26 C
Phnom Penh

តៃវ៉ាន់បញ្ចូនយន្ដហោះប្រតិកម្មជាច្រើនគ្រឿងហោះហើរលើដែនអាកាសរបស់ខ្លួនព្រមានចិន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តៃវ៉ាន់បានបញ្ចូនយន្ដហោះប្រតិកម្ម ឬយន្ដហោះចម្បាំងនៅថ្ងៃសុក្រទី១៨កញ្ញានេះ អោយហោះហើរនៅលើលំហអាកាសរបស់ខ្លួន ខណៈ យន្ដហោះចម្បាំងរបស់ចិនចំនួន១៨គ្រឿងហោះហើរលើដែនអាកាសតៃវ៉ាន់ដែលធ្វើអោយការកើនឡើងភាពតានតឹងរវាងក្រុងប៉េកាំង និងតៃប៉ិកាន់តែឡើងកំដៅ។ នេះបើយោងតាមសារព័ត៌មានឥណ្ឌា    The Times of India។

ចិនកាលពីថ្មីៗនេះបានប្រកាសថាខ្លួនត្រូវបើកធ្វើសមយុទ្ធជាញឹកញាប់ទាំងនៅលើដែនសមុទ្រ និងលំហអាកាស ដែលជាការប្រឆាំងសហរដ្ឋអាមេរិក ដែលបានបញ្ជូនមន្រ្ដីជាន់ខ្ពស់ផ្នែកពាណិជ្ជកម្មរបស់ខ្លួនមកបើកកិច្ចពិភាក្សាពាណិជ្ជកម្មជាមួយនឹងអាជ្ញាធរកោះតៃវ៉ាន់។

ចិនបានប្រកាសថាដែនកោះតៃវ៉ាន់ទោះក្នុងស្ថានភាពណាក៏ដោយ គឺជាទឹកដីរបស់ចិនតែមួយប៉ុណ្ណោះ។

ប្រភពដដែលនេះបានចុះផ្សាយថាអនុរដ្ឋការមន្រ្ដីខាងកិច្ចការសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក លោក Keith Krachបានទៅដល់ទីក្រុងតៃប៉ិកាលពីថ្ងៃ១៧កញ្ញា ក្នុងដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃដែលជាលើកទីពីរនៃដំណើរទស្សនកិច្ចរបស់មន្រ្ដីជាន់ខ្ពស់សហរដ្ឋអាមេរិកទៅកាន់កោះតៃវ៉ាន់បន្ទាប់ពីទស្សនកិច្ចរបស់រដ្ឋមន្រ្ដីក្រសួងសុខាភិបាលអាំមេរិកលោក Alex Azar ដែលបានធ្វើឡើងកាលពីមួយខែមុននេះ។

អនុរដ្ឋមន្រ្ដីអាមេរិកាំងរូបនេះ បានចាប់ផ្ដើមពិភាក្សាគ្នាជាមួយរដ្ឋមន្រ្ដីពាណិជ្ជកម្មតៃវ៉ាន់ហើយការបើកកិច្ចពិភាក្សាគ្នាសំដៅដល់ការពង្រឹងសហប្រតិបត្តិការផ្នែកពាណិជ្ជកម្មទ្វេភាគី។ ប៉ុន្ដែត្រូវបានគេមើលឃើញថា ក្រុងវ៉ាស៊ីនតុនក៏បានបង្កើនប្រតិបត្តិការរបស់ខ្លួនផងដែរផ្នែកការពារជាតិជាមួយនឹងដែនកោះតៃវ៉ាន់ ។

ចិនមើលឃើញទំនាក់ទំនងអាមេរិកនិងតៃវ៉ាន់ដែលកាន់តែជិតស្និទ្ធនេះគឺជាការលើកទឹកចិត្តអោយតៃវ៉ាន់ហ៊ានប្រឈមមុខជាមួយនឹងចិន ។ សហរដ្ឋអាមេរិកកំពុងធ្វើដំណើរទៅរកការបោះឆ្នោតប្រធានាធិបតីនៅខែវិច្ឆិកា ថ្ងៃទី៣ ហើយរបៀបវារៈទំនាក់ទំនងអាមេរិក-ចិន រួមទាំងបញ្ហាវត្តមានកងទ័ពអាមេរិកនៅសមុទ្រចិនខាងត្បូង គឺជាប្រធានបទ     ដ៏សំខាន់របស់លោកដូណាល់ត្រាំ។

តែជាមួយគ្នានេះសហរដ្ឋអាមេរិកក៏កំពុងព្រួយបារម្ភផងដែរអំពីចលនាទីក្រុងប៉េកាំងគម្រាមកំហែងតៃវ៉ាន់វ៉ាន់ដោយការប្រើប្រាស់កងកម្លាំង ប្រដាប់អាវុធ។

តៃវ៉ាន់បាននិយាយថា យន្ដហោះចម្បាំងរបស់ចិនយ៉ាងតិច១៨គ្រឿងបានហោះហើរលើដែនអាកាសរបស់តៃវ៉ាន់នៅពេលនេះគឺជាការព្រមានដំណើរទស្សនកិច្ចរបស់មន្រ្ដីជាន់ខ្ពស់របស់អាមេរិក។

តៃវ៉ាន់បានចាត់ទុកការហោះហើរយន្ដហោះចម្បាំងរបស់ចិន គឺជាបំពារបំពានធ្ងន់ធ្ងរលើដែនអាកាសតៃវ៉ាន់។ តែបែបនេះក្ដី ក្រសួងការពារជាតិរតៃវ៉ាន់ក៏បានប្រកាសអោយកងទ័ពត្រៀមប្រព័ន្ធកាំជ្រួចការពារជាតិដើម្បីឃ្លាំមើលសកម្មភាពរបស់កងទ័ពអាកាសប្រជាជនចិន។ តៃវ៉ាន់បានបង្ហាញផែនទីភ្លាមៗថាយន្ដហោះចម្បាំងរបស់ចិនទាំងនោះពិតជាបានរំលោភលើដែនអាកាសតៃវ៉ាន់ដែលចាំបាច់តៃវ៉ាន់ចេញសារព្រមានដូចនេះ។

The Times of India បានចុះផ្សាយថា កងកម្លាំងយន្ដហោះប្រតិកម្មរបស់តៃវ៉ាន់បានហោះហើរ១៧លើកនៅព្រឹកថ្ងៃសុក្រនេះ គឺជាង៤ម៉ោង ដោយព្រមានយន្ដហោះចម្បាំងរបស់ចិនអោយត្រឡប់ទៅវិញ។

ជាមួយគ្នានេះអ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Ren Guogieng និយាយថាសកម្មភាពរបស់នាវាចម្បាំងរបស់ចិនហោះហើរលើដែនអាកាសរបស់តៃវ៉ាន់ គឺធ្វើឡើងលើដែនអាកាសរបស់ចិនទាំងមូល។ អ្នកនាំពាក្យរូបនេះបានចោទគណបក្សកាន់អំណាចនៅតៃវ៉ាន់ថាកំពុងតែបង្កអោយមានភាពតានតឹងជាមួយចិនដោយបើកអោយមានដំណើរទស្សនកិច្ចរបស់មន្រ្ដីជាន់ខ្ពស់អាមេរិក និងប្រទេសផ្សេងៗទៀតមកកាន់ដែនដីមួយរបស់ចិន។

ការិយាល័យប្រធានាធិបតីកោះតៃវ៉ាន់ បានទទូចអោយចិនព្យាយាមអត់ធ្មត់ប៉ុន្ដែបានប្រាប់ទៅកាន់ប្រជាជនតៃវ៉ាន់ថាកុំមានការតក់ស្លុតព្រោះស្ថានភាពយោធាតៃវ៉ាន់និងចិនមិនអាចឈានទៅដល់ការប៉ះទង្គិចគ្នាបានទេ។

លោក Hu Xijin អ្នកធ្វើអត្ថាធិប្បាយរបស់កាសែតចិន Global Times បានធ្វើអត្ថាធិប្បាយថាសមយុទ្ធកងទ័ពអាកាសរបស់ចិន និងកងនាវាធ្វើឡើងជាញឹកញាប់មកនេះ មានរូបភាពតែមួយប៉ុណ្ណោះគឺគម្រាម តៃវ៉ាន់ហើយព្រមានថាលទ្ធភាពនៃការលុកលុយកោះតៃវ៉ាន់ អាចនឹងកើតមាន។

បណ្ណាធិការម្នាក់នេះបានព្រមានទៀតថា ប្រសិនបើរដ្ឋមន្រ្ដីការពារជាតិអាមេរិក ឬរដ្ឋមន្រ្ដីការបរទេសអាមេរិកមកធ្វើទស្សនកិច្ចតៃវ៉ាន់គឺកងទ័ពប្រជាជនចិនត្រូវតែបើកការហោះហើរយន្ដហោះចម្បាំងច្រើនថែមទៀតលើដែនកោះតៃវ៉ាន់ដោយមិនទទួលយកការគម្រាមពីតៃវ៉ាន់ឡើយ។

សហរដ្ឋអាមេរិកក៏ដូចនឹងប្រទេសជាច្រើនទៀតដែលមានទំនាក់ទំនងការទូតផ្លុវការជាមួយចិនគឺប្រទេសទាំងនោះមិនដែលប្រកាសថាគោលនយោបាយចិនតែមួយចាំបាច់ត្រូវតែគោរពនោះទេហើយតៃវ៉ាន់នៅតែជាមិត្តភាពក្នុងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងទំនាក់ទំនងផ្នែកយោធាទ្វេភាគី៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស