អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ទាមទារឱ្យរដ្ឋាភិបាលដោះលែង និងទម្លាក់ចោលបទចោទប្រកាន់ទៅលើសកម្មជនសិទ្ធិមនុស្ស និងបរិស្ថាន ដែលត្រូវបានចាប់ខ្លួនក្នុងរយៈពេលចុងក្រោយនេះ។
ក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃសុក្រនេះ អង្គការឃ្លាំមើលសិទិ្ធមនុស្ស (Human Rights Watch ) បានជំរុញឱ្យអាជ្ញាធរ លោកហ៊ុន សែន ទម្លាក់ចោលការចោទប្រកាន់ពាក់ព័ន្ធបទញុះញង់ដោយគ្មានមូលដ្ឋានទៅលើសកម្មជនសិទ្ធិមនុស្ស និងបរិស្ថានចំនួន ១៤ នាក់ដែលត្រូវបានឃាត់ខ្លួនថ្មីៗនេះ និងដោះលែងពួកគេដោយគ្មានលក្ខខណ្ឌ។
ការលើកឡើងនេះ ក្រោយពេលអាជ្ញាធរបានចាប់ខ្លួនអ្នកទាំង ១៤ ជាបន្តបន្ទាប់ចាប់តាំងពីខែសីហាឆ្នាំ ២០២០មក ពាក់ព័ន្ធការរៀបចំ ឬចូលរួមក្នុងការធ្វើបាតុកម្មដោយសន្តិវិធីកាលពីថ្ងៃទី៧ខែកញ្ញា។ ការចាប់ខ្លួនពាក់ព័ន្ធនឹងការលើកឡើងអំពីបញ្ហាដីធ្លីក្បែរព្រំដែនកម្ពុជា-វៀតណាម ការបង្ហាញក្តីកង្វល់ជុំវិញបញ្ហាលុបបឹងតាមោក និងការច្រៀងចម្រៀងរឿងទឹកដីជាដើម។
ក្នុងចំណោមអ្នកចាប់ខ្លួនទាំងនោះ មានមនុស្សចំនួន ១១ នាក់ត្រូវបានចាប់ខ្លួនដោយគ្រាន់តែអំពាវនាវ ឲ្យមានការដោះលែងមេដឹកនាំសហជីពមួយរូបគឺលោក រ៉ុង ឈុន ដែលត្រូវបានឃុំខ្លួនពាក់ព័ន្ធនឹងការលើកឡើងរឿងដីធ្លីក្បែរព្រំដែននោះ។
ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួននៅថ្ងៃទី១១ ខែកញ្ញា នាយករងអង្គការHuman Rights Watch ប្រចាំតំបន់អាស៊ី លោកហ្វីល រ៉ូបឺតសុន មានប្រសាសន៍ថាការចាប់ខ្លួនសកម្មជនសិទ្ធិមនុស្ស និងបរិស្ថាន ចុងក្រោយនេះ គឺមិនត្រឹមតែបង្ហាញពីការមិនយកចិត្តទុកដាក់ចំពោះសេរីភាពក្នុងការបញ្ចេញមតិនិងការជួបប្រជុំគ្នាដោយសន្តិវិធីប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងបង្ហាញយ៉ាងច្បាស់ថារដ្ឋាភិបាលមិនបានយកចិត្តទុកដាក់លើបញ្ហាសិទ្ធិដីធ្លីនិងបរិស្ថានផងដែរ ។
លោកយល់ថា អាជ្ញាធរគួរតែបញ្ឈប់ការប្រើប្រាស់ក្រមព្រហ្មទណ្ឌមាត្រា៤៩៤ និង ៤៩៥ ដែលជាមាត្រាចែងពីបទញុះញង់ឱ្យប្រព្រឹត្តបទល្មើសជាអាថ៌ ខណៈអង្គការអន្តរជាតិនេះមើលឃើញថាជាក្រមព្រហ្មទណ្ឌមិនត្រឹមត្រូវ ធ្វើឡើងដើម្បីរារាំងការរិះគន់ ឬបង្ក្រាបការតវ៉ាដោយសន្តិវិធីតែប៉ុណ្ណោះ ។
ពលរដ្ឋសកម្ម និងសកម្មជនបរិស្ថានទាំង១៤នាក់ ដែលត្រូវបានចាប់ខ្លួនរួមមានលោកជុំ ពុទ្ធី លោកឈួង ផេង កញ្ញា ស កន្និកា កញ្ញា ឈឿន ដារ៉ាវី លោក ហ៊ុន វណ្ណៈ ប្រធាគណបក្សខ្មែរឈ្នះលោកសួង សុភ័ណ្ឌ។ អនុប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវត្តខ្មែរលោក មាន ព្រហ្មមុនី ព្រះតេជគុណ កើត សារាយ កញ្ញា អេង ម៉ាឡៃ ឬសូ មេត្តា លោក ថា ឡាវី លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា កញ្ញា ភួង កែវរស្មី និងអតីតសមាជិកក្រុមប្រឹក្សាស្រុកមេមត់គណបក្សសង្រ្គោះជាតិ លោក គង់ សំអាន ។ ពួកគេទាំងនេះ ត្រូវបានចោទប្រកាន់ពីបទញុះញង់បង្កឱ្យមានភាពវឹកវរក្នុងសង្គម ហើយតុលាការសម្រេចឃុំខ្លួនជាបន្តបន្ទាប់នៅពន្ធនាគារព្រៃស។
ចរន្តនៃការចាប់ខ្លួននេះបានកើតឡើង ក្រោយពេលអាជ្ញាធរបានចាប់ខ្លួនលោករ៉ុងឈុន កាលពីថ្ងៃទី ៣១ ខែកក្កដា ហើយតុលាការបានចោទប្រកាន់លោកពីបទញុះញង់បង្កភាពវឹកវរ បន្ទាប់ពីលោកបានលើកឡើងជាសាធារណៈចំពោះបញ្ហាដីធ្លីរបស់អ្នកភូមិដែលរស់នៅក្បែរព្រំដែនកម្ពុជា – វៀតណាម ក្នុងខេត្តត្បូងឃ្មុំ។
លោកហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់របស់ខ្លួនធ្លាប់បានអះអាងថា ការចាប់ខ្លួនពលរដ្ឋទាំងនោះជាការធ្វើឡើងតាមច្បាប់ ដើម្បីបញ្ចៀសនូវការប៉ុនប៉ង់បំផ្លាញសុខសន្តិភាពណាមួយតែប៉ុណ្ណោះ។
ទោះជាយ៉ាងណាក៏ដោយ Human Rights Watch អះអាងមកទល់បច្ចុប្បន្ន យ៉ាងហោចណាស់មានមនុស្សជាង ៥០ នាក់ហើយដែលត្រូវបានអាជ្ញាធរលោកហ៊ុន សែន ចាប់ និងកំពុងជាប់ឃុំ ដោយហេតុផលនយោបាយ។
របាយការណ៍គម្រោងយុត្តិធម៌ពិភពលោក(World Justice Project) ប្រចាំឆ្នាំ២០២០ បង្ហាញថាប្រព័ន្ធយុត្តិធម៌នៅកម្ពុជា អាក្រក់ជាងគេនៅក្នុងលោក ពោលគឺល្អជាងប្រទេសវេណេហ្សុយអេឡា តែមួយប៉ុណ្ណោះ។ អង្គការនេះបានដាក់ចំណាត់ថ្នាក់កម្ពុជាជាប់លេខ១២៧ ក្នុងចំណោម១២៨ប្រទេស៕