34 C
Phnom Penh

អ្នកវិភាគថា កម្ពុជានៅមិនទាន់មានសន្តិភាពទេ ដោយសារការអនុវត្តសេរីភាពស្របច្បាប់នៅមិនទាន់ពេញលេញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកវិភាគនយោបាយចាស់វស្សា លោក បណ្ឌិត ឡៅ ម៉ុងហៃ លើកឡើងនៅថ្ងៃនេះថា ដោយសារពលរដ្ឋមិនអាចប្រើប្រាស់សិទ្ធិសេរីភាពដូចដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជាឆ្នាំ១៩៩៣ បាន ដូច្នេះគេមិនអាចនិយាយបានថាប្រជាជាតិខ្មែរមានសន្តិភាពនោះឡើយ។

ការលើកឡើងនេះ ចំទិវាសន្តិភាពអន្តរជាតិ ថ្ងៃទី ២១ ខែកញ្ញា  និងក្រោយពេលដែលលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានបញ្ចេញលិខិតមួយ ថ្លែងអំណរគុណដល់ជនរួមជាតិ ដោយបានគាំទ្រនូវសារនយោបាយរបស់លោក គឺ ពាក្យថាអរគុណសន្តិភាព។

លិខិតរបស់លោក ហ៊ុន សែន កាលពីថ្ងៃទី ១៨ ខែកញ្ញា បញ្ជាក់ថា សារនយោបាយ អរគុណសន្តិភាពនេះ គឺ មានតម្លៃមិនសាបសូន្យឡើយ មិនថាកន្លងមក និងទៅថ្ងៃអនាគត។ លោកបន្តថា មនុស្សគ្រប់រូបត្រូវការសន្តិភាព លើកលែងតែក្រុមភារវករតែប៉ុណ្ណោះ ដែលចង់បំផ្លាញសន្តិភាព ហើយពាក្យស្លោកនេះ ក៏បានក្លាយជាពាក្យស្លោករបស់ប្រជាជនដែលស្រលាញ់សន្តិភាពផងដែរ។

ទោះបីជាយ៉ាងនេះក្តី លោកបណ្ឌិត ឡៅ ម៉ុងហៃ បន្ថែមថា ប្រជាជាតិនឹងមានសន្តិភាពបែបនេះទៅបាន លុះត្រាតែគេបានគោរពអនុវត្ត និងធ្វើតាមរដ្ឋធម្មនុញ្ញកម្ពុជាឆ្នាំ១៩៩៣ ឱ្យបានពេញលេញ និងដោយស្មោះត្រង់។

យ៉ាងណាក៏ដោយក្រុមអ្នករិះគន់ធ្លាប់លើកឡើងថា សន្តិភាពបច្ចុប្បន្ន ជាសន្តិភាពសម្រាប់តែក្រុម និងបក្ខពួករបស់លោក ហ៊ុន សែន តែប៉ុណ្ណោះ ត្បិតសំឡេងប្រឆាំង ឬ អ្នករិះគន់ ត្រូវបានអាជ្ញាធរលោកហ៊ុន សែន តាមកម្ទេច ឬតាមធ្វើទុក្ខបុកម្នេញឥតឈប់ឈរក្រោមលេសនៃការអនុវត្តច្បាប់របស់តុលាការ។ សកម្មភាពអនុវត្តច្បាប់ទាំងនោះក្រុមអ្នកប្រឆាំងតែងលើកឡើងថាជារឿងអយុត្តិធម៌ ព្រោះសកម្មភាពរបស់ពួកគេធ្វើឡើងដោយសន្តិវិធី និងជាសិទ្ធិសេរីភាពស្របតាមរដ្ឋធម្មនុញ្ញតែប៉ុណ្ណោះ។

ជាក់ស្តែងគិតត្រឹមចុងខែកក្កដា រហូតដល់ខែកញ្ញានេះ មានពលរដ្ឋ    យុវជន ព្រះសង្ឃ និងអ្នកនយោបាយយ៉ាងហោចណាស់២០នាក់ត្រូវបានអាជ្ញាធរចាប់ឃុំខ្លួន ដោយចោទប្រកាន់ពីបទញុះញង់ ខណៈអង្គការសហប្រជាជាតិ និងសហរដ្ឋអាមេរិក បានចេញមុខថ្កោលទោស និងទាមទារម្តងហើយម្តងទៀត ឱ្យដោះលែងពួកគេដោយឥតលក្ខខណ្ឌ ព្រោះអ្វីដែលពួកគេបានលើកឡើងជាសេរីភាពក្នុងការបញ្ចេញមតិដោយស្របច្បាប់តែប៉ុណ្ណោះ។

ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក យ៉េង វីរៈ បានលើកឡើងនៅលើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃនេះថា ការមិនមានជម្លោះប្រដាប់អាវុធជាសន្តិភាពមួយផ្នែក។ ប៉ុន្តែសន្តិភាពពេញលេញ លុះត្រាតែក្នុងសង្គម មានការគោរពសិទ្ធិមនុស្ស មិនមានសេចក្តីភ័យខ្លាច និងមានយុត្តិធម៌សម្រាប់មនុស្សគ្រប់រូបផងដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស