38 C
Phnom Penh

វៀតណាមដាស់តឿនឱ្យសមាជិកអាស៊ានពង្រឹងជំហរ ករណីជម្លោះសមុទ្រចិនខាងត្បូង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កិច្ចប្រជុំប្រចាំឆ្នាំថ្នាក់រដ្ឋមន្ត្រីការបរទេសនៃសមាគមអាស៊ានចាប់ផ្ដើមហើយនៅថ្ងៃទី៩កញ្ញានេះ ដោយមានរយៈពេល៤ថ្ងៃ។ កិច្ចប្រជុំនេះ ក្រោមការសម្របសម្រួល ដោយរដ្ឋមន្ត្រីការបរទេសវៀតណាម Pham Binh Minh ដែលក្នុងនាមជាប្រធានសមាគមអាស៊ានសម្រាប់ឆ្នាំ២០២០នេះ។ នេះជាកិច្ចប្រជុំតាមOnline។

កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាននៅឆ្នាំនេះ មានរបៀបវារៈចំនួន៣ធំៗ គឺបញ្ហាជំងឺកូវិដ-19 បញ្ហាសមុទ្រចិនខាងត្បូង និងបញ្ហាសហគមន៍រ៉ូហីងយ៉ា។ ប៉ុន្តែជាការកត់សំគាល់ រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh ដែលក្នុងនាមជាប្រធានសមាគមអាស៊ានបានក្រើនរំលឹក អោយសមភាគី អាស៊ាន ត្រូវប្រកាន់ជំហរ ជួយទប់ស្កាត់ការគំរាមសន្តិសុខ សន្តិភាពសុវត្ថិភាព និងសេរីភាព                នាវាចរណ៍អន្តរជាតិ ព្រមទាំងលំហអាកាសនៅសមុទ្រចិនខាងត្បូង។

លោក  Pham Binh Minh បានទទូចថា អាស៊ានត្រូវដឹងថា មានច្បាប់សមុទ្រអន្តរជាតិឆ្នាំ១៩៨២ដែលជាផ្លូវត្រូវបានត្រួសត្រាយ រួចហើយ ដើម្បីអោយមានដំណោះស្រាយតាមការសន្ទនាគា្ន។ 

លោកថាសមាគមអាស៊ាន មាន១០ប្រទេស ត្រូវជំរុញអោយមានការប្រកាសនិងបង្កើត ក្រមប្រតិបត្តិសមុទ្រCOC ។ តែ COC ពុំទាន់កើតចេញពីរូបរាងនៅឡើយ។

ក្នុងកិច្ចប្រជុំនេះ របៀបវារៈនៃជម្លោះសមុទ្រចិនខាងត្បូង មានភាពលិចធ្លោជាងគេ។ លោករដ្ឋមន្ត្រីការបរទេសវៀតណាម Pham Binh Minh បានបន្តថាការគំរាមកំហែងដោយសារជំងឺកូវិដគឺជាការភ័យខ្លាចមួយទៅហើយ សម្រាប់អាស៊ាន។

អាស៊ានត្រូវការវាំសាំងដើម្បីទប់ស្កាត់ការរីករាលដាលជំងឺឆ្លងប្រភេទនេះ។ ប៉ុន្តែអាស៊ាន នៅពេលនេះ កំពុងរងការគំរាមកំហែងមួយទៀត គឺការគំរាមកំហែងស្ថិរភាពក្នុងតំបន់ដែលពាក់ព័ន្ធនឹងជម្លោះសមុទ្រចិនខាងត្បូង ដែលចាំបាច់ត្រូវអនុវត្តច្បាប់សមុទ្រ១៩៨២ និងបង្កើតអោយបានក្រមប្រតិបត្តិសមុទ្រ ។ នៅទីបំផុតកិច្ចប្រជុំបានសម្រេចថានឹងចេញសេចក្ដីថ្លែងការណ៍រួមមួយអំពីអ្វីដែលអាស៊ានកំពុងប្រឈមុខ។

ប៉ុន្តែបើតាមសារព័ត៌មានបាងកកប៉ុស្តិ៍ របៀបអំពីជម្លោះសមុទ្រចិនខាងត្បូងត្រូវបានលោក នាយករដ្ឋមន្ត្រីវៀតណាមង្វៀនសុនហ្វុក លើកឡើងច្រើនជាងគេ។

លោកង្វៀនសុនហ្វុក ដែលបានថ្លែងបើកសន្និសីទ នៃកិច្ចប្រជុំថា្នក់រដ្ឋមន្ត្រីការបរទេសអាស៊ាន  លោកបានថ្លែងថាស្ថានភាពក្នុងតំបន់អាស៊ាន ពេលនេះកំពុងជួបផលវិបាក។ លោកបន្តថាអាស៊ាន ត្រូវតែមានជំហររួមតែមួយចំពោះ បញ្ហានេះ។

បញ្ហាសមុទ្រចិនខាងត្បូង មិនត្រឹមតែជាបញ្ហានៃសមាគមអាស៊ាន -ចិន នោះទេ គឺឥឡូវនេះ សហរដ្ឋអាមេរិក ក្រោមរដ្ឋការរបស់លោកប្រធានាធិបតីដូណាល់ត្រាំ បានលូកដៃចូលកាន់តែជ្រៅហើយ ជាមួយនឹងវត្តមានកងទ័ពនិងនាវាចម្បាំងជាច្រើនត្រូវបានដាក់ពង្រាយរួចរាល់ហើយ នៅសមុទ្រចិនខាងត្បូង។

ឥណ្ឌូនេស៊ី គឺជាប្រទេសធំជាងគេនៅក្នុងសមាគមអាស៊ានដែលមានប្រជាជនជាង២៧៤លាននាក់។ ប្រទេសនេះ ក៏កំពុងត្រូវបានចិនទាញអោយជួយដោះស្រាយជម្លោះសមុទ្រចិនខាងត្បូងផងដែរ។ ជាមួយគ្នានេះដែរ ចិន ប្រាប់ថាខ្សែទឹកឥណ្ឌូនេស៊ីនៅសមុទ្រចិនខាងត្បូង ក៏ត្រួតស៊ីគ្នានឹងតំបន់ទឹករបស់ចិនដែរ។

កាលពីថ្ងៃអង្គារទី៨សីហា រដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ីអ្នកស្រី Retno Marsudi បាន ប្រាប់ទៅប្រទេសចិននិង សហរដ្ឋអាមេរិកថា កុំឲ្យយកប្រទេសឥណ្ឌូនេស៊ី ធ្វើការសាកល្បងក្នុងល្បែងដណ្តើមអំណាចនិងឥទ្ធិពលនៅក្នុងតំបន់។

អ្នកស្រីបានប្រាប់ថា ឥណ្ឌូនេស៊ីមិនចង់ជាប់ពាក់ព័ន្ធនៅក្នុងការប្រជែងឥទ្ធិពលគ្នារវាងមហាអំណាចទាំងពីរនេះទេ។

អ្នកស្រី Retno បានធ្វើការអត្ថាធិប្បាយដូចនេះ នៅក្នុងបទសម្ភាសន៍មួយជាមួយទីភ្នាក់ងារសារព័ត៌មាន Reuters គឺនៅមុនកិច្ចប្រជុំប្រចាំឆ្នាំរបស់ រដ្ឋមន្ត្រីការបរទេសសមាគមអាស៊ាន ដែលកំពុងប្រព្រឹត្តទៅនៅថ្ងៃនេះ។

ស្ថានភាពកងទ័ នៅសមុទ្រចិនខាងត្បូង ក្នុងយៈពេលចុងក្រោយនេះ បានក្លាយជាក្ដីបារម្ភជាខ្លាំងដែលអាចទៅរក ការផ្ទុះជម្លោះប្រដាប់អាវុធរវាងកងទ័ពចិននិងសហរដ្ឋអាមេរិក។ ទាំងសហរដ្ឋអាមេរិក និងចិន បានពង្រីកសកម្មភាពយោធារបស់ខ្លួន ជាខ្លាំងតាមរយៈការធ្វើសមុទ្ធកងនាវាចម្បាំងនិងយន្តហោះ ចម្បាំង។

ប្រទេសចិន តាមរយៈក្រសួងការបរទេស បានចេញសេចក្ដីថ្លែងការណ៍ ដោយប្រាប់ទៅសមាគមអាស៊ាន កុំអោយគាំទ្រ វត្តមានកងទ័ពអាមេរិកនៅសមុទ្រចិនខាងត្បូង ហើយកុំពឹងអាមេរិក ជួយអន្តរាគមន៍ ព្រោះ ជាបញ្ហាតំបន់។

មើលទៅ ដូចនេះ ហើយ បានជា រដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ី អ្នកស្រី Retno បានទទូចថាអាស៊ាន  ត្រូវតែរក្សាជំហរអព្យាក្រឹត និងសាមគ្គីភាពគ្នាដែលអ្នកស្រីអះអាងថា ប្រទេសឥណ្ឌូនេស៊ី បានត្រៀមខ្លួនជាស្រេចក្នុងការធ្វើជាដៃគូជាមួយសមាជិកអាស៊ានដូចគ្នា ដើម្បីរកដំណោះស្រាយ។ តែអ្នកស្រីព្រមានសមាជិកអាស៊ាន ថាប្រយ័ត្នជាប់ក្នុងអន្ទាក់របស់ ប្រទេសមហាអំណាច២នេះ។

បែបណាក៏ដោយ ស្ថានការណ៍យោធានៅសមុទ្រចិនខាងត្បូង មើលទៅគឺរង់ចាំ តែការផ្ទុះសង្រ្គាម រវាងអាមេរិក និងចិនតែប៉ុណ្ណោះព្រោះប្រទេសមហាអំណាច២នេះ បានដំឡើងសព្វាវុធ រួចរាល់ហើយ នៅទីតាំងសមុទ្រចិនខាងត្បូង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស