26 C
Phnom Penh

ក្រុមប្រឹក្សាសហព័ន្ធសហជីពញ៉ូហ្សឺលែន ប្រាប់ឱ្យក្រុមហ៊ុនមេ ដោះស្រាយវិបត្តិការងារនៅសណ្ឋាគារ Le Meridien Angkor ខេត្តសៀមរាប

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមប្រឹក្សាសហព័ន្ធសហជីពញ៉ូហ្សឺលែន (New Zealand Council of Trade Union) បានផ្ញើលិខិតមួយទៅក្រុមហ៊ុនសណ្ឋាគារ Marriotte International ដែលជាក្រុមហ៊ុនមេ របស់ក្រុមហ៊ុនរបស់សណ្ឋាគារឡឺ ម៉េរីឌានអង្គរ(Le Meridien Angkor Hotel) ខេត្តសៀមរាប។

ក្នុងលិខិតដែលចុះថ្ងៃទី ១១ ខែកញ្ញា ហើយThe Cambodia Daily ទើបទទួលបាននៅថ្ងៃសុក្រនេះ បានឱ្យដឹងថា ក្រុមប្រឹក្សាសហព័ន្ធសហជីពញ៉ូហ្សឺលែនបានជំរុញក្រុមហ៊ុនសណ្ឋាគារអន្តរជាតិ ដែលជាក្រុមហ៊ុនមេមួយនេះ ត្រូវដោះស្រាយវិវាទការងារ នៅសណ្ឋាគារឡឺ ម៉េរីឌានអង្គរ ខេត្តសៀមរាបឱ្យបានឆាប់បំផុត។

ជាងនេះទៀត ត្រូវដោះស្រាយករណីបញ្ឈប់ថ្នាក់ដឹកនាំសហជីព របស់សណ្ឋាគារនេះចំនួន៣នាក់ ឱ្យបានចូលធ្វើការងារវិញ។

លិខិតនេះ ក៏បានប្រាប់ទៅក្រុមហ៊ុនរបស់ក្រុមហ៊ុននៃសណ្ឋាគារ ឡឺម៉េរីឌានអង្គរ (Le Meridien Angkor Hotel) ខេត្តសៀមរាបឱ្យគោរពសិទ្ធិសេរីភាពការងារ និងសិទ្ធិនានាផ្សេងទៀតរបស់បុគ្គលិក និងសហជីព ។

កាលពីមុនថ្ងៃបុណ្យភ្ជុំបិណ្ឌមកដល់ កម្មករជាង៣០នាក់ ប្រមូលផ្តុំគ្នាតវ៉ានៅមុខសណ្ឋាគារឡឺ ម៉េរីឌានអង្គរ ខេត្តសៀមរាប រយៈពេល៥ថ្ងៃ ដោយមានទាំងការអុជធូបបួងសួងផង ដើម្បីទាមទារថៅកែទទួលយកថ្នាក់ដឹកនាំសហជីពជាស្រ្តី៣រូបឱ្យចូលធ្វើការងារវិញ។

តំណាងសហជីពទាំង៣នាក់នោះ រួមមាន អ្នកនាង សុខ ណារ៉ែន អ្នកនាង ខាំ ស្រីភ័ក្រ្ត និងកញ្ញា ឌឿម ឆៃយ៉ា។ អ្នកទាំងនោះត្រូវបានម្ចាស់សណ្ឋាគារបញ្ឈប់ពីការងារ ដោយសារពួកគេដឹកនាំកម្មករធ្វើបាតុកម្មទាមទារលក្ខខណ្ឌការងារពីក្រុមហ៊ុនចំនួន៣ចំណុច រួមមាន ទាមទារឱ្យថៅកែសណ្ឋាគារទទួលពួកគេចូលធ្វើការងារវិញ ស្នើសុំកាត់ប្រាក់ខែពី៣៥% មកនៅត្រឹម២០%ក្នុងមួយខែ នាអំឡុងកូវីដ១៩ និងស្នើសុំកុំឱ្យម្ចាស់សណ្ឋាគាររើសអើងបុគ្គលិក ពិសេសរើសអើងសហជីព។ បុគ្គលិកដែលធ្វើការនៅក្នុងសណ្ឋាគារ Le Meridien Angkor Hotel មានចំនួនសរុបជាង១៥០នាក់។

យ៉ាងណា កាលពីថ្ងៃទី ១៥ ខែសីហា អភិបាលខេត្តសៀមរាប លោក ទៀ សីហា បានចេញលិខិតមួយជូនទៅប្រធានសហជីពកម្មករនិយោជិតវិស័យទេសចរណ៍នៃសណ្ឋាគារឡឺម៉េរីឌានអង្គរ ស្តីពីការផ្អាកការធ្វើកូដកម្មដោយសន្តិវិធីនៅមុខសណ្ឋាគារ នេះបន្តទៀតរហូតដល់មានដំណោះស្រាយ ។

លោកអភិបាលខេត្តបញ្ជាក់ថា វិវាទការងាររបស់បុគ្គលិកនៅសណ្ឋាគារ ឡឺ ម៉េរីឌានអង្គរ អាជ្ញាធរមានសមត្ថកិច្ចកំពុងចាត់វិធានការដោះស្រាយ និងសម្របសម្រួលទៅតាមផ្លូវច្បាប់។

លើសពីនេះ លោកទៀ សីហា បានស្នើឱ្យបុគ្គលិកបញ្ឈប់ការប្រើសិទ្ធិធ្វើកូដកម្មបន្តទៀត ព្រោះនាំឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងស្របពេលជំងឺកូវីដ១៩ កំពុងរីករាលដាលផង។

លោកបញ្ជាក់ថា ក្នុងករណី បុគ្គលិកទាំងនោះនៅតែបន្តធ្វើសកម្មភាពកូដកម្ម ឬ បាតុកម្មបន្តទៀត អាជ្ញាធរនឹងចាត់វិធានការតាមច្បាប់តែម្តង៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស