28 C
Phnom Penh

សហរដ្ឋអាមេរិកថា កំពុងសហការរកដំណោះស្រាយចំពោះបញ្ហាប្រឈមបន្ទាន់នៅតំបន់ទន្លេមេគង្គ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សហរដ្ឋអាមេរិកតាមរយៈស្ថានទូតរបស់ខ្លួនប្រចាំកម្ពុជាបានលើកឡើងថា អាមេរិកកំពុងបង្កើនការគាំទ្រដល់ប្រទេសជាដៃគូក្នុងតំបន់ទន្លេមេគង្គក្រោមទាំង ៥ប្រទេស ដើម្បីដោះស្រាយបញ្ហាប្រឈមបន្ទាន់ជុំវិញវិបត្តិទឹកទន្លេមេគង្គ។  

ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានលើកឡើងកាលពីថ្ងៃទី១៣ ខែកញ្ញាលើទំព័រហ្វេសប៊ុករបស់ខ្លួនថា សហរដ្ឋអាមេរិកកំពុងបង្កើនការគាំទ្រដល់ប្រទេសកម្ពុជា ឡាវ ភូមា ថៃ និងវៀតណាម ដែលជាប្រទេសដៃគូរបស់ខ្លួននៅតំបន់ទន្លេមេគង្គ។

សហរដ្ឋអាមេរិកបញ្ជាក់ជំហរថា ប្រទេសមហាអំណាចមួយនេះកំពុងធ្វើការសហការគ្នា ដើម្បីរកដំណោះស្រាយចំពោះបញ្ហាប្រឈមបន្ទាន់ តាមរយៈភាពជាដៃគូរវាងតំបន់ទន្លេមេគង្គ និងសហរដ្ឋអាមេរិកផងដែរ។

វិបត្តិទន្លេមេគង្គនាពេលបច្ចុប្បន្ន ដែលកំពុងប្រឈម គឺពាក់ព័ន្ធនឹងការគ្រប់គ្រងទន្លេមេគង្គទាំងមូល និងការធ្លាក់ចុះនៃកម្រិតទឹកទន្លេមេគង្គក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយមិនធ្លាប់មានពីមុនមក។

បញ្ហាទាំងនេះ ប្រទេសទាំង៦ ដែលជាប់ដងទន្លេមគង្គ រួមទាំងចិនផង បានបើកកិច្ចប្រជុំជារៀងរាល់ឆ្នាំ តាមរយៈកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាង ដើម្បីរកវិធីដោះស្រាយនានា ពិសេសការដោះស្រាយបញ្ហាកម្រិតទឹកទន្លេធ្លាក់ចុះជាបន្តបន្ទាប់នោះ។  

យ៉ាងនេះក្តី ក្នុងកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាង កាលពីថ្ងៃទី២៤ ខែសីហា ប្រទេសនៅខាងផ្នែកខាងក្រោមនៃដងទន្លេមេគង្គ បានស្នើទៅភាគីចិន ឱ្យបញ្ចេញទឹក ផ្នែកខាងលើដែលស្ថិតក្រោមការគ្រប់គ្រងរបស់ចិន ដើម្បីឱ្យចរន្តទឹកហូរចុះមកផ្នែកខាងក្រោម សម្រាប់ជាមធ្យោបាយដោះស្រាយវិបត្តិខ្វះទឹកប្រើប្រាស់។

កាលនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានជំរុញឱ្យប្រទេសជាប់ទន្លេមេងគ្គទាំងអស់ ត្រូវស្រុះស្រួលគ្នារកដំណោះស្រាយបញ្ហាទឹកទន្លេមេគង្គ ព្រោះវាជាជោគជ័យដ៏សំខាន់បំផុតមួយទៀត នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។

ជាការឆ្លើយតបនឹងសំណើររបស់ប្រទេសទាំង៥នៅផ្នែកខាងក្រោមទន្លេមេគង្គ នាយករដ្ឋមន្ត្រីចិន លោក លី ខឺឈាង បានអះអាងថាភាគីចិននឹងខិតខំបន្ថែមទៀត ក្នុងការបញ្ចេញទឹកក្នុងរដូវប្រាំងដល់ប្រទេសនៅខាងក្រោមទន្លេមេគង្គ ដើម្បីដោះស្រាយបញ្ហាភាពរាំងស្ងួត បញ្ហាទឹកប្រើប្រាស់របស់ពលរដ្ឋផ្នែកខាងក្រោមសម្រាប់វិស័យកសិកម្ម បញ្ហាធនធានជលផល និងជាយន្តការស្នូលសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាសមាជិកមេគង្គ-ឡានឆាងផងដែរ។

ទន្លេមេគង្គសរុបប្រវែងប្រមាណ ជិត៥ពាន់គីឡូម៉ែត្រ (៤,៨៨០)ដែលហូរកាត់ប្រទេសចំនួន៦ រួមមានចិន មីយ៉ាន់ម៉ា ថៃ ឡាវ កម្ពុជា និងវៀតណាម ដោយមានអាងស្ដុកទឹកប្រមាណជិត ៨សែនគីឡូម៉ែត្រការ៉េ( ៧៩៥,០០០) ហើយបានផ្តល់ប្រយោជន៍ផ្គត់ផ្គង់ប្រជាជនជាង ៣រយលាននាក់( ៣២៦) នៅក្នុងអនុតំបន់មេគង្គ-ឡានឆាងនេះ។

នៅក្នុងឆ្នាំ២០២០នេះ កម្រិតទឹកក្នុងអាងទន្លេមេគង្គមានបម្រែបម្រួលយ៉ាងខ្លាំង ដែលមិនធ្លាប់មានពីមុនមក ពោលគឺកម្រិតទឹកក្នុងអាងទន្លេមេគង្គមានកម្រិតកាន់តែទាបទៅៗ។ ការប្រែប្រួលកម្រិតទឹកនេះ បាននាំឱ្យមានការបារម្ភខ្លាំងដល់ការប៉ះពាល់ធនធានជលផល និងការខ្វះទឹកសម្រាប់បង្កបង្កើនផលនៅប្រទេសទន្លេមេគង្គក្រោមដូចជាកម្ពុជា និងវៀតណាម។

បញ្ហានេះ ក៏មានការលើកឡើងច្រើនពាក់ព័ន្ធនឹងបម្រែបម្រួលអាកាសធាតុ ហើយក៏មានការលើកឡើងអំពីបញ្ហាទំនប់វារីអគ្គិសនីពីសំណាក់ប្រទេសផ្នែកខាងលើរួមមានប្រទេសមហាអំណាចចិន ហើយផ្នែកខាងក្រោមគឺប្រទេសឡាវជាច្រើនកន្លែង។

យ៉ាងនេះក្តី អ្នកនាំពាក្យក្រសួងបរិស្ថានលោក នេត្រ ភក្ត្រា ធ្លាប់អះអាងថាការប្រែប្រួលរបបទឹកទន្លេមេគង្គ កត្តាចម្បងបំផុត ពុំមែន ដោយសារ តែទំនប់វារីអគ្គិសនីនោះឡើយ ប៉ុន្តែនៅឆ្នាំ២០១៩ និង២០២០ តំបន់នេះទាំងមូលទទួលរងបាតុភូតអែលនីញ៉ូ ដែលនាំឱ្យមានភាពរាំងស្ងួតខ្លាំង ដែលជាហេតុរបបទឹកអាងទន្លេមេគង្គមានការប្រែប្រួល៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស