27 C
Phnom Penh

អង្គការសហប្រជាជាតិបន្តទាមទារឱ្យកម្ពុជាបង្ហាញពីដំណើរការស៊ើបអង្កេតករណីបាត់ខ្លួនសកម្មជននយោបាយថៃនៅភ្នំពេញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមអ្នកជំនាញសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ នៅតែទាមទារឱ្យកម្ពុជាបង្ហាញពីការវិវត្តន៍នៃកិច្ចខិតខំប្រឹងប្រែងក្នុងការស៊ើបអង្កេតករណីបាត់ខ្លួនសកម្មជននយោបាយថៃម្នាក់នៅលើទឹកដីកម្ពុជាកាលពីពេលកន្លងទៅ។

ក្រុមការងារទទួលបន្ទុកផ្នែកបាត់ខ្លួនដោយបង្ខំ ឬគ្មានការស្ម័គ្រចិត្តរបស់អង្គការសហប្រជាជាតិ បានផ្ញើលិខិតមួយទៅឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាលោកប្រាក់ សុខុន កាលពីខែកក្កដា ហើយលិខិតនោះត្រូវបានគេផ្សព្វផ្សាយកាលពីថ្ងៃទី១៤ ខែកញ្ញា ម្សិលមិញថា អង្គការសហប្រជាជាតិនៅតែព្រួយបារម្ភអំពីកង្វះយន្តការស៊ើបអង្កេតលើករណីបាត់ខ្លួន សកម្មជននយោបាយថៃលោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធិ កាលពីខែមិថុនា ឆ្នាំ២០២០នោះ។

ក្រុមអ្នកជំនាញសិទ្ធិមនុស្ស UN ក៏បានជំរុញឱ្យកម្ពុជាផ្តល់ព័ត៌មានអំពីការវិវត្តន៍ នៃសំណុំរឿងនេះ ឬការបច្ចុប្បន្នភាពជុំវិញការបាត់ខ្លួនលោក វ៉ាន់ឆាឡឺម ដើម្បីឈានទៅស្វែងរកជនប្រព្រឹត្តក្នុងករណីនេះផងដែរ។

អង្គការHuman Right Watch កាលពីថ្ងៃទី៥ ខែមិថុនា បានចេញសេចក្តីថ្លែងការណ៍មួយ ដោយអះអាងថា សកម្មជននយោបាយប្រឆាំងរដ្ឋាភិបាលថៃ លោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធិ បានបាត់ខ្លួនបន្ទាប់ពីមានការចាប់ពង្រាត់ពីកន្លែងលោកស្នាក់នៅ ក្នុងខណ្ឌជ្រោយចង្វារ កាលពីល្ងាចថ្ងៃទី៤ ខែមិថុនា។

អង្គការសិទ្ធិមនុស្សមួយនេះអះអាងដោយយោងតាមសាក្សីមួយចំនួន និងកាមេរ៉ាសុវត្ថិភាពថា លោកវ៉ាន់ឆាឡឺម ត្រូវបានគេចាប់បញ្ចូលទៅក្នុងឡានពណ៌ខ្មៅមួយគ្រឿង រួចឡាននោះបានបើកចេញទៅបាត់។ សហការីម្នាក់របស់លោក វ៉ាន់ឆាឡឺម ដែលកំពុងនិយាយទូរស័ព្ទជាមួយគ្នានៅពេលមានហេតុការណ៍នោះកើតឡើង បានឮ លោក វ៉ាន់ឆាឡឺម ស្រែកថា “មិនអាចដកដង្ហើម” បានទេ រួចទូរស័ព្ទក៏ត្រូវបានកាត់ផ្តាច់។ នៅមុនពេលបាត់ខ្លួន លោក វ៉ាន់ឆាឡឺម បានបង្ហោះសារជាប្រចាំ រិះគន់ការដឹកនាំរដ្ឋាភិបាលរបស់ លោក ប្រាយុទ្ធ ចាន់អូរចារ នៅប្រទេសថៃ។

វិទ្យុបារាំងអន្តរជាតិ នៅថ្ងៃអង្គារ៍នេះបានដកស្រង់សម្តីអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ចុះផ្សាយថាករណីនេះ សមត្ថកិច្ចនៅតែបន្តការស៊ើបអង្កេត ប៉ុន្តែមិនទាន់មានតម្រុយអ្វីនោះឡើយ។

លោកក៏ស្នើឱ្យភាគីពាក់ព័ន្ធ ពិសេសអ្នកដែលដឹងករណីនេះច្បាស់មេត្តាចូលរួមសហការជាមួយសមត្ថកិច្ច ដើម្បីសមត្ថកិច្ចងាយស្រួលក្នុងការស៊ើបអង្កេតបន្ថែមទៀត។

អាជ្ញាធរកម្ពុជាធ្លាប់បានអះអាងថា លោក វ៉ាន់ឆាឡឺម បានធ្វើដំណើរចូលមកកម្ពុជាជាច្រើនលើកកាលពីឆ្នាំ២០១៤ និងឆ្នាំ២០១៥ ហើយលោកបានចូលមកកម្ពុជាចុងក្រោយកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៥ និងបានពន្យារពេលស្នាក់នៅបណ្ដោះអាសន្ននៅកម្ពុជារហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧។ ចាប់តាំងពីពេលនោះមក លោកពុំបានស្នើសុំពន្យារពេលការស្នាក់នៅបណ្ដោះអាសន្ននៅកម្ពុជាទៀតទេ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស