35 C
Phnom Penh

ទំព័រហ្វេសប៊ុកចលនាមាតាធម្មជាតិ ត្រូវបានលុបចេញ ក្រោយអាជ្ញាធរចាប់ខ្លួនសកម្មជនបរិស្ថាន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ទំព័រហ្វេសប៊ុកចលនាមាតាធម្មជាតិ ដែលមានឈ្មោះជាភាសាអង់គ្លេសថា The Mother Nature ត្រូវបានគេលុបចេញពីបណ្តាញសង្គមហ្វេសប៊ុកហើយរហូតមកដល់ថ្ងៃពុធនេះ ក្រោយពេលអាជ្ញាធរក្រុងភ្នំពេញ ចាប់ខ្លួនសកម្មជនបរិស្ថាននៃចលនាមាតាធម្មជាតិ៣ រូប កាលពីសប្តាហ៍មុន។

សកម្មជនចលនាមាតាធម្មជាតិ ៣រូបត្រូវបានអាជ្ញាធរក្រុងភ្នំពេញ ចាប់ខ្លួនកាលពីសប្តាហ៍មុន រួមមានលោក ថុន រដ្ឋា  កញ្ញា ភួន កែវ រស្មី និង កញ្ញា ឡុង គន្ធា។ ការចាប់ខ្លួនពួកគេទាំងបីនាក់ ដោយអាជ្ញាធរចោទប្រកាន់ថាពួកគេបានផ្សព្វផ្សាយព័ត៌មានខុសច្បាប់ និង មានបំណងជួបលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បង្ហាញក្តីកង្វល់ជុំវិញការលុបបឹងតាមោកឬបឹងទំនប់កប់ស្រូវ។ 

ស្ថាបនិកចលនាមាតាធម្មជាតិ លោក អាឡិច ហ្គន់សាឡេស ដេវិតសុន បានលើកឡើងកាលពីសប្តាហ៍មុនដោយជូនដំណឹងដល់សាធារណៈជនទាំងអស់ថា បក្ខពួកលោកហ៊ុន សែន បានចូលលួចចូលគណនីគេហទំព័ររបស់មាតាធម្មជាតិ (Mother Nature Cambodia Facebook Page) ហើយពួកគេបានដក លោក អាឡិច ចេញពីការគ្រប់គ្រងឬ Page Admin ថែមទៀតផង។

លោកយល់ឃើញថា ទង្វើបែបនេះ ជារឿងថោកទាប ហើយវាបានកើតឡើងបន្ទាប់ពីសកម្មជនរបស់ខ្លួនទាំង៣នាក់ ត្រូវបានអាជ្ញាធរចាប់ខ្លួនតាមទំនើងចិត្តនោះតែម្តង។

លោកបន្តថា ការចាប់ខ្លួនពួកគេទាំង៣រូបនោះហើយ ដែលជាហេតុអាជ្ញាធរគំរាមកំហែង ឬបង្ខំពួកគេ ណាម្នាក់ឱ្យផ្តល់លេខសម្ងាត់ហ្វេសប៊ុក ឬ Password  ទៅឱ្យអាជ្ញាធរលោកហ៊ុន សែន។

ក្រោយការជូនដំណឹងនេះ មិនបានប៉ុន្មានថ្ងៃ ទំព័រហ្វេសប៊ុកដ៏មានប្រជាប្រិយភាពមួយនេះ គឺ ត្រូវបានគេលុបចោលតែម្តង ដោយយើងមិនអាចស្វែងរកទំព័រហ្វេសប៊ុកនេះឃើញឡើយនៅថ្ងៃពុធនេះ។

ទំព័រហ្វេសប៊ុក The Mother Nature  ជាទំព័រហ្វេសប៊ុក ដែលបានផ្សព្វផ្សាយនូវវីដេអូ ឬ រូបភាព អមដោយខ្លឹងសារខ្លះ ដែលសុទ្ធសឹងតែជារឿងមានប្រយោជន៍ដល់សង្គមជាតិ ពិសេសអំពីការតវ៉ាមតិដោយអហិង្សាឬ ស្នើឱ្យរដ្ឋាភិបាលដោះស្រាយបញ្ហាកង្វល់នានាដែលកើតឡើងនៅរាជធានីភ្នំពេញ ឬបណ្តាខេត្តមួយចំនួន។

បញ្ហាដែលពួកគេស្នើសុំ ឬជំរុញឱ្យរដ្ឋាភិបាលរកវិធានការដោះស្រាយ មានដូចជា បញ្ហាអំពើទឹកកង្វក់ហូរចូលសមុទ្រ ចូលស្ទឹង និងចូលទន្លេ។

បញ្ហាបូមខ្សាច់ដែលធ្វើឱ្យបាក់ច្រាំងទន្លេ និងបញ្ហាខ្វះតម្លាភាពនៃថវិកាបានមកពីការលក់ខ្សាច់ឬនាំខ្សាច់ចេញពីលក់ក្រៅប្រទេស។ ការតស៊ូមតិឱ្យបញ្ឈប់គម្រោងកសាងទំនប់វារីអគ្គិសនីនៅតំបន់អារ៉ែងនៅខេត្តកោះកុង និងការផ្សព្វផ្សាយពីសក្កានុពលនៃតំបន់ធម្មជាតិមួយនេះ។

ការធ្វើវីដេអូបង្ហាញពីការហូមខ្សាច់នៅខេត្តកោះកុង ការផ្សព្វផ្សាយអំពីសក្តានុពលតំបន់កោះកុងក្រៅ និងជំរុញឱ្យរដ្ឋាភិបាលលោក ហ៊ុន សែន រក្សាតំបន់នេះជាតំបន់ឧទ្យានសមុទ្រ សម្រាប់ប្រយោជន៍សាធារណៈ។

ការធ្វើវីដេអូផ្សព្វផ្សាយពីភាពខុសច្បាប់នៃការកសាងសំណង់នៅតំបន់ឆ្នេរ និងតំបន់កោះផ្សេងទៀត ក្នុងខេត្តព្រះសីហនុ។ ការធ្វើវីដេអូជំរុញឱ្យរដ្ឋាភិបាលលោក ហ៊ុន សែន បង្ហាញពីទីតាំងពិតប្រាកដចំពោះវត្ថុមានតម្លៃដ៏កម្រ ដែលបានមកពីការបង្ក្រាប ដូចជាភ្លុកដំរី ស្រកាពង្រូល ឆ្អឹងខ្លា កុយរមាស ដែលអាជ្ញាធរបង្ក្រាបបានរាប់រយតោនកាលពីឆ្នាំ២០១៨ ប៉ុន្តែមកទល់ពេលនេះគ្មានដំណឹងពីវត្ថុមានតម្លៃទាំងនោះឡើយ។

ការធ្វើវីដេអូ លាតត្រដាងពីកូនអ្នកមានអំណាចមានប្រាក់រាប់សិនលានដុល្លារ ទិញដីនៅក្រៅប្រទេស បញ្ហាអំពើពុករលួយ បក្ខពួកក្នុងស្ថាប័នរដ្ឋ។ បញ្ហាតម្លាភាពនៃមាសឬទុនបម្រុងរបស់កម្ពុជាដែលតម្កល់ទុកនៅក្រៅប្រទេស និងក្នុងប្រទេស ព្រមទាំងវីដេអូបង្ហាញពីផលប៉ះពាល់នៃការលុបបឹងតាមោកជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស