33 C
Phnom Penh

យោធាវៀតណាម បានសាងសង់សំណង់រឹងមាំចំនួន១០ ទីតាំងក្នុងភូមិសាស្ត្រមិនទាន់ឯកភាពគ្នាជាប់ព្រំដែនខេត្តកណ្តាល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោធាវៀតណាមបានប្រែក្លាយពីការបោះតង់ ទៅជាការសាងសង់សំណង់រឹងមាំចំនួន ១០ទីតាំងផ្សេងគ្នា នៅតាមបណ្តោយព្រំដែន កម្ពុជា-វៀតណាម ក្នុងចំណុចដែលភាគីទាំងពីរមិនទាន់ឯកភាពគ្នានៅឡើយ ស្ថិតក្នុងភូមិសាស្ត្រព្រំដែនជាប់ខេត្តកណ្តាល។

សារព័ត៌មានVOD បានស្រង់ប្រសាសន៍របស់អភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ ដោយអះអាងនៅថ្ងៃទី២២ខែកញ្ញាថា វៀតណាមបានប្រែក្លាយពីជម្រក ជាតង់ ទៅជាការសាងសង់សំណង់រឹងមាំពីថ្ម និងពីឈើ ដោយប្រក់ស័ង្កសី ចំនួន១០ទីតាំងហើយ។ ប្រភពដដែលបន្តថា ដោយឡែកជម្រកជាតង់កៅស៊ូ ដែលយោធាវៀតណាម បោះនៅទីតាំងមិនទាន់ឯកភាពគ្នាមានចំនួនជិត២០កន្លែងផ្សេងទៀតតាមបណ្តោយព្រំដែនជាប់ខេត្តកណ្តាលរបស់ខ្មែរ។

អភិបាលខេត្តកណ្តាលដែលទើបនឹងឡើងកាន់តំណែងរូបនេះបញ្ជាក់ថា ភាគីកម្ពុជានៅតែទទូចឱ្យវៀតណាមរុះរើសំណង់រឹងមាំនិងតង់ទាំង២៧ទីតាំងនៅតំបន់មិនឯកភាពគ្នាក្នុងស្រុកលើកដែក និងស្រុកកោះធំ នោះចេញវិញឱ្យអស់ ប៉ុន្តែភាគីវៀតណាមថាត្រូវរង់ចាំចប់ជំងឺកូវីដ១៩ សិន។

ក្នុងកិច្ចប្រជុំកំពូលអាស៊ាន កាលពីពេលកន្លងទៅ វៀតណាមដែលជាប្រធានប្តូរវេណអាស៊ាន បានលើកឡើងថាភាគីចិន បានយកឱកាសនៃវិបត្តិជំងឺកូវីដ១៩ ដើម្បីឈ្លានពានតំបន់ជម្លោះសមុទ្រចិនខាងត្បូង និងបណ្តាប្រទេសដែលមានព្រំដែនជាមួយខ្លួន។ 

ដូចគ្នានេះដែរ អ្នកវិភាគក៏ធ្លាប់លើកឡើងថា វៀតណាមក៏ទាញយកឱកាសកូវីដ១៩នេះ ដើម្បីឈ្លានពានអធិបតេយ្យភាពកម្ពុជាផងដែរ។

មន្ត្រីយោធាជាន់ខ្ពស់ទទួលបន្ទុកការពារព្រំដែនកម្ពុជាធ្លាប់អះអាងថា តាំងពីជំងឺកូវីដ១៩ បានផ្ទុះឡើង ភាគីយោធាវៀតណាមបានបោះតង់ចំនួនជិត៣០០ទីតាំង នៅតំបន់ដែលមិនទាន់ឯកភាពគ្នា។

ប្រធានគណៈកម្មការកិច្ចការព្រំដែន និងអន្តោប្រវេសន៍នៃគណបក្សសង្រ្គោះជាតិនៅក្រៅប្រទេសលោក អ៊ុំ សំអាន ធ្លាប់បានទាមទារឱ្យរដ្ឋាភិបាលប្រើកម្លាំងទៅបណ្តេញយោធាវៀតណាម ដែលបោះតង់នៅតាមបន្ទាត់ព្រំដែនកម្ពុជាចំណុចមិនទាន់ឯកភាពគ្នា ឱ្យដូចគ្នាទៅនឹងព្រឹត្តការណ៍ដែលលោក ហ៊ុន សែន បញ្ចេញទ័ពទៅទប់ទល់ការឈ្លានពានរបស់ភាគីថៃកាលពីឆ្នាំ២០០៨ និង ឡាវ កាលពីឆ្នាំ២០១៧។

ដោយឡែកចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ ធ្លាប់ជំរុញឱ្យរដ្ឋាភិបាលលោកហ៊ុន សែន ប្រើយន្តការអន្តរជាតិរួមមានអង្គការសហប្រជាជាតិ យន្តការអាស៊ាន និងកិច្ចព្រមព្រៀងសន្តិភាពក្រុងបារីសជាដើម ដើម្បីតតាំងជាមួយភាគីវៀតណាមចំពោះការរំលោភអធិបតេយ្យភាពកម្ពុជាពេលនេះ។

លើសពីនេះ ពួកគេក៏ជំរុញឱ្យរដ្ឋាភិបាលលើកយកករណីនេះ និងការរំលោភយកដែនសមុទ្រ ព្រមទាំងដែនកោះមួយចំនួនរបស់កម្ពុជាពីសំណាក់ភាគីវៀតណាមកន្លងមក ដើម្បីប្តឹងទៅតុលាការអន្តរជាតិទៀតផង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស