27.5 C
Phnom Penh

មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលថា ការដាក់ទណ្ឌកម្មរបស់អាមេរិកលើក្រុមហ៊ុនUDG មិនធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងកម្ពុជា-អាមេរិកទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន្ត អះអាងថា ការសម្រេចដាក់ទណ្ឌកម្មក្រុមហ៊ុនយូញៀន ឌីវេលឡូបមិន គ្រុប ឬ Union Development Group (UDG) ដែលជាក្រុមហ៊ុនធំរបស់ចិនវិនិយោគនៅខេត្តកោះកុងនោះ គឺមិនធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងកម្ពុជា-អាមេរិកឡើយ។

លោកបន្តថា មានបញ្ហាអ្វីភាគីកម្ពុជា-អាមេរិក អាចជជែកគ្នាបាន ប៉ុន្តែលោកព្រមានថា អាមេរិកដែលជាប្រទេសមហាអំណាចធំ ត្រូវចេះពិចារណាក្នុងការដាក់ទណ្ឌអ្វីមួយមកលើកម្ពុជា។ លោកថា កុំអាងតែខ្លួនជាប្រទេសធំ ចេះតែដាក់ទណ្ឌកម្មនេះ ដាក់ទណ្ឌកម្មនោះមកលើប្រទេសតូចតាចដោយគ្មានការពិចារណា ដែលនាំឱ្យមានភាពអយុត្តិធម៌សម្រាប់កម្ពុជា។

ការលើកឡើងរបស់មន្ត្រីកម្ពុជានេះ ក្រោយពេលក្រសួងរតនាគារសហរដ្ឋអាមេរិកកាលពីថ្ងៃទី១៥ ខែកញ្ញាម្សិលមិញបានសម្រេច ដាក់ទណ្ឌកម្មក្រុមហ៊ុន យូញៀន ឌីវេលឡូបមិន គ្រុប ឬ UDG ក្នុងបញ្ជីបង្កទ្រព្យសម្បត្តិ ឬបញ្ជីខ្មៅរបស់ខ្លួន។

ការដាក់ទណ្ឌកម្មនេះ ក្រោយពេលអាមេរិករកឃើញថា ក្រុមហ៊ុន UDG បានប្រព្រឹត្តអំពើពុករលួយនិងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ តាមរយៈការរឹបអូសយកដីធ្លី និងបំផ្លាញលំនៅដ្ឋានរបស់ពលរដ្ឋកម្ពុជា នៅខេត្តកោះកុង ក្រោមការអភិវឌ្ឍរបស់ខ្លួន។

ក្រសួងរតនាគារអាមេរិកបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា ការដាក់ទណ្ឌកម្មក្រុមហ៊ុនចិននេះ គឺធ្វើតាមច្បាប់ម៉ានីតស្គី (Global Magnitsky Act) ដោយមានការយល់ព្រមពីលោកប្រធានាធិបតី ដូណាល់ត្រាំ។ ច្បាប់នេះសំដៅលើបុគ្គល ឬស្ថាប័នណាដែលរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងប្រព្រឹត្តអំពើពុករលួយជាដើម ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរតនាគារអាមេរិកបានលើកឡើងថា ក្រុមហ៊ុនUDG បានធ្វើសកម្មភាពរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ដូចជាបង្ខំពលរដ្ឋកម្ពុជាចេញពីដីធ្លី និងបំផ្លាញលំនៅឋានរបស់ពួកគេ។ លើសពីនេះ បំផ្លាញបរិស្ថាន ធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន ដោយឃុបឃិតគ្នាជាមួយមន្ត្រីរដ្ឋាភិបាល ពិសេសកងកម្លាំងកម្ពុជាផងដែរ។ 

កាលពីខែធ្នូឆ្នាំ២០១៩ សហរដ្ឋអាមេរិក ក្រោមការអនុវត្តច្បាប់ Global Magnitsky Act នេះ បានសម្រេចដាក់ទណ្ឌកម្មហិរញ្ញវត្ថុ និងរឹតត្បិតទិដ្ឋាការឈ្មួញឈើដ៏ធំនៅកម្ពុជាគឺលោក ទ្រី ភាព និងអតីតអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ លោក គន់ គីម ព្រមទាំងសមាជិកគ្រួសារលោក៣រូប និងក្រុមហ៊ុនរបស់ពួកគេចំនួន១៦ផ្សេងទៀត។

ការសម្រេចនោះ ធ្វើឡើងដោយអាមេរិករកឃើញថា មនុស្សស្និទ្ធនឹងលោក ហ៊ុន សែន ទាំងពីរនេះ បានរួមចំណែកយ៉ាងច្រើនក្នុងការប្រព្រឹត្តអំពើពុករលួយ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិជាតិ និងរំលោភសិទ្ធិមនុស្សជាប្រព័ន្ធយ៉ាងធ្ងន់ធ្ងរ។

អាមេរិករកឃើញទៀតថា លោក គន់ គីម កាលនៅមានអំណាចខាងកងទ័ព បានរួមចំណែកជាមួយក្រុមហ៊ុន UDG ដោយប្រើកងកម្លាំងបណ្តេញ និងបំផ្លាញលំនៅឋាន របស់ពលរដ្ឋដោយបង្ខំ ឃុបឃិតបំផ្លាញធនធានធម្មជាតិ ប្រព្រឹត្តអំពើពុករលួយរាប់មិនអស់ផ្សេងទៀត។ 

ក្រុមហ៊ុន UDG ទទួលបានដីសម្បទានសេដ្ឋកិច្ចចំនួនជិត៤ម៉ឺនហិកតា( ៣៦ ០០០) ហិកតា ពីរដ្ឋាភិបាលកាលពីឆ្នាំ ២០០៨ សម្រាប់ជួលក្នុងរយៈពេល ៩៩ ឆ្នាំ នៅខេត្តកោះកុង ដើម្បីអភិវឌ្ឍមណ្ឌលកម្សាន្តទេសចរណ៍ធម្មជាតិតារាសាគរ ក្នុងទឹកប្រាក់ ជិត៤ពាន់លានដុល្លារអាមេរិក។

ក្នុងគម្រោងនោះ ក៏មានសង់ព្រលានយន្តហោះដ៏ធំជាងគេបំផុត នៅកម្ពុជាផងដែរ ដែលអាចប្រើប្រាស់សម្រាប់យន្តហោះយោធាធុនធំចុះចតបាន។ លើសពីនេះ មានការកសាងកំពង់ផែទឹកជ្រៅ សម្រាប់នាវាខ្នាតយក្សចុះចតបានថែមទៀតផង។

ក្រុមហ៊ុននេះ ក៏ជាទិសដៅនៃការសង្ស័យពីលទ្ធភាពកសាងមូលដ្ឋានយោធាចិន នៅកម្ពុជា ដែលជាផ្នែកមួយក្នុងការដាក់ទណ្ឌកម្មរបស់អាមេរិកពេលនេះ។

យ៉ាងនេះក្តីការដាក់ទណ្ឌកម្មក្រុមហ៊ុនUDG នេះ សម្រាប់ លោក សុខ ឥសាន្ត យល់ថាវាមិនពាក់ព័ន្ធគ្នាឡើយ ព្រោះការវិនិយោគរបស់ក្រុមហ៊ុនចិននៅកម្ពុជានេះ ជាការវិនិយោគផ្នែកសេដ្ឋកិច្ច ពុំមែនរឿងយោធាទេ។ លើសពីនេះ លោកថា តំបន់ខេត្តកោះកុង ក៏មិនមែនជាកន្លែងយុទ្ធសាស្ត្រខាងយោធារបស់មហាអំណាចណាមួយនោះដែរ។

រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកលោក Mike Pompeo បានលើកឡើងលើបណ្តាញទ្វីទ័រ(Twitter) នៅថ្ងៃអង្គារនេះថា សហរដ្ឋអាមេរិកបានសម្រេចដាក់ទណ្ឌកម្មលើក្រុមហ៊ុនUDGរបស់ចិន ពាក់ព័ន្ធការប្រព្រឹត្តអំពើពុករលួយ និងការរំលោភសិទ្ធិមនុស្សនៅកម្ពុជា។

លោកថា អាមេរិកនឹងមិនអត់ឱនចំពោះសកម្មភាពបែបនេះ ដើម្បីប្រឆាំងនឹងប្រជាជនស្លូតត្រង់នោះឡើយ ហើយអាមេរិកនឹងឈរជាមួយប្រជាជនកម្ពុជាជានិច្ច។

អ្នកវិភាគនយោបាយនៅក្រៅប្រទេសលោក គឹម សុខ បានលើកឡើងនៅថ្ងៃទី១៦ ខែកញ្ញានេះ ថា អង្គការសហប្រជាជាតិ សហភាពអឺរ៉ុប ពិសេសសហរដ្ឋអាមេរិក តែងតែបង្ហាញជំហរគាំទ្រ និងនៅជាមួយពលរដ្ឋខ្មែរ។ ដូច្នេះ ទណ្ឌកម្ម ឬវិធានការរបស់អាមេរិកនេះ ច្បាស់ណាស់ថាអនាគតកម្ពុជាស្ថិតនៅលើការហ៊ានប្រើសិទ្ធិស្របតាមរដ្ឋធម្មនុញ្ញរបស់រាស្ត្រខ្មែរ ដែលមានសហគមន៍អន្តរជាតិជាខ្នងបង្អែកដ៏រឹងមាំ។

លោកបន្តថា ទណ្ឌកម្មអាមេរិកនេះ ជាមេរៀនប្រជាធិបតេយ្យមួយដែលជួយរំឮកកម្ពុជាថា មូលដ្ឋានស្តារលទ្ធិប្រជាធិបតេយ្យពិតប្រាកដ គឺការចេះប្រើសិទ្ធិជាមូលដ្ឋាន តវ៉ាទាមទារមិនរាថយរបស់មហាជនចម្រុះគ្នាដោយអហិង្សា ក្នុងស្ថានភាពប្រជាធិបតេយ្យជាតិមួយដែលមានវិបត្តិធ្ងន់ធ្ងរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស