30 C
Phnom Penh

យុវជនម្នាក់ត្រូវបានចាប់ខ្លួន ក្នុងពេលតវ៉ាទាមទារឱ្យបើកច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យុវជនម្នាក់ ត្រូវបានសមត្ថកិច្ចខេត្តបន្ទាយមានជ័យចាប់ខ្លួន នៅពេលលោកកំពុងផ្សាយផ្ទាល់ អំពីសកម្មភាពពលរដ្ឋ និងអាជីវករ បានប្រមូលផ្តុំគ្នាដើរហែក្បួនទាមទារឱ្យរដ្ឋាភិបាលបើកច្រកទ្វារអន្តរជាតិប៉ោយប៉ែតឡើងវិញ។

មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក(ADHOC) ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ចាន់គា បានលើកឡើងនៅគណនីហ្វេសប៊ុករបស់លោក នៅថ្ងៃព្រហស្បតិ៍នេះថា៖ មានការធ្វើបាតុកម្មដោយអហិង្សា ក្នុងគោលបំណងទាមទារឱ្យរដ្ឋាភិបាលខ្មែរ និងថៃ បើកច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតឡើងវិញ បន្ទាប់ពីរដ្ឋាភិបាលថៃប្រកាសបិទតាំងពីខែមិនា មក។

លោក ស៊ុំ ចាន់គា បន្តថា ក្នុងព្រឹត្តិការណ៍នេះ សមត្ថកិច្ចបានចាប់ខ្លួនពលរដ្ឋម្នាក់ឈ្មោះ ស៊ីម វណ្ណៈ ភេទប្រុសអាយុ២៦ឆ្នាំ ខណៈដែលលោកកំពុងឡាយវីដេអូ ឬផ្សាយផ្ទាល់ក្នុងបណ្តាញសង្គមហ្វេសប៊ុក អំពីសកម្មភាពតវ៉ានោះ។ ប្រភពដដែលបន្ថែមថា ការចាប់ខ្លួននោះ ដោយសមត្ថកិច្ចបញ្ជាក់ថា ព្រោះតែលោក ស៊ីម វណ្ណៈ ថតដោយគ្មានការអនុញ្ញាត។

យ៉ាងនេះក្តី នៅរសៀលថ្ងៃដដែលនេះ សមត្ថកិច្ចបានដោះលែង  លោក ស៊ីម វណ្ណៈ ឱ្យមានសេរីភាពវិញ ក្រោយពីបានធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពថតរូបភាពតវ៉ា និងចូលរួមការតវ៉ាបន្តទៀតនោះ។

នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ អាជីវករ ឬពលរដ្ឋសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ បានប្រមូលផ្តុំគ្នាតវ៉ា ទាមទារឱ្យ រដ្ឋាភិបាលកម្ពុជា-ថៃ បើកច្រកអន្តរជាតិប៉ោយប៉ែតឡើងវិញ ដើម្បីឱ្យពួកគាត់អាចបានប្រកបរបរចិញ្ចឹមជីវិត ក្រោយពីច្រកទ្វារនេះបានបិទអស់ជាច្រើនខែ អំឡុងពេលមានវិបត្តិជំងឺកូវីដ១៩។ក្នុងការប្រមូលផ្តុំតវ៉ានោះ អាជីវករបានពាក់អាវដែលមានសរសេរសារថា «អរគុណសន្តិភាព ខ្ញុំសុំរស់ផង»។

កាលពីចុងខែមីនា ឆ្នាំ២០២០ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ បានឱ្យដឹងថាភាគីកម្ពុជា-ថៃ សម្រេចបិទច្រកព្រំដែនអន្តរជាតិ និងច្រកទ្វារទាំងអស់នៃប្រទេសទាំងពីរជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

ការបិទច្រកព្រំដែននេះ ក៏បានបន្តពន្យាពេលរហូតមកដល់ពេលបច្ចុប្បន្ន ដោយភាគីកម្ពុជាធ្លាប់បានស្នើទៅភាគីថៃអំពីបញ្ហាបើកច្រកព្រំដែននេះ និងបញ្ហាផ្សេងទៀត ប៉ុន្តែភាគីថៃឆ្លើយតបវិញថារង់ចាំការសម្រេចពីរដ្ឋាភិបាលរបស់គេជាមុនសិន។ 

យ៉ាងនេះក្តី ដោយសារវិបត្តិជំងឺកូវីដ១៩ នៅមិនទាន់បានប្រសើរទាំងស្រុង រដ្ឋាភិបាលថៃកាលពីពេលថ្មីៗនេះ បានប្រកាសពន្យាពេលក្នុងការដាក់ប្រទេសក្នុងគ្រាអាសន្ន រយៈពេលមួយខែទៀត ពោលគឺ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី ៣០ខែកញ្ញា ឆ្នាំ២០២០៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស