31 C
Phnom Penh

អ្នកឃ្លាំមើលព្រមានថា លោក ហ៊ុន សែន នឹងកាន់តែថប់ដង្ហើមអំណាចដោយការដាក់ទណ្ឌកម្មកាន់តែច្រើនទៀត បើលោកមិនកែស្ថានការណ៍នយោបាយជាតិ ឲ្យទាន់សភាពការណ៍ទេនោះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមអ្នកឃ្លាំមើលនិយាយថា ទណ្ឌកម្មរបស់អាមេរិកមកលើក្រុមហ៊ុនចិននៅកម្ពុជា បង្កប់ជម្រៅនៃការការប្រកួតប្រជែងនយោបាយរវាងចិន និងសហរដ្ឋអាមេរិក ស្របពេលដែលអាមេរិកត្រូវព្យាយាមទប់ឥទ្ធិពលចិនផង និងត្រូវរក្សាគោលការណ៍លើកតម្កើងលទ្ធិប្រជាធិបតេយ្យផង ។

អ្នកវិភាគនយោបាយសង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ អះអាងថាវិធានការក្តៅរបស់អាមេរិកទៅលើក្រុមហ៊ុនចិន ពីព្រោះអាមេរិកបារម្ភ ចំណុចសំខាន់ពីរយ៉ាង ទី១. ខ្លាចសហគ្រាសអាជីវកម្មរបស់ចិន ក្លាយជាបណ្ដាញហិរញ្ញវត្ថុបំប៉នអំណាចផ្ដាច់ការរបស់លោក ហ៊ុន សែន ហើយទី២. កាលណាអំណាចផ្ដាច់ការរបស់លោក ហ៊ុន សែន កាន់តែមានលំនឹងរឹងមាំ អាមេរិកបារម្ភថា ទឹកដីកម្ពុជាគឺជាមូលដ្ឋានយុទ្ធនយោបាយតំបន់សម្រាប់ចិនលើវិស័យសន្តិសុខ ។

លោកបន្តថា រដ្ឋាភិបាលចិន មិនអាចមានហេតុផលឆ្លើយឲ្យសម នឹងទណ្ឌកម្មរបស់អាមេរិកទេ បើចិននៅតែបង្ហាញជំហរជាចន្ទល់អំណាចផ្ដាច់ការរបស់លោក ហ៊ុន សែន ហើយចម្លើយរបស់ក្រុមហ៊ុនចិន ដែលផ្អែកលើមូលហេតុវិនិយោគ បានការអនុញ្ញាតពីរដ្ឋាភិបាលកម្ពុជានោះ ក៏វាកាន់តែធ្វើឲ្យពលរដ្ឋខ្មែរទូទៅ និងសហគមន៍អន្តរជាតិ សើចចំអក នៅពេលលោក ហ៊ុន សែន ជានាយករដ្ឋមន្រ្តីដែលមិនស្របនឹងឆន្ទៈរាស្ត្រ និងមានកំណើតពីការរំលោភរដ្ឋធម្មនុញ្ញ ក្រោមជំនួយរបស់ចិន ។

វិភាគរូបនេះបន្តថា រដ្ឋាភិបាលរបស់លោក ហ៊ុន សែន មិនតំណាងឲ្យផលប្រយោជន៍របស់ពលរដ្ឋខ្មែរទេ ដូច្នេះច្បាប់ដែលអនុញ្ញាតឲ្យសហគ្រាសចិន ធ្វើវិនយោគបង្កទឹកភ្នែកដល់ពលរដ្ឋខ្មែរនោះ រឹតតែធ្វើឲ្យមជ្ឈដ្ឋានជាតិ និងអន្តរជាតិ មើលឃើញថា ជាការឃុបឃិតរវាងអាជ្ញាធរលោក ហ៊ុន សែន និងក្រុមហ៊ុនចិនដែលរំលោភបំពានទាំងស្រុង លើផលប្រយោជន៍ប្រជាពលរដ្ឋខ្មែរ ។

ករណីវិនយោគរបស់ក្រុមហ៊ុនចិនក្នុងទ្រង់ទ្រាយ ដែលអាចឲ្យយន្ដហោះចុះចតបានបែបនេះ មិនអាចគេចផុតពីការយកចិត្តទុកដាក់របស់អាមេរិកបានទេ ពីព្រោះតំបន់វិនិយោគបទុមសាគរនៅខេត្តកោះកុងនោះ នៅកៀកពេកនឹងមូលដ្ឋានទ័ពអាកាសអាមេរិកនៅអូរតាប៉ាវ លើទឹកដីថៃ ។

លោក គឹម សុខ យល់ថាទណ្ឌកម្មបែបនេះ នៅមានបន្តច្រើនទៀត ប្រសិនបើរដ្ឋាភិបាលចិន មិនបង្ហាញជំហរនៅឲ្យឆ្ងាយពីការនៅពីក្រោយអំណាចផ្ដាច់ការរបស់លោក ហ៊ុន សែន ហើយក្រុមលោក ហ៊ុន សែន នឹងកាន់តែថប់ដង្ហើមអំណាច ប្រឈមទណ្ឌកម្មកាន់តែច្រើនទៀត ប្រសិនបើលោក ហ៊ុន សែន មិនកែស្ថានការណ៍នយោបាយជាតិ ឲ្យទាន់សភាពការណ៍ទេនោះ។

ការអះអាងរបស់លោក គឹម សុខ ធ្វើឡើងក្រោយពីអ្នកនាំពាក្យស្ថានទូតចិនប្រចាំនៅកម្ពុជា កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០នេះ បានចេញសេចក្តីថ្លែងការណ៍ជំទាស់ និងថ្កោលទោសចំពោះការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកទៅលើក្រុមហ៊ុនចិន Union Development Group ដែលកំពុងវិនិយោគក្នុងប្រទេសកម្ពុជា។

ស្ថានទូតចិនបានចាត់ទុកថា ការដាក់ទណ្ឌកម្មនេះ មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់អត្ថប្រយោជន៍សិទ្ធិស្របច្បាប់របស់សហគ្រាសនោះទេ ហើយរឹតតែជាការរំលោភបំពានទាំងស្រុង លើអធិបតេយ្យភាពរបស់ប្រទេសកម្ពុជាផងដែរ។

ស្ថានទូតចិនអះអាងថា រដ្ឋាភិបាលសហរដ្ឋអាមេរិកបានប្រែក្រឡាស់រឿងពិត ចោទប្រកាន់មិនសមហេតុផល បានប្រើច្បាប់ក្នុងប្រទេសខ្លួន មកដាក់ទណ្ឌកម្មលើគម្រោងរបស់សហគ្រាសចិនក្នុងទឹកដី កម្ពុជា ដែលជាការប្រើអំណាចកៀបសង្កត់ខ្លាំងហួសហេតុ។

ស្ថានទូតរបស់ប្រទេសកុម្មុយនីស្តមួយនេះ ក៏បានទាមទារដល់ភាគីសហរដ្ឋអាមេរិក ដកទណ្ឌកម្មទាំងស្រុងរបស់ខ្លួនពីក្រុមហ៊ុន UDG ជាបន្ទាន់។

ទោះជាយ៉ាងណាក៏ដោយ អ្នកវិភាគឯករាជ្យ បណ្ឌិត ឡៅ ម៉ុងហៃ បានប្រាប់សាព័ត៌មាន The Cambodia Daily នៅមុនការផ្សាយនេះបន្តិចថា លោកខកចិត្តទៅវិញទេ ដែលអាមេរិកាំងទើបដាក់ទណ្ឌកម្មដល់ក្រុមហ៊ុនចិន UDG នៅពេលនេះ។

លោកបន្តថា អាមេរិកាំងគួរដាក់ទណ្ឌកម្មលើក្រុមហ៊ុននេះតាំងពីពេលដែលក្រុមហ៊ុននេះចាប់ផ្តើមវិនិយោគនៅកម្ពុជាពីដំបូងមកម្លេះ ដោយសារក្រុមហ៊ុននេះបានរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរតាមរយៈការរំលោភដីធ្លី និងការបណ្តេញពលរដ្ឋចេញពីលំនៅដ្ឋានដោយបង្ខំ។

កាលពីថ្ងៃទី១៥ ខែកញ្ញាម្សិលមិញបានសម្រេច ដាក់ទណ្ឌកម្មក្រុមហ៊ុន យូញៀន ឌីវេលឡូបមិន គ្រុប ឬ UDG ក្នុងបញ្ជីបង្កទ្រព្យសម្បត្តិ ឬបញ្ជីខ្មៅរបស់ខ្លួន។

ការដាក់ទណ្ឌកម្មនេះ ក្រោយពេលអាមេរិករកឃើញថា ក្រុមហ៊ុន UDG បានប្រព្រឹត្តអំពើពុករលួយនិងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ តាមរយៈការរឹបអូសយកដីធ្លី និងបំផ្លាញលំនៅដ្ឋានរបស់ពលរដ្ឋកម្ពុជា នៅខេត្តកោះកុង ក្រោមការអភិវឌ្ឍរបស់ខ្លួន។

ក្រសួងរតនាគារអាមេរិកបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា    ការដាក់ទណ្ឌកម្មក្រុមហ៊ុនចិននេះ គឺធ្វើតាមច្បាប់ម៉ានីតស្គី (Global Magnitsky Act) ដោយមានការយល់ព្រមពីលោកប្រធានាធិបតី ដូណាល់ត្រាំ។ ច្បាប់នេះសំដៅលើបុគ្គល ឬស្ថាប័នណាដែលរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងប្រព្រឹត្តអំពើពុករលួយជាដើម ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរតនាគារអាមេរិកបានលើកឡើងថា ក្រុមហ៊ុនUDG បានធ្វើសកម្មភាពរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ដូចជាបង្ខំពលរដ្ឋកម្ពុជាចេញពីដីធ្លី និងបំផ្លាញលំនៅឋានរបស់ពួកគេ។ លើសពីនេះ បំផ្លាញបរិស្ថាន ធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន ដោយឃុបឃិតគ្នាជាមួយមន្ត្រីរដ្ឋាភិបាល ពិសេសកងកម្លាំងកម្ពុជាផងដែរ។ 

កាលពីខែធ្នូឆ្នាំ២០១៩ សហរដ្ឋអាមេរិក ក្រោមការអនុវត្តច្បាប់ Global Magnitsky Act នេះ បានសម្រេចដាក់ទណ្ឌកម្មហិរញ្ញវត្ថុ និងរឹតត្បិតទិដ្ឋាការឈ្មួញឈើដ៏ធំនៅកម្ពុជាគឺលោក ទ្រី ភាព និងអតីតអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ លោក គន់ គីម ព្រមទាំងសមាជិកគ្រួសារលោក៣រូប និងក្រុមហ៊ុនរបស់ពួកគេចំនួន១៦ផ្សេងទៀត។

ការសម្រេចនោះ ធ្វើឡើងដោយអាមេរិករកឃើញថា មនុស្សស្និទ្ធនឹងលោក ហ៊ុន សែន ទាំងពីរនេះ បានរួមចំណែកយ៉ាងច្រើនក្នុងការប្រព្រឹត្តអំពើពុករលួយ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិជាតិ និងរំលោភសិទ្ធិមនុស្សជាប្រព័ន្ធយ៉ាងធ្ងន់ធ្ងរ។

អាមេរិករកឃើញទៀតថា លោក គន់ គីម កាលនៅមានអំណាចខាងកងទ័ព បានរួមចំណែកជាមួយក្រុមហ៊ុន UDG ដោយប្រើកងកម្លាំងបណ្តេញ និងបំផ្លាញលំនៅឋាន របស់ពលរដ្ឋដោយបង្ខំ ឃុបឃិតបំផ្លាញធនធានធម្មជាតិ ប្រព្រឹត្តអំពើពុករលួយរាប់មិនអស់ផ្សេងទៀត។ 

ក្រុមហ៊ុន UDG ទទួលបានដីសម្បទានសេដ្ឋកិច្ចចំនួនជិត៤ម៉ឺនហិកតា( ៣៦ ០០០) ហិកតា ពីរដ្ឋាភិបាលកាលពីឆ្នាំ ២០០៨ សម្រាប់ជួលក្នុងរយៈពេល ៩៩ឆ្នាំ ដែលខ្មែរគ្មានភាគហ៊ុនសូម្បីតែមួយដុល្លារ នៅក្នុងខេត្តកោះកុង ដើម្បីអភិវឌ្ឍមណ្ឌលកម្សាន្តទេសចរណ៍ធម្មជាតិតារាសាគរ ក្នុងទឹកប្រាក់ជិត៤ពាន់លានដុល្លារអាមេរិក។

ក្នុងគម្រោងនោះ ក៏មានសង់ព្រលានយន្តហោះដ៏ធំជាងគេបំផុត នៅកម្ពុជាផងដែរ ដែលអាចប្រើប្រាស់សម្រាប់យន្តហោះយោធាធុនធំចុះចតបាន។ លើសពីនេះ មានការកសាងកំពង់ផែទឹកជ្រៅ សម្រាប់នាវាខ្នាតយក្សចុះចតបានថែមទៀតផង។

ក្រុមហ៊ុននេះ ក៏ជាទិសដៅនៃការសង្ស័យពីលទ្ធភាពកសាងមូលដ្ឋានយោធាចិន នៅកម្ពុជា ដែលជាផ្នែកមួយក្នុងការដាក់ទណ្ឌកម្មរបស់អាមេរិកនៅពេលនេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស