ពលរដ្ឋខេត្តព្រះសីហនុ បន្តព្រួយបារម្ភអំពីករណីបទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសចាប់ជំរិតមនុស្សទារប្រាក់ បានបន្តធ្វើសកម្មភាពកក្រើកក្នុងក្រុងទេសចរណ៍មួយនេះ ដោយគ្មានសញ្ញាថយចុះឡើយ។
បទល្មើសដែលបន្តធ្វើសកម្មភាពរាល់ថ្ងៃនេះ មានដូចជា៖ បទល្មើសចោរលួចម៉ូតូ, ចោរលួចគាស់ផ្ទះ, បទល្មើសគ្រឿងញៀន, ល្បែងស៊ីសងគ្រប់ប្រភេទ, ពេស្យាចារ ជាពិសេសបទល្មើសចាប់ជំរិតមនុស្សទារប្រាក់ បានបន្តធ្វើសកម្មភាព ដោយជនល្មើសមិនញញើតកម្លាំងសមត្ថកិច្ចនោះឡើយ។
ផ្តើមពីបញ្ហានេះ ទាំងអាណាព្យាបាល, អាជីវករ, អ្នកវិនិយោគទុន ជាពិសេសប្រជាពលរដ្ឋមានលំនៅដ្ឋានក្នុងក្រុងព្រះសីហនុ បង្ហាញការភ័យខ្លាចពីសន្តិសុខក្នុងគ្រួសារ ក៏ដូចជាសុវត្ថិភាពក្នុងការដើរហើរ និងប្រកបមុខរបរផ្សេងៗ ខណៈមូលដ្ឋាននេះ បានក្លាយជាសម្បុក របស់ក្រុមជនល្មើសស្នាក់នៅ និងធ្វើសកម្មភាព ប៉ុន្តែការចុះបង្រ្កាបរបស់សមត្ថកិច្ច ហាក់ដូចវែកចកក្នុងបឹង ឬក្នុងទន្លេអញ្ចឹងដែរ។
មន្ត្រីរាជការ និងប្រជាពលរដ្ឋភាគច្រើនរស់នៅក្រុងព្រះសីហនុ ហាក់បង្ហាញពីការអស់ជំនឿទៅលើការដឹកនាំ របស់អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន ថាអសមត្ថភាព ឬមានភាពទន់ខ្សោយ ហើយបណ្តាយឲ្យបទល្មើសគ្រប់ប្រភេទ អាចធ្វើសកម្មភាពបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ, អាជីវករ, អ្នកទេសចរ និងអ្នកវិនិយោគទុនជាដើម។
ពលរដ្ឋ ក៏ដូចអាណាព្យាបាល អះអាងថា បទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសចោរកម្ម, គ្រឿងញៀន និងបទល្មើសចាប់ជំរិតមនុស្សទារប្រាក់ មិនមានសញ្ញាថយចុះទេ បើទោះឃើញកម្លាំងនគរបាល និងកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានចុះបង្ក្រាប និងចាប់ខ្លួនជនល្មើសបញ្ជូនទៅកាន់តុលាការផ្តន្ទាទោស បានជាច្រើនករណីជាបន្តបន្ទាប់កន្លងមកនេះក្តី។
ទាក់ទិនបញ្ហានេះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា កាលពីថ្ងៃទី១០ ខែកញ្ញា កម្លាំងនគរបាលរបស់លោក បានបំបែកសំណុំរឿងបទល្មើស ចាប់បង្ខាំងមនុស្សខុសច្បាប់ និងជំរិតទារប្រាក់ មួយករណីទៀត ដោយចាប់ខ្លួនជនសង្សយចំនួន០៧នាក់ ក្នុងនោះមានជនជាតិចិនចំនួន០៣នាក់ និងជនជាតិខ្មែរចំនួន០៤នាក់។
ប្រតិបត្តិការនេះ សមត្ថកិច្ច បានដកហូតរថយន្តមួយគ្រឿង, ម៉ូតូ០២គ្រឿង និងឯកសារពាក់ព័ន្ធមួយចំនួនទៀត ព្រមទាំងជួយរំដោះជនរងគ្រោះ ដែលជាជនជាតិចិនចំនួន០៣នាក់ ដោយសុវត្ថិភាព។
របាយការណ៍នគរបាលបង្ហាញថា នៅយប់រំលងអាធ្រាត្រឆ្លងចូលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ បានទទួលបណ្តឹងពីបុរសជនជាតិចិនម្នាក់ឈ្មោះ Gao MingShuai ថា មិត្តភក្តិរបស់គាត់ឈ្មោះ Wen QiLiang ភេទប្រុស ជនជាតិចិន ត្រូវបានក្រុមជនសង្ស័យចាប់យកទៅបង្ខាំងទុកនៅទីតាំងមួយកន្លែងមិនស្គាល់ឈ្មោះ រួចគម្រាមជំរិតទារប្រាក់ចំនួន ១ម៉ឺន ដុល្លារអាមេរិក។
លោក ជួន ណារិន្ទ បន្តថា បន្ទាប់ពីទទួលបណ្តឹងរួច នគរបាលជំបាញ របស់បានចុះស្រាវជ្រាវ រហូតដល់ព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ ទើបកំណត់បានទីតាំងបង្ខាំងជនសង្ស័យ ស្ថិតនៅចំណុចផ្ទះសំណាក់ វួយអ៊ីណា ក្រុមទី១៦ ភូមិ០១ សង្កាត់០២ ក្រុង-ខេត្តព្រះសីហនុ។
លោកបន្តថា បន្ទាប់មកកម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ បានរាយការណ៍ជូន ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុរួច លោកព្រះរាជអាជ្ញាធរ ក៏បានឯកភាពឲ្យកម្លាំងសមត្ថកិច្ចចុះទៅកន្លែងកើតហតុ ហើយបានជួយរំដោះជនរងគ្រោះចំនួន០៣នាក់ ភេទប្រុស ជនជាតិចិន និងឃាត់ខ្លួនជនសង្ស័យទាំង០៧នាក់
ភេទប្រុស នាំយកមកកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសាកសួរឈានដល់កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការផ្តន្ទាទោស។
របាយការណ៍នគរបាល បញ្ជាក់ថា ជនរងគ្រោះទាំង០៣មានឈ្មោះ He Wei ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចិន មុខរបរជាបុគ្គលិកក្រុមហ៊ុន មានទីលំនៅក្នុងទីក្រុងភ្នំពេញ។ ២- ឈ្មោះ He A Kun ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន មុខរបរ អ្នកលក់សំបុត្រយន្តហោះ មានទីលំនៅក្នុងទីក្រុងភ្នំពេញ ហើយទី៣ ឈ្មោះ Gao MingShuai ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកខារ៉ាអូខេ មានទីលំនៅភូមិ០៤ សង្កាត់០៤ក្រុង-ខេត្តព្រះសីហនុ។
ចំណែឯជនសង្ស័យចំនួន ០៧នាក់ មានឈ្មោះ៖ ១- ឈ្មោះ Cheng PengYun ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចិន មុខរបរ អ្នកនាំភ្ញៀវលេងល្បែង ស្នាក់នៅភូមិ០១ សង្កាត់០២ ក្រុង-ខេត្តព្រះសីហនុ។ ២- ឈ្មោះ Chen FuLi ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិន មុខរបរ ក្រុមចងការប្រាក់ (ផ្នែកយាម) ស្នាក់នៅភូមិ០១ សង្កាត់០២ក្រុង-ខេត្តព្រះសីហនុ។ ៣- ឈ្មោះ Hai QuanShan ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិ ម៉ុងហ្គោលី (ចេះភាសាចិន) មុខរបរ ក្រុមចងការប្រាក់(ផ្នែកទារប្រាក់) ស្នាក់នៅភូមិ០១ សង្កាត់០២ ក្រុង-ខេត្តព្រះសីហនុ។ ៤- ឈ្មោះ ង៉ែត ពើត ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។ ៥- ឈ្មោះ ខៀវ សុវណ្ណា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ។ ៦- ឈ្មោះ ស្រ៊ី ហួត ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ។ ៧- ឈ្មោះ ង៉ែត ហេង ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ។ ហើយជនសង្ស័យជនជាតិខ្មែរទាំង០៤នាក់នេះ មានទីលំនៅក្នុងក្រុងព្រះសីហនុ។
ចំពោះវត្ថុតាង ដែលសមត្ថកិច្ចរឹបអូសបានរួមមាន៖ – រថយន្តមួយគ្រឿងម៉ាកស្តារិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ:ភ្នំពេញ 2BE-9670 ម៉ូតូ ០២គ្រឿង ម៉ាក Smash Revo ០១គ្រឿង និងម៉ាក Duke ០១គ្រឿង លិខិតខ្ចីប្រាក់ ០២សន្លឹក (ភាសាខ្មែរ០១សន្លឹក, ភាសាចិន០១សន្លឹក) ពិលឆក់០១ ដំបងឆក់០១– Spray បាញ់ភ្នែក០១។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង កំពុងត្រូវបានកម្លាំងជំនាញសាកសួរ ដើម្បីឈានដល់កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់៕