27 C
Phnom Penh

ប្រមុខការទូតអាមេរិកប្រាប់សមភាគីអាស៊ាន កុំបណ្ដោយឱ្យចិនដើរលើក្បាល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ទំនាក់ទំនង ចិន និងសហរដ្ឋអាមេរិក មិនអាចរកពេលចរចាជាមួយគ្នា បានទេអំពីជម្លោះសមុទ្រចិនខាងត្បូងព្រោះតែក្រុងប៉េកាំង កំពុងរង់ចាំអ៊ុតមើលលទ្ធផលបោះឆ្នោត ប្រធានាធិបតីនៅអាមេរិក ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃដើមខែវិច្ឆិកា ឆ្នាំ២០២០។

ប្រធានាធិបតីចិន ស៊ីជីនពីង បាននិយាយកាលពីថ្មីៗនេះថា  ស្ថានភាពនៅសមុទ្រចិនខាងត្បូងនឹងធូរស្រាលវិញ គឺលុះត្រាតែលោក ដូណាល់ត្រាំ ចាញ់ឆ្នោត។ ក្នុងន័យនេះហើយដែលរដ្ឋការរបស់លោក ដូណាល់ត្រាំ មិនបានដកថយឡើយសង្រ្គាមវោហាសាស្ត្រ ប្រឆាំងនឹងប្រទេសចិន។ សារព័ត៌មាននៃគេហទំព័រ The Economic Times បានធ្វើសេក្ដីរាយការណ៍ថា ក្នុងកិច្ចប្រជុំ Online ជាមួយប្រមុខការទូតអាស៊ាន ដែលរដ្ឋមន្ត្រីការបរទេសវៀតណាម ជាប្រធានដឹកនាំកិច្ចប្រជុំ ស ម្រាប់ឆ្នាំ២០២០នេះ លោករដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក Mike Pompeo បានទទូចទៅសមភាគីអាស៊ានអោយមានសកម្មភាពរួមគ្នា ប្រឆាំងនឹងមហិច្ឆិតារបស់ចិន ដែលកំពុងវាតទីកាន់កាប់ដែនសមុទ្រចិនខាងត្បូង។

ប៉ុន្តែលោកបានប្រកាសថាសហរដ្ឋអាមេរិក បានសម្រេចចូលពាក់ព័ន្ធករណីសមុទ្រចិនខាងត្បូង រួចទៅហើយ ។ ក្នុងនាមលោកប្រធានាធិបតីដូណាល់ត្រាំ លោករដ្ឋមន្ត្រី Pompeo បានប្រកាសសន្យា ថាសហរដ្ឋអាមេរិក គាំទ្រជានិច្ចចំពោះសមាគមអាស៊ាន ដែលជាប់ពាក់ព័ន្ធក្នុងជំលោះដែនសមុទ្រចិនខាងត្បូង។ ប្រទេសក្នុងសមាជិក    អាស៊ានដែលកំពុងមានជម្លោះជាមួយចិន គឺមានដល់ទៅ ប្រាំប្រទេស មានវៀតណាម ហ្វីលីពីន ម៉ាឡេស៊ី ព្រុយណេ ហើយចុងក្រោយគឺប្រទេសឥណ្ឌូនេស៊ី។

ដោយឡែកដែនកោះតៃវ៉ាន់ ក៏បានប្រកាសថា កោះរបស់ខ្លួននៅសមុទ្រចិនខាងត្បូងក៏ប្រឈមនឹងការចូលកាន់កាប់ដោយប្រទេសចិនផងដែរ។ ត្បិត សហរដ្ឋអាមេរិក ពុំមានដែនកោះនៅសមុទ្រចិនខាងត្បូងក៏ដោយ ក៏ប្រទេសមហាអំណាចមួយនេះ ដែលស្ថិតក្រោមរដ្ឋការលោក ដូណាល់ត្រាំបានប្រកាសប្រឆាំងចិនដែលបំពានកាន់កាប់ដែនសមុទ្រទាំងមូល។

លោករដ្ឋមន្ត្រីការបរទេស Pompeo  បានប្រាប់ប្រមុខការទូតអាស៊ានទាំង១០ប្រទេសថា ចិនកំពុងធ្វើសកម្មភាពបំពានដែនកោះ របស់អស់លោកហើយនៅពេលនេះ។ បើអស់លោកគ្មានការសាមគ្គីគ្នាទេគឺដែនកោះរបស់អ្នកនឹងបាត់។

ដូចនេះ គឺត្រូវអោយចិនចូលខ្លួនមកដោះស្រាយជាមួយអស់លោកគឺដោះស្រាយដោយសន្តិវិធី។ ប៉ុន្តែឃ្លាមួយដែលលោកPompeo  បានប្រាប់ទៅសមភាគីអាស៊ាន គឺមិនត្រូវបណ្ដោយអោយចិនដើរលើក្បាលរបស់យើងទេ។ អស់លោកគួរតែមានទំនុកចិត្តដោយខ្លួនឯង ហើយសម្រាប់សហរដ្ឋអាមេរិក គឺជាមិត្តរបស់អស់លោក ហើយចាំតែជួយអស់លោកអោយតែអស់លោកសុំអន្តរាគមន៍។

តាមការពន្យល់របស់ ប្រមុខការទូតអាមេរិក គឺចិន មិនដែលអោយតំលៃលើគោលការណ៍ប្រជាធិបតេយ្យ និងគោលការណ៍អធិបតេយ្យភាពរបស់ប្រទេសជិតខាង ហើយក៏មិនគោរពធម្មនុញ្ញអាស៊ានផងដែរ។

ជាមួយគ្នា លោកPompeo  បានប្រាប់ថា សហរដ្ឋអាមេរិក បានសម្រេចដាក់ទណ្ឌកម្មលើក្រុមហ៊ុនប្រទេសចិនទាំងឡាយណាដែល បានជួយស្ថាបនា កោះសិប្បនិម្មិតរបស់ប្រទេសចិន នៅក្នុងតំបន់ជម្លោះនៅសមុទ្រចិនខាងត្បូង។ បន្ថែមលើសពីនេះ ប្រមុខការទូតអាមេរិករូបនេះ ក៏បានទទូចឲ្យអាស៊ាន កាត់ផ្តាច់ចំណងទាក់ទង ជាមួយក្រុមហ៊ុនចិនទាំងឡាយ ដែលជាប់ពាក់ព័ន្ធការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ នៅតំបន់សមុទ្រចិនខាងត្បូង ។

លោក Pompeo  ទទូចថា គឺដល់ពេលហើយដែលរដ្ឋាភិបាល នៃប្រទេសជាសមាជិកអាស៊ាន ត្រូវតែធ្វើការពិនិត្យឡើងវិញ អំពីទំនាក់ទំនង ជាមួយនឹងក្រុមហ៊ុនទាំងឡាយណាដែលធ្វើប្រតិបត្តិការនៅសមុទ្រចិនខាងត្បូង ។

សហរដ្ឋអាមេរិកបានកត់បញ្ចូលក្រុមហ៊ុនចិនចំនួន ២៤ និងបុគ្គលជាច្រើននាក់ ទៅក្នុងបញ្ជីខ្មៅនៃការដាក់ទណ្ឌកម្មដោយចោទថា ពួកគេមានជាប់ពាក់ព័ន្ធនឹងសកម្មភាពយោធា និងការសាងសង់ហេដ្ឋរចនាសម្ព័ន្ធយោធាចិន នៅក្នុងតំបន់សមុទ្រចិនខាងត្បួង។

រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី បានប្រាប់ទៅរដ្ឋមន្រ្តីការបរទេសអាស៊ានថា សហរដ្ឋអាមេរិកវិញទេ ដែលជាអ្នកជំរុញឲ្យមានសកម្មភាពយោធា កាន់តែខ្លាំងឡើងនៅតំបន់សមុទ្រចិនខាងត្បូង។

ខណៈថ្លែងបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន  នាយករដ្ឋមន្ត្រីវៀតណាម ង្វៀន ស៊ុនហ្វុក បានទទូចសុំ សមាជិកអាស៊ាន ត្រូវឈរលើគោលការណ៍រួមគ្នា ក្នុងការដោះស្រាយ ជម្លោះសមុទ្រចិនខាងត្បូង។

លោក ង្វៀន ស៊ុន ហ្វុក ថ្លែងថា តំបន់សមុទ្រចិនខាងត្បូង បានកំពុងរងការគំរាមកំហែង ដែល នឹងធ្វើអោយមានអស្ថិរភាព ប៉ះពាល់ធ្ងន់ធ្ងរដល់ សេរីភាពរបស់តំបន់និងដែនកោះរបស់ប្រទេសក្នុងតំបន់។

លោកង្វៀន ស៊ុន ហ្វុក បើទោះជាមិនបាននិយាយចំឈ្មោះប្រទេសណាមួយក៏ដោយ ប៉ុន្តែមានតែប្រទេសចិនមួយគត់ ដែលធ្វើអោយវៀតណាមឈឺចាប់ខ្លាំងជាងគេដោយសារប្រទេសចិន បំពានដែនកោះរបស់វៀតណាម។

កាលពីខែឧសភា នាវាល្បាតរបស់ចិន ដែលបំពាក់អាវុធទំនើបៗបាន បើកបុកពន្លិចទូកនេសាទវៀតណាម ជាច្រើនគ្រឿង ហើយបានចាប់ឃុំខ្លួនអ្នកនេសាទវៀតណាម ៨នាក់ ទៀតផងយកទៅឃុំនៅលើកោះដែលចិនលើកទ័ពចូលកាន់កាប់ពីវៀតណាម ក្នុងសង្រ្គាម ឆ្នាំ១៩៧៤ គឺប្រជុំកោះប៉ារ៉ាហ្សែល។ យ៉ាងណា ក៏ដោយវៀតណា បានសម្រេចសុំអោយ កងនាវាអាមេរិកដែលមានវត្តមាននៅប្រជុំកោះប៉ារ៉ាហ្សែល អោយជួយការពារទូកនេសាទវៀតណាម។ លោកPompeo  បានប្រកាសថា សហរដ្ឋអាមេរិក នឹងមិនដកនាវាចម្បាំងរបស់អាមេរិកចេញពីសមុទ្រចិនខាងត្បូងឡើយ ល្កឹកណា ផ្លូវនាវាចរណ៍អន្តរជាតិនៅតែរងការគំរាមកំហែងពីសំណាក់ ប្រទេសចិន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស