29.3 C
Phnom Penh

អាជ្ញាធររារាំងពលរដ្ឋមានជម្លោះដីធ្លីមកពីខេត្តចំនួន៤ មិនឱ្យដើរទៅផ្ទះលោក ហ៊ុន សែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អាជ្ញាធរ និងក្រុមសមត្ថកិច្ចចម្រុះក្រុងភ្នំពេញរាប់រយនាក់ បានរារាំង ពលរដ្ឋជាង១ពាន់នាក់ មកពីខេត្តចំនួន៤ រួមមានខេត្តកោះកុង ស្វាយរៀង ខេត្តព្រះសីហនុ និងខេត្តត្បូងឃ្មុំ មិនឱ្យដើរទៅកាន់ភូមិគ្រឹះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្បែរវិមានឯករាជ្យ ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ ពីប្រមុខរដ្ឋាភិបាលនៅព្រឹកថ្ងៃច័ន្ទនេះ ជុំវិញវិវាទដីធ្លីដ៏រាំរ៉ាំរបស់ពួកគាត់។

ការរារាំងនេះ កើតឡើងបន្ទាប់ពីពលដ្ឋទាំងនោះ បាននាំគ្នាមកប្រមូលផ្តុំនៅមុខក្រសួងរៀបចំដែនដី ដើម្បីដាក់ញ្ញត្តិ និងព្យាយាមបន្តដំណើរដោយថ្មើរជើងឆ្ពោះទៅកាន់ភូមិគ្រឹះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីសុំកិច្ចអន្តរាគមន៍រឿងដីធ្លីរបស់ពួកគាត់រាប់រយគ្រួសារ ប៉ុន្តែត្រូវបានអាជ្ញាធររារាំង និងរុញច្រានមិនឱ្យពួកគេសម្រេច តាមបំណងនោះឡើយ។

តាមរយៈវីដេអូដែលផ្សព្វផ្សាយលើបបណ្តាញសង្គម និងការអះអាងរបស់តំណាងពលរដ្ឋបញ្ជាក់ថា ការឡើងមកសុំកិច្ចអន្តរាគមន៍ពីស្ថាប័នជាតិ និងប្រមុខរដ្ឋាភិបាលជាថ្មីទៀតនេះ ដោយសារបញ្ហាដីធ្លីរបស់ពួកគាត់ អាជ្ញាធរនៅតែមិនទាន់ដោះស្រាយឱ្យពួកគាត់បានស្ងប់ចិត្ត និងស្ថិតនៅជាដីជម្លោះនៅឡើយ ក្រោយមានការរំលោភបំពានពីសំណាក់ក្រុមហ៊ុនឯកជន និងអ្នកមានអំណាច។ បញ្ហានេះ ធ្វើឱ្យពលរដ្ឋជួបបញ្ហាប្រឈមក្នុងជីវភាពជាខ្លាំង ដោយសារមិនមានដីត្រឹមត្រូវសម្រាប់បង្កបង្កើនផល។

ក្នុងពេលស្វែងរកកិច្ចអន្តរាគមន៍នៅខាងមុខក្រសួងរៀបចំដែនដី អាជ្ញាធររាជធានីភ្នំពេញ បានប្រកាសថា ការតវ៉ារបស់ពលរដ្ឋធ្វើឡើងដោយខុសច្បាប់ និងតម្រូវឱ្យពួកគេគោរច្បាប់ និងរបៀបរៀបរយសង្គម ដើម្បីកុំឱ្យមានការកកស្ទះចរាចរណ៍ជាដើម។

យ៉ាងនេះក្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី២១ ខែកញ្ញា បានចេញសេចក្តីប្រកាសមួយបញ្ជាក់អំពីជំហររបស់ខ្លួន ចំពោះការតវ៉ារបស់ប្រជាពលរដ្ឋជិត១ពាន់នាក់ មកពីស្រុកមួយចំនួន នៅខេត្តកោះកុង។

ក្រសួងបញ្ជាក់ថា  ពលរដ្ឋដែលអះអាងថាមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនចំនួន៤ រួមមានក្រុមហ៊ុនឧកញ៉ា ហេង ហ៊ុយ ក្រុមហ៊ុនរបស់ឧកញ៉ា លី យ៉ុងផាត់ គឺ ក្រុមហ៊ុន កោះកុងភ្លែនធេសិន (Koh Kong Plantation) និងក្រុមហ៊ុន Koh Kong Sugar Industry  ព្រមទាំងពលរដ្ឋមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន Union Development Group របស់ក្រុមហ៊ុនចិន មកពីខេត្តកោះកុង សរុបចំនួន៥ ក្រុម។  ក្រសួងលើកឡើងថា ពលរដ្ឋមានជម្លោះទាំង៥ក្រុមនោះ ក្រសួងមិនទទួលដោះស្រាយឡើយ ដោយសារ ពលរដ្ឋមិនមានមូលដ្ឋានផ្លូវច្បាប់ ដែលក្រសួងអាចទទួលដោះស្រាយកើត។

កន្លងមក លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ធ្លាប់ព្រមានថា នឹងដកតំណែងអភិបាលខេត្តទាំងឡាយណា ដែលបណ្តោយឱ្យមានពលរដ្ឋមានជម្លោះដីធ្លីឡើងមករកកិច្ចអន្តរាគមន៍នៅភ្នំពេញ ពិសេសសុំកិច្ចអន្តរាគមន៍ពីលោក ប៉ុន្តែមកទល់ពេលនេះ គ្មានចៅហ្វាយខេត្តណាម្នាក់ដែលត្រូវបានលោកដកពីតំណែងដោយសារមានពលរដ្ឋមានជម្លោះដីធ្លីឡើងមកភ្នំពេញនោះឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស