31 C
Phnom Penh

កាស៊ីណូអនឡាញ និងក្លឹបខេធីវី ឬខារ៉ាអូខេ បន្តបើកធ្វើអាជីវកម្មដោយគ្មានសមត្ថកិច្ចបង្ក្រាប

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋខេត្តព្រះសីហនុឲ្យដឹងថា សណ្ឋាគារកាស៊ីណូ អនឡាញ (Online) និងក្លឹបខេធីវី (KTV) ឬខារ៉ាអូខេ បានបន្តលួចបើកធ្វើអាជីវកម្មព្រោងព្រាត ក្នុងខេត្តនេះ ដោយអនុវត្តផ្ទុយពីបទបញ្ជា និងសេចក្តីណែនាំ របស់រដ្ឋាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩នៅកម្ពុជា។

ប្រភពដដែលឲ្យដឹងថាទីតាំងកាស៊ីណូអនឡាញ និងក្លឹបKTV មួយចំនួន ដែលបើកធ្វើអាជីវកម្ម ផ្ទុយ ឬមិនអនុវត្តតាមបំរាម របស់រដ្ឋាភិបាល ដោយធ្វើឡើងតាមរូបភាពបិទទ្វាររបង និងបិទភ្លើង នៅផ្នែកខាងមុខ ប៉ុន្តែបើកទ្វារចូលតាមរបៀបលួចលាក់នៅផ្នែកខាងក្រោយទៅវិញ។

ក្រុមប្រជាពលរដ្ឋបារម្ភថា ក្លឹបKTV ឬខារ៉ាអូខេ និងកាស៊ីណូអនឡាញមួយចំនួន ដែលអាចបើធ្វើអាជីវកម្ម ដោយគ្មានការហាមឃាត់ ទំនង ជា អាចមានការអនុញ្ញាតិ ពីកម្លាំងកងរាជអាវុធហត្ថ និងនគរបាលខេត្តព្រះសីហនុ ជាអ្នកបើកភ្លើងខៀវ។

ពួកគេនិយាយថា ក្លឹបខារ៉ាអូខេ និងកាស៊ីណូអនឡាញ ដែលបន្តបើកធ្វើអាជីវកម្មនៅក្នុងក្រុងព្រះសីហនុ រាល់ថ្ងៃនេះមានដូចជា នៅផ្លូវខាងក្រោយវិមានលំហែ របស់លោក ហ៊ុន សែន ជាប់ឆ្នេរអូរឈើទាល, នៅម្តុំឆ្នេរឯករាជ្យ និងនៅក្បែរង្វល់មូលតោពីរ និងនៅចំពីមុខស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុជាដើម។

យ៉ាងនេះក្តី The Cambodia Daily មិនទាន់អាចទាក់ទង លោក តី វិសាល អធិការនគរបាលក្រុងព្រះសីហនុ ខណៈលោក ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ និងលោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ មិនអាចទាក់ទងដើម្បីបំភ្លឺជុំវិញករណីខាងលើបានទេ នៅល្ងាចថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២០នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស