31 C
Phnom Penh

ការទន្ទឹងរង់ចាំអ្នកវិនិយោគទុនចិនវិលវិញ របស់ពលរដ្ឋមានអចលនទ្រព្យជួលនៅក្រុងព្រះសីហនុ ហាក់គ្មានពន្លឺ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋរស់នៅខេត្តព្រះសីហនុ ដែលមានអចលនទ្រព្យដូចជា៖ អគារ ផ្ទះ និងដី ទុកជួល ឲ្យអ្នកវិនិយោគទុនចិន ជាសេសពលរដ្ឋ ដែលទៅខ្ចីលុយពីធនាគារ ដើម្បីពង្រីកមុខរបរ បន្តបង្ហាញអារម្មណ៍អស់សង្ឃឹម នៅគ្រាការទន្ទឹងរង់ចាំអ្នកវិនិយោគទុនចិន វិលចូលក្រុងនេះជាថ្មី ហាក់មិនទាន់មានពន្លឺទាល់តែសោះ។

គេសង្កេតឃើញរាល់ថ្ងៃនេះ ទាំងនៅតាមតុកាហ្វេ ឬហាងគុយទាវ និងការជួបជុំក្នុងកម្មវិធីផ្សេងៗក្តី គឺជានិច្ចជាកាលតែងបានឮការជជែកគ្នា របស់អ្នកជំនួញអចលនទ្រព្យ អំពីការទន្ទឹងរង់ចាំចិនវិលចូលមកក្រុងព្រះសីហនុជាថ្មីទៀត ដែលអាចនាំឲ្យពួកគេមានឱកាសជួល អគារ      ផ្ទះ ដីធ្លី និងការធ្វើជំនួញដ៏ទៃទៀតដែលអាចមានប្រាក់ចំណូលខ្ពស់។

សម្រាប់ប្រជាពលរដ្ឋរស់នៅក្រុងព្រះសីហនុ ដែលមានអចលនទ្រព្យដូចជា៖ អគារ ផ្ទះ និងដីជាដើម ទុកជួល ឬលក់ ឲ្យអ្នកវិនិយោគទុនចិន ហាក់ជ្រួលជ្រើមកាន់ខ្លាំង ជាពិសេសពលរដ្ឋ ដែលទៅខ្ចីលុយពីធនាគារ ដើម្បីទិញដីស្តុក ឬសង់អគារ ផ្ទះ ទុកជួល ឲ្យចិន កំឆោរឡោរកលុយបង់ថ្លៃការធនាគារប្រចាំខែស្ទើរពុំបាន ហើយក៏មានពលរដ្ឋខ្លះ នៅពេលចុងខែចូលមកដល់ម្តងៗ ចង់ស្ទះដង្ហើមដាច់ខ្យល់ស្លាប់ ដោយសាររកលុយសម្រាប់បង់ថ្លៃធនាគារពុំបាន។

ជាក់ស្តែងក៏ឃើញពលរដ្ឋខ្លះ បានបង្ខំចិត្តលក់ឡាយឡុងអចលនទ្យព្យ របស់ខ្លួន ក្នុងតម្លៃទាប ដើម្បីប្រមូលលុយបង្គ្រប់សងធនាគារ ឬដើម្បីបង់ការប្រាក់ប្រចាំខែនីមួយៗ ហើយទន្ទឹងរង់ចាំចិនវិលវិញ។

ដោយឡែកចំពោះបច្ចុប្បន្នភាពក្រុងព្រះសីហនុ ក្រោយអ្នកវិនិយោគទុនចិន បានចាកចេញពីក្រុងទេសចរណ៍នេះវិញ គឺសង្កេតឃើញសំណង់អគាររាប់រយ រាប់ពាន់ ត្រូវបានផ្អាកសកម្មភាពសាងសង់ទាំងស្រុង។ ជាងនេះទៀត ចំពោះសណ្ឋាគារ អគារធំស្កឹមស្កៃ ឬផ្ទះ ដែលសាងសង់រួច ព្រមទាំងបើប្រកបមុខរបរផ្សេងៗ ក៏ត្រូវចាក់សោរបិទទ្វារស្ទើរទាំងស្រុង និងគ្មានភ្លើងបំភ្លឺព្រោងព្រាតដូចពេលមុនទៀតទេ ពោលគឺ ក្រុងព្រះសីហនុបច្ចុប្បន្ន ប្រៀបដូចជាក្រុងមួយ ដែលទើបបញ្ចប់សង្គ្រាមអញ្ចឹងដែរ។

ងាកមកក្រុមមនុស្ស ដែលទៅខ្ចីលុយពីធនាគារ ដើម្បីពង្រីកមុខរបរ ឬហៅថា ក្រុមមនុស្សឃើញដំរីជុះ ហើយជុះតាមដំរីវិញ គឺសង្កេតឃើញថា រាល់សកម្មភាពប្រចាំថ្ងៃ របស់ពួកគេ បានផ្លាស់ប្តូរឥរិយាបទប្រចាំថ្ងៃ ១៨០ដឺក្រេ ដោយផ្លាស់ពីមានលុយដាក់ក្នុងកាបូបដៃរាប់ម៉ឺនដុល្លារ ប្តូរមកក្នុងការបូបមានសុទ្ធតែប្រេងខ្យល់ និងប្រេងកូឡាទុករឺតទ្រូងពេលចុងខែចូលមកដល់ ច្រើនជាងក្រដាសលុយ។

ជាពិសេក្រុមបុគ្គល ដែលធ្លាប់មានអត្តចរិកក្រអើតក្រទម សម្តីអួតអាង ដំណើរបូសឃ្លៀក និងឈ្លើយកោងកាច ប៉ុន្តែពេលនេះក៏បានងាកមកមានសុជីវធម៌ល្អជាបណ្តើរវិញហើយ។ ប៉ុន្តែបើនៅក្នុងអំឡុងពេល អ្នកវិនិយោគទុនចិន មិនទាន់ចាកចេញពីក្រុងព្រះសីហនុវិញ បុគ្គលមួយចំនួនខាងលើនេះ  ពេលជួលអចលនទ្រព្យទទួលបានចំណូកប្រចាំខែខ្ពស់រាប់ម៉ឺន រាប់សែន និងរាប់សិបម៉ឺនដុល្លារអាមេរិក ក្នុងមួយខែៗនោះ គឺភាគច្រើន បានបង្ហាញអត្តចរិកឈ្លើយ និងក្រអើតក្រទមបំផុត។

យ៉ាងណាក៏ដោយចុះ ចាប់តាំងពីមូលដ្ឋានក្រុងព្រះសីហនុ បានស្ថាបនាផ្លូវក្នុងក្រុងបានស្អាតឡើងវិញ ក៏ឃើញវត្តមានវិនិយោគទុនចិន ឬជនជាតិចិន បានបង្ហាញវត្តមានក្នុងក្រុងនេះ ជាបណ្តើរៗហើយដែរ ដោយឃើញបើធ្វើអាជីវកម្មផ្សេងៗដូចជា៖ កាស៊ីណូ, ភោជនីយដ្ឋាន និងលក់គ្រឿងសំណង់ជាដើម ប៉ុន្តែមានចំនួនតិចតួចទេ។

ចំណែកប្រជាពលរដ្ឋ ឬអាជីបករ ដែលបានជួលផ្ទះ ឬអគារ ឲ្យចិនកន្លងមក ពេលនេះ ក៏បានងាកមកចាប់បើករបររកស៊ី របស់ខ្លួនដូចដើមវិញហើយដែរ។ និយាយរួមធ្លាប់ប្រកបមុខជំនួញអ្វី កាលពីមុនចិនចូលស្រុក ក៏បានងាកទៅប្រកបមុខរបរទាំងនោះវិញ ក្រោយពេលចិន បានរត់ចោលផ្ទះ ឬអគារ ដែលពួកគេបានជួល ហើយមិនបងថ្លៃជួល ជិតមួយឆ្នាំកន្លងមកនេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស