30 C
Phnom Penh

រដ្ឋាភិបាលសម្រេចតម្លើងប្រាក់ឈ្នួលជូនកម្មករវិស័យកាត់ដេរ២ ដុល្លារបន្ថែមទៀត សម្រាប់ឆ្នាំ២០២១

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាល តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាសជាផ្លូវការថា ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើងសម្រាប់ឆ្នាំ២០២១ នឹងបន្ថែម២ដុល្លារទៀត ដែលធ្វើឱ្យប្រាក់ឈ្នួលរបស់ពួកគេនឹងកើនដល់ទៅ១៩២ដុល្លារក្នុងមួយខែ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារ នៅព្រឹកថ្ងៃទី១០ ខែកញ្ញានេះ បញ្ជាក់ថាតាមរយៈកិច្ចប្រជុំប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមារួមមាន តំណាងភាគីកម្មករដែលគេដឹងថាជាសហជីពគាំទ្ររដ្ឋាភិបាល តំណាងភាគីនិយោជក និងតំណាងភាគីរដ្ឋាភិបាល បានឯកភាពគ្នាជាឯកច្ឆន្ទគាំទ្រតួលេខ១៩០ ដុល្លារអាមេរិក ជាតួលេខប្រាក់ឈ្នួលអប្បបរមាក្នុងមួយខែ សម្រាប់កម្មករនិយោជិតខាងផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតផលស្បែកជើង នៅឆ្នាំ២០២១។    

ប្រភពដដែលបន្តថា ប្រាក់ឈ្នួលដែលត្រូវបន្ថែម២ ដុល្លារនោះ គឺ លោកហ៊ុន សែន ជាអ្នកសម្រេចបន្ថែមជូនទៅលើប្រាក់ឈ្នួលរបស់កម្មករនិយោជិតលើវិស័យវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង ខណៈក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បរមាដែលជាយន្តការត្រីភាគីនោះ សម្រេចលើតួលេខ១៩០ដុល្លារ ដូចប្រាក់ឈ្នួលនៅឆ្នាំ២០២០នេះ។

ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១ កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតផលស្បែកជើង នឹងមានប្រាក់ឈ្នួលរប្បរមាចំនួន ១៩២ ដុល្លារអាមេរិក ក្នុងមួយខែ ចំពោះកម្មករនិយោជិតពេញសិទ្ធិ និងចំនួន១៨៧ដុល្លារ ក្នុងមួយខែ ចំពោះកម្មករនិយោជិតសាកល្បង។ យ៉ាងនេះក្តី ក្រសួងការងារបន្តថា  ក្រៅពីប្រាក់ឈ្នួលអប្បរមា កម្មករនិយោជិតនឹងទទួលបានប្រាក់អត្ថប្រយោជន៍ផ្សេងទៀត ដែលពួកគាត់ធ្លាប់ទទួលបានកន្លងមក គឺ រក្សាទុកនៅដដែល ។

ដូច្នេះជាមធ្យមកម្មករនិយោជិតម្នាក់ៗនឹងទទួល បានប្រាក់បៀវត្សយ៉ាងតិចចំនួនពី ២០៩ ដុល្លារ ដល់២២០ ដុល្លារក្នុងមួយខែ។ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិត ក្នុងឆ្នាំ២០២០នេះមានចំនួន ១៩០ដុល្លារ នៅក្នុងមួយខែ។

ទោះបីជាយ៉ាងនេះក្តី ក្រុមសហជីពឯករាជ្យធ្លាប់ទាមទារប្រាក់ឈ្នួលអប្បរមាជូនកម្មករនៅឆ្នាំក្រោយនេះ នូវតួលេខ២រយដុល្លារ ឬលើសពីនេះ ត្បិតប្រាក់ឈ្នួលរបស់កម្មករនិយោជិតក្នុងវិស័យកាត់ដេរបច្ចុប្បន្នមិនគ្រប់គ្រាន់សម្រាប់ការចំណាយឡើយ ព្រោះតម្លៃទំនិញនៅលើទីផ្សារបន្តឡើងថ្លៃជាប្រចាំ។ បន្ថែមពីនេះ ពួកគេធ្លាប់លើកឡើងថា ការទទួលប្រាក់ឈ្នួលមិនគ្រប់ការចំណាយ នឹងធ្វើឱ្យកម្មករនិយោជិតប្រឈមបញ្ហាសុខភាពផ្សេងៗ ពិសេសបញ្ហានៃការដួលសន្លប់ជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស