30 C
Phnom Penh

សហរដ្ឋអាមេរិកអះអាងថា ខ្លួនជាទីផ្សារនាំចេញធំបំផុតមួយរបស់កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សហរដ្ឋអាមេរិក បានរំលឹកឡើងវិញ ថាប្រទេសមហាអំណាចលោកសេរីមួយនេះ គឺជាទីផ្សារនាំចេញដ៏ធំបំផុតមួយរបស់កម្ពុជា។

តាមរយៈទំព័រហ្វេសប៊ុករបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា កាលពីថ្ងៃម្សិលមិញ ឲ្យដឹងថា សហរដ្ឋអាមេរិកគឺជាទីផ្សារនាំចេញដ៏ធំបំផុតមួយរបស់កម្ពុជា។ ជាក់ស្តែងកាលពីឆ្នាំ២០១៩ កម្ពុជាបាននាំចេញផលិតផលទៅសហរដ្ឋអាមេរិកក្នុងទំហំទឹកប្រាក់ជាង៥ពាន់លានដុល្លារ ។

ក្នុងចំណោមទំនិញទាំងនោះ មានទំនិញក្នុងទំហំទឹកប្រាក់ជិត១ពាន់លានដុល្លារសហរដ្ឋអាមេរិក ជាទំនិញសម្រាប់ការធ្វើដំណើរ រួមមានកាបូបដៃ វ៉ាលី និងកាបូបស្ពាយ ដោយផលិតផលទាំងនេះ ត្រូវបានលើកលែងការបង់ពន្ធគយ ក្រោមប្រព័ន្ធអនុគ្រោះពន្ធទូទៅ របស់អាមេរិក ឬ Generalized System Preferences ហៅកាត់ថា GSP  ផងដែរ។

ស្ថានទូតអាមេរិកក៏បានលើកឡើងទៀតថា ក្រុមហ៊ុនអាមេរិកដែលធ្វើការវិនិយោគនៅកម្ពុជា មិនត្រឹមតែបង្កើតឱ្យមានការងារធ្វើ ហើយនាំមកនូវផលិតផលប្រកបដោយគុណភាពខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែក្រុមហ៊ុនទាំងនោះថែមទាំងបាននាំមកនូវតម្លាភាព បទដ្ឋានបរិស្ថាន និងបទដ្ឋានការងារខ្ពស់។

លើសពីនេះ ពួកគេក៏បានផ្តល់ទៅសហគមន៍វិញ នូវកម្មវិធីថ្មីៗ ទាក់ទងនឹងការទទួលខុសត្រូវរបស់ក្រុមហ៊ុនចំពោះសង្គមថែមទៀតផង។

នេះមិនមែនរឿងចៃដន្យឡើយ ដែលប្រទេសមហាអំណាចលោកសេរីមួយនេះលើកឡើងអំពីទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងអាមេរិក ស្របពេលដែលកម្ពុជាកំពុងជួបវិបត្តិនយោបាយ និងវិបត្តិនៃការរំលោភសិទ្ធិមនុស្សជាដើម។ សហភាពអឺរ៉ុប បានផ្តល់ការអនុគ្រោះពន្ធលើទំនិញនាំចេញរបស់កម្ពុជា តាមរយៈប្រព័ន្ធអនុគ្រោះពន្ធ«គ្រប់មុខទំនិញលើកលែងអាវុធ‍» ឬEBA។

ប្រព័ន្ធអនុគ្រោះពន្ធ EBA របស់អឺរ៉ុប បានធ្វើឱ្យកម្ពុជាចំណេញបានប្រាក់ រួចពីការបង់ពន្ធប្រមាណ ៧០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ ដោយឡែកប្រព័ន្ធអនុគ្រោះពន្ធទូទៅឬ GSP របស់អាមេរិក បានធ្វើឱ្យកម្ពុជាចំណេញបានប្រាក់ រួចពីការបង់ពន្ធជិត២០០លានដុល្លារ ក្នុងមួយឆ្នាំៗផងដែរ។ ទោះបីជាយ៉ាងនេះក្តី កាលពីថ្ងៃទី ១២ ខែសីហា អឺរ៉ុប បានសម្រេចអនុម័តការអនុវត្តលើការដកហូតប្រព័ន្ធអនុគ្រោះពន្ធ EBA ២០ភាគរយពីកម្ពុជា ដែលធ្វើឱ្យកម្ពុជាត្រូវខាតប្រាក់បង់ពន្ធប្រមាណ១រយលានដុល្លារក្នុងមួយឆ្នាំ ហើយអឺរ៉ុបក៏ព្រមានថានេះគ្រាន់តែជាវិធានការដំបូងតែប៉ុណ្ណោះ។

ការសម្រេចរបស់អឺរ៉ុបនេះ ក្រោមហេតុផលថា រដ្ឋាភិបាលលោកហ៊ុន សែន មិនបានធ្វើឱ្យប្រសើរឡើងនូវការស្តារលទ្ធិប្រជាធិបតេយ្យ ការរំលោភសិទ្ធិមនុស្ស និងសិទ្ធិការងារនៅតែកើតមានឥតស្រាកស្រាន្ត។

សហរដ្ឋអាមេរិកកន្លងមក ធ្លាប់បានគំរាមដកប្រព័ន្ធអនុគ្រោះពន្ធទូទៅ របស់ខ្លួនផងដែរ  ប្រសិនបើរដ្ឋាភិបាលកម្ពុជានៅជា តែបំផ្លាញមូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ តាមរយៈការបន្តរំលោភសិទ្ធិនយោបាយ និងរំលោភសិទ្ធិមនុស្សជាប្រព័ន្ធ‍បន្តទៀតនោះ។

តែយ៉ាងណា ចរន្តនៃការចាប់ខ្លួន និងបង្ក្រាបទៅលើសំឡេងប្រឆាំងពីសំណាក់ រដ្ឋាអំណាចលោក ហ៊ុន សែន នៅតែកើតមានឥតឈប់ឈរ ក្នុងរយៈពេលចុងក្រោយនេះ។

ជាក់ស្តែងគិតចាប់ពីមានព្រឹត្តការណ៍ចាប់ខ្លួនប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន កាលពីថ្ងៃទី ៣១ ខែកក្កដា មក មានព្រះសង្ឃ យុវជនសិទ្ធិមនុស្ស និងបរិស្ថាន ព្រមទាំងអ្នកនយោបាយប្រមាណ២០នាក់ហើយ ត្រូវបានចាប់និងឃុំខ្លួនជាបន្តបន្ទាប់ ក្រោមហេតុផលនៃការអនុវត្តច្បាប់ បញ្ចៀសភាពវឹកវរសង្គម និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ។

ពួកគេទាំងនោះ ត្រូវបានតុលាការរដ្ឋាភិបាលលោកហ៊ុន សែន សម្រេចចោទប្រកាន់ពីបទញុះញង់ ខណៈមតិជាតិនិងអន្តរជាតិចាត់ទុកបទល្មើសនេះ ជាលេសក្នុងការបង្ក្រាប និងបំបាត់សំឡេងរិះគន់ឬសំឡេងប្រឆាំងនៅកម្ពុជាតែប៉ុណ្ណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស