៊ី ស្នាក់នៅភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។

សមត្ថកិច្ចបានឲ្យដឹងថា តាមចម្លើយសារភាព របស់ជនសង្ស័យ បញ្ជាក់ថា ពួកគេពិតជាបានកាក់ឃាត់រថយន្ត ហើយឆែកឆេរក្នុងរថយន្ត និងជំរិតទារយកប្រាក់បានចំនួន ២ពាន់ ៣រយដុល្លារអាមេរិកពីជនរងគ្រោះប្រាកមែន។

បច្ចុប្បន្ននេះ កម្លាំងនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កំពុងបន្តសាកសួរជនសង្ស័យ ដើម្បីឈានទៅកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ផ្តន្ទាទោសតាមនីតិវិធីច្បាប់។

យ៉ាងនេះក្តី The Cambodia Daily នៅមិនទាន់អាចមានប្រភព ទាក់ទងជនសង្ស័យទាំង ០៦នាក់ ខាងលើ ដើម្បីបំភ្លឺជុំវិញការចោទប្រកាន់នេះបានទេ នៅរសៀលថ្ងៃពុធ ទី០៩ ខែកញ្ញា ឆ្នាំ២០២០នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស