ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវត្តខ្មែរ លោក មួង សូនី បានលើកឡើងពីក្តីបារម្ភជុំវិញការបាត់ដំណឹងប្អូនប្រុសបង្កើតរបស់ខ្លួនម្នាក់ ឈ្មោះ មួង សុភ័ក្រ្ត នៅថ្ងៃព្រហស្បតិ៍នេះ។
លោក មួង សូនី បានឱ្យ The Cambodia Daily ដឹងនៅមុនម៉ោងផ្សាយនេះថា លោកបានជូនដំណឹងនៃការបាត់ខ្លួននេះទៅអង្គការសិទ្ធិមនុស្សក្នុងស្រុក អ្នកសារព័ត៌មាន ព្រមទាំងសាធារណជន ឱ្យជួយតាមដាន ព្រោះលោកបារម្ភថាករណីបាត់ខ្លួនប្អូនប្រុសបង្កើតនេះ អាចនឹងត្រូវបានអាជ្ញាធរចាប់ខ្លួន។
ប្រភពដដែលបន្តថា ប្អូនប្រុសរបស់ខ្លួន ឈ្មោះ មួង សុភ័ក្ត្រ បានបាត់ខ្លួនតាំងពីម៉ោង៣រសៀល នៅខាងមុខសាលាសុធារស រាជធានីភ្នំពេញ ដោយលោកបានទូរស័ព្ទចូលជាច្រើនសារ ប៉ុន្តែគ្មានអ្នកទទួល។ លោកសង្ស័យករណីបាត់ខ្លួននេះ គឺអាជ្ញាធរឃាត់ខ្លួនគាត់។
យុវជន មួង សុភ័ក្ត្រ ជាយុវជនដែលសកម្មក្នុងការចូលរួមសកម្មភាពសង្គម តវ៉ាចំពោះភាពអយុត្តិធម៌ផ្សេងៗ ពិសេសចុងក្រោយនេះលោកបានចូលរួមក្នុងសកម្មភាពធ្វើបាតុកម្មទាមទារយុត្តិធម៌សង្គម និងទាមទារឱ្យដោះលែង លោក រ៉ុង ឈុន ព្រមទាំងយុវជនបរិស្ថាន និងសង្គមជាច្រើនទៀត។
យុវជនរូបនេះ ក៏ជាមនុស្សម្នាក់ក្នុងចំណោមមនុស្សផ្សេងទៀតដែលបានជួបមន្ត្រីជាន់ខ្ពស់ស្ថានទូតអាមេរិកប្រចាំកម្ពុជាកាលពីសប្តាហ៍មុន។ អ្នកដែលបានជួបមន្ត្រីជាន់ខ្ពស់របស់ស្ថានទូតអាមេរិក រួមមានលោក មាន ព្រហ្មមុនី និងព្រះតេជព្រះគុណ កើត សារ៉ាយ ត្រូវបានអាជ្ញាធរចាប់ខ្លួន ហើយតុលាការសម្រេចចោទប្រកាន់ពួកគាត់ពីបទញុះញង់ និងសម្រេចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃស ផងដែរ៕