មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលសហរដ្ឋអាមេរិកបានសម្តែងការខកចិត្តជាខ្លាំង និងថ្កោលទោសចំពោះរដ្ឋភិបាលលោកហ៊ុន សែន ដែលបានចាប់ខ្លួនពលរដ្ឋស្លូតត្រង់ ជាពិសេសកម្មជនសិទ្ធិមនុស្ស និងក្រុម យុវជនបរិស្ថានជាបន្តបន្ទាប់ក្នុងរយៈពេលចុងក្រោយនេះ។
ប្រតិកម្មថ្កោលទោសកម្ពុជាពីសំណាក់ប្រទេសមហាអំណាចលោកសេរីនេះ ធ្វើឡើងក្រោយពេលសមត្ថកិច្ចលោកហ៊ុន សែន ចាប់ខ្លួនសកម្មជនសិទ្ធិមនុស្ស និងបរិស្ថាន ព្រះសង្ឃ ព្រមទាំងអ្នកនយោបាយប្រមាណ២០នាក់ ដាក់ពន្ធនាគារក្រោមហេតុផលនៃការអនុវត្តច្បាប់ចាប់តាំងពីចុងខែកក្កដាមកនេះ។
កាលពីថ្ងៃទី១៤ខែកញ្ញា ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកលទ្ធិប្រជាធិបតេយ្យសិទ្ធិមនុស្សនិងការងារ គឺលោក Robert A. Destro បានសរសេរសារនៅលើទំព័រ Twitter របស់លោកថា សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងសិទ្ធិសេរីភាពនៃការប្រមូលផ្តុំគ្នា ឬចង់ក្រងបង្កើតជាសមាគមត្រូវបានចែងក្នុងរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា។
លោកថាសហរដ្ឋអាមេរិកមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការចាប់ខ្លួនអ្នកដែលអនុវត្តសេរីភាពទាំងនេះ ហើយអាមេរិកទទូចឲ្យរដ្ឋាភិបាលដោះលែងពួកគេជាបន្ទាន់ និងអនុញ្ញាតឲ្យពួកគេអាចបញ្ចេញមតិបន្តទៀត។
ចំណែកតំណាងរាស្រ្តសហព័ន្ធសហរដ្ឋអាមេរិកលោក Alan Lowenthal កាលពីម្សិលមិញក៏បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសរដ្ឋាភិបាលលោកហ៊ុន សែន ក្នុងការបង្ក្រាបទៅលើសំឡេងប្រឆាំង និងអ្នករិះគន់ឥតស្រាកស្រាន្តនារយៈពេលចុងក្រោយនេះ។
លោកថាមានការប្តេជ្ញាចិត្ត នឹងបន្តថ្កោលទោសចំពោះការចាប់ខ្លួនសកម្មជន និងអ្នកប្រឆាំងរបស់រដ្ឋាភិបាលលោកហ៊ុនសែនតាមអំពើចិត្ត។ លោកបន្តថា ការចាប់ខ្លួនចុងក្រោយនេះ គឺជាការវាយលុកមួយផ្សេងទៀតទៅលើលទ្ធិប្រជាធិបតេយ្យ ដែលរដ្ឋាភិបាលបានសន្យាចំពោះប្រជាជនកម្ពុជាក្នុងការអនុវត្ត ដោយមានចែងក្នុងរដ្ឋធម្មនុញ្ញ ហើយជារដ្ឋធម្មនុញ្ញដែលលោកហ៊ុន សែន មិនត្រឹមតែបានចុះហត្ថលេខាទទួលស្គាល់ប៉ុណ្ណោះទេ ប៉ុន្តែលោកថែមទាំងបានស្បថក្នុងការគោរពតាមផងដែរ។
លោក Alan Lowenthal អះអាងថាការចាប់ខ្លួនពលរដ្ឋទាំងនោះ ជាការ បង្ក្រាបមួយទៅលើយុវជនកម្ពុជាដែលកំពុងអនុវត្តការចូលរួមសិទ្ធិនយោបាយនិងសកម្មជនស៊ីវិលរបស់ពួកគេ ពីសំណាក់លោកហ៊ុន សែន និងរដ្ឋាភិបាលរបស់ខ្លួន។
ចំណែក រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកលោក Mike Pompeo បានលើកឡើងលើបណ្តាញទ្វីទ័រ(Twitter) នៅថ្ងៃអង្គារនេះថា អាមេរិកនឹងមិនអត់ឱនចំពោះសកម្មភាពទាំងឡាយណាដែលប្រឆាំងនឹងប្រជាជនស្លូតត្រង់នោះឡើយ ហើយអាមេរិកនឹងឈរជាមួយប្រជាជនកម្ពុជាជានិច្ច។
សេចក្តីថ្លែងការណ៍របស់តំណាងរាស្រ្តសហព័ន្ធអាមេរិកាំង និងមន្រ្តីការបរទេសអាមេរិកាំងទាំងនេះធ្វើឡើងក្រោយពីចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ ឬ SMD កាលពីសប្តាហ៍មុន បានផ្ញើលិខិតទៅកាន់រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Mike Poemeo តំណាងរាស្ត្រ Alan Lowenthal និងសមាជិកព្រឹទ្ធសភាអាមេរិក លោក Linsey Graham ពាក់ព័ន្ធនឹងការចាប់ខ្លួនសកម្មជនជាច្រើននាក់ដែលធ្វើឡើងដោយរដ្ឋអំណាច ហ៊ុន សែន នាពេលថ្មីៗនេះ ។
ក្រុមចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ បានសង្កត់ធ្ងន់ថា ប្រជាពលរដ្ឋខ្មែរគួរទទួលបាននូវយុត្តិធម៌ និងការទទួលខុសត្រូវចំពោះបទឧក្រិដ្ឋកម្មពីអតីតកាល និងនាពេលថ្មីៗនេះរបស់រដ្ឋអំណាច ហ៊ុន សែន ។
ទោះបីជាយ៉ាងនេះក្តី មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល និងជាអ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន្ត បានប្រាប់The Cambodia Daily នៅថ្ងៃនេះថា ការចាប់ខ្លួនសកម្មជនសិទ្ធិមនុស្ស និងបរិស្ថានមួយក្តាប់តូច កន្លងមក គឺជាការអនុវត្តច្បាប់សុទ្ធសាធ ដោយសារពួកគេធ្វើសកម្មភាពខុសច្បាប់តែប៉ុណ្ណោះ។
លោកបន្តថា មិនអាចយកការប្រព្រឹត្តខុសច្បាប់មកពាក់ព័ន្ធនឹងបញ្ហាសិទ្ធមនុស្ស និងការអនុវត្តច្បាប់នោះឡើយ ហើយលោកជឿថា អាមេរិកក៏មិនគាំទ្រឱ្យមនុស្សប្រព្រឹត្តនូវអំពើខុសច្បាប់បង្កអសន្តិសុខសង្គមនោះដែរ។
លោក សុខ ឥសាន្ត និយាយទៀតថា រដ្ឋាភិបាលនឹងបន្តចាប់ខ្លួនពលរដ្ឋបន្តទៀត ឱ្យតែសកម្មភាពរបស់ពួកគេខុសច្បាប់ ឬបង្កអស្ថិរភាពសង្គមនោះ។
ទោះបីជាយ៉ាងនេះក្តី អ្នកវិភាគនយោបាយចាស់វស្សា លោកបណ្ឌិត ឡៅ ម៉ុងហៃ លើកឡើងថាវាជារឿងមិនត្រឹមត្រូវទេ ដែលតុលាការយកបទញុះញង់ឱ្យប្រព្រឹត្តអំពើបង្កភាពវឹកវរដល់សង្គម ដើម្បីទៅចោទប្រកាន់ និងដកហូតសេរីភាពរបស់លោក រ៉ុង ឈុន និង ជនរួមជាតិផ្សេងទៀត ដោយសារពួកគេប្រើប្រាស់សេរីភាពបញ្ចេញមេតិនោះ ឡើយ។
លោក ស្នើឱ្យតុលាការ ដកហូតបទចោទប្រកាន់ និងប្រគល់សេរីភាពនេះ ឱ្យទៅពួកគេវិញ ដោយឥតលក្ខខណ្ឌ៕